ជនជាតិកូរ៉េ ២៣នាក់ ត្រូវបានតុលាការឃុំខ្លួន ពាក់ព័ន្ធ និងករណី លួចបើកលេងល្បែងស៊ីសង

ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០១៦ នេះ បានសម្រេចឃុំខ្លួន បុរសជនជាតិកូរ៉េចំនួន ២៣នាក់ ដែលត្រូវបានចោទប្រកាន់ពីបទ បើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ និងភ្នាក់ងារល្បែងស៊ីសង ក្នុងភូមិគ្រឹះពីរកន្លែង ក្នុងរាជធានីភ្នំពេញ។

ជនសង្ស័យជនជាតិកូរ៉េ ទំាង២៣នាក់នេះ ត្រូវបានកម្លាំងនគរបាលប្រឆាំងភេវកម្មក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួន នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងភូមិគ្រឹះពីរ កន្លែងដោយសង្ស័យថា ជាក្រុមជំរិតទារប្រាក់តាម ប្រព័ន្ធអ៊ីធឺណេត។ ក្នុងប្រតិបត្តិការ បង្ក្រាបនេះ សមត្ថកិច្ចបានឆែកឆេរភូមិគ្រឹះទី១ នៅទីតាំងលេខ១៥ ក្នុងបុរីពិភពថ្មី សំរោងអណ្ដែត ចាប់ខ្លួនបាន មនុស្សចំនួន ១២នាក់ និងភូមិគ្រឹះទី២ នៅទីតាំងលេខ២៧ ក្នុងបុរីពិភពថ្មី ចាប់ខ្លួនមនុស្សចំនួន ១១នាក់ និងដកហូតសម្ភារៈ ពាក់ព័ន្ធមួយចំនួនរួមមាន កុំព្យូទ័រ ភ្ជាប់ប្រព័ន្ធអ៊ីនធឺណិត ជាច្រើនគ្រឿង និងសម្ភារៈផ្សេងទៀត។

ក្រោយការស៊ើបអង្កេត និងសាកសួរពីមន្រ្តីជំនាញ បុរសជនជាតិកូរ៉េ ទំាង២៣នាក់នេះ ត្រូវបាននគរបាល នាយកដ្ឋានប្រឆាំងភេរវកម្ម ក្រសួងមហាផ្ទៃ បញ្ជូនមកអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ដោយភ្ជាប់សេចក្ដីសន្និដ្ឋាន ចោទប្រកាន់ពីបទ បើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ និងភ្នាក់ងារល្បែងស៊ីសង៕

ជនជាតិកូរ៉េ ២៣នាក់ ត្រូវបានតុលាការឃុំខ្លួន ពាក់ព័ន្ធ និងករណី លួចបើកលេងល្បែងស៊ីសង