រមណីយដ្ឋាន​កោះ​ខ្សាច់​សេកុង​ក្រុង​ស្ទឹងត្រែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អំឡុង​ចូល​ឆ្នាំ​ចិន

រមណីយដ្ឋាន​ថ្មី​មួយ​ឈ្មោះ​ថា រមណីយដ្ឋាន​កោះ​ខ្សាច់​សេកុង ដែល​ផុស​នៅ​កណ្ដាល​ទន្លេ​សេកុង​ក្រុង​ស្ទឹងត្រែង កំពុង​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន។ ពលរដ្ឋ​ខេត្ត​ស្ទឹងត្រែង សម្ដែង​មោទនភាព​ចំពោះ​រមណីយដ្ឋាន​នោះ ដែល​បដិសន្ធិ​ក្រោម​ការ​ជ្រោមជ្រែង​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​ស្ទឹងត្រែង។

ភ្ញៀវ​ទេសចរ​ដ៏​ច្រើន​លើសលប់ បាន​សម្រុក​មក​កម្សាន្ត​នៅ​រមណីយដ្ឋាន​ធម្មជាតិ​កោះ​ខ្សាច់​សេកុង ក្រុង​ស្ទឹងត្រែង ឋិត​នៅ​ចំ​កណ្ដាល​ទន្លេ​សេកុង ឆ្ងាយ​ពី​ទី​រួម​ខេត្ត​ប្រមាណ​ជាង ៤​គីឡូម៉ែត្រ។ កោះ​នោះ​មាន​ទំហំ​ប្រហែល ៤​ហិកតារ អម​ដោយ​ទឹក​ព័ទ្ធ​ជុំវិញ​ថ្លាឈ្វេង និង​មាន​កន្លែង​អង្គុយ​ជាង ១០០​រោង​ដាក់​ត្រៀម​សម្រាប់​ភ្ញៀវ​មក​កម្សាន្ត។

ពលរដ្ឋ​រស់នៅ​ក្រុង​ស្ទឹងត្រែង កញ្ញា រស់ ផល្លី ចាត់​ទុក​រមណីយដ្ឋាន​ដ៏​ថ្មី​ស្រឡាង​នោះ ថា​មិន​ត្រឹម​តែ​បង្កើត​បរិយាកាស​រីករាយ​ដល់​ពលរដ្ឋ​ទេ តែ​ថែម​ទាំង​បង្កើន​នូវ​ប្រាក់​ចំណូល​ដល់​ប្រជាជន​នៅ​មូលដ្ឋាន​តាម​រយៈ​ការ​លក់​សម្ភារៈ និង​អាហារ​ហូប​ចុក ជាដើម។ ទោះ​យ៉ាង​ណា​ក៏ដោយ កញ្ញា​ចង់​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចូលរួម​ថែ​រក្សា​បរិស្ថាន​អនាម័យ ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​បរិស្ថាន​ទន្លេ៖ «សម្រាប់​អ្នក​ចង់​មក​ទស្សនា​នៅ​កោះ​ខ្សាច់​ហ្នឹង វា​មាន​ច្រើន​យ៉ាង។ ផ្លូវ​ធ្វើ​ចុះ​តាំង​ពី​ដើម​រហូត​ចុះ​មក​ដល់​កោះ​ខ្សាច់​ហ្នឹង។ យើង​អាច​ធ្វើ​ដំណើរ​មិន​ថា​ជិះ​ម៉ូតូ មិន​ថា​ជិះ​ឡាន គឺ​មក​បាន​ទាំងអស់»

បុរស​ជនជាតិ​វៀតណាម លោក តួ ធី ដែល​កំពុង​ញ៉ាំ​អាហារ​នៅ​កោះ​ខ្សាច់​សេកុង ស្នើ​ឲ្យ​មន្ទីរ​ទេសចរណ៍ បង្កើត​ឲ្យ​មាន​រមណីយដ្ឋាន​នេះ​នៅ​ឆ្នាំ​ក្រោយ​ទៀត បន្ទាប់​ពី​កោះ​ខ្សាច់​នេះ​មិន​អាច​ធានា​បាន​នូវ​ទឹក​ខែ​វស្សា​ទេ៖ «ទេសចរណ៍​នៅ​នេះ គឺ​ស្អាត នាំ​កូន​ចៅ​ដើរ​លេង​មិន​កន្លែង​នេះ។ សូម​ឆ្នាំ​ក្រោយ​ឲ្យ​វា​អ៊ូអរ​ថែម​ទៀត»

រមណីយដ្ឋាន​កោះ​ខ្សាច់​សេកុង ឋិត​នៅ​ភូមិ​ស្រះឫស្សី សង្កាត់​ស្រះឫស្សី ក្រុង​ស្ទឹងត្រែង ដែល​បដិសន្ធិ​ឡើង​ដោយ​មាន​ការ​ចង្អុល​បង្ហាញ​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​ស្ទឹងត្រែង និង​ពលរដ្ឋ​នៅ​មូលដ្ឋាន បាន​ចំណាយ​ថវិកា​ប្រមាណ​ជាង ៤​ម៉ឺន​ដុល្លារ ហើយ​បាន​ចាប់​ផ្ដើម​បើក​ឲ្យ​ដំណើរ​ការ​កាល​ពី​ខែ​មករា ឆ្នាំ​២០១៦ គោល​បំណង​ដើម្បី​ផ្តល់​ឱកាស​ការងារ​ដល់​យុវជន និង​បង្កើន​ប្រាក់​ចំណូល​ដល់​ពលរដ្ឋ​ខេត្ត​ស្ទឹងត្រែង។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន ដែល​ជា​អ្នក​ផ្ដើម​គំនិត​រៀបចំ​ឲ្យ​មាន​រមណីយដ្ឋាន​កោះ​ខ្សាច់​សេកុង​នោះ ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​មក​ទស្សនា​ខេត្ត​ស្ទឹងត្រែង នៅ​ឆ្នាំ​នេះ​កើន​ជាង​ឆ្នាំ​មុន​ទ្វេ​ដង។ លោក​ថា ក្នុង​រយៈពេល ១​ថ្ងៃ​ដំបូង​នៃ​បុណ្យ​ចូល​ឆ្នាំ​ចិន មាន​ភ្ញៀវ​មក​កម្សាន្ត​ទីនេះ​ជាង ៥​ពាន់​នាក់។ លោក​បន្ត​ថា មន្ទីរ​បាន​រៀបចំ​វិធានការ​គោលដៅ​សំខាន់ ៤​ចំណុច​រួម​មាន រៀបចំ​សណ្ដាប់ធ្នាប់ ពង្រឹង​គុណភាព​សេវាកម្ម ការពារ​ផល​ប៉ះពាល់​បរិស្ថាន សុវត្ថិភាព​ភ្ញៀវ​ទេសចរ និង​កំណត់​តម្លៃ​នៃ​ម្ហូប​អាហារ៖ «គឺ​យើង​គិតគូរ​ពី​តម្លៃ​នៃ​ម្ហូប​អាហារ ព្រោះ​យើង​អត់​ចង់​ឲ្យ​ពលរដ្ឋ​នៅ​ទីនេះ យើង​ផ្តល់​ឱកាស​មុខ​របរ​ជូន​គាត់ មិន​ចង់​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ភ្ញៀវ។ គឺ​កំណត់​តម្លៃ​មួយ​សមរម្យ​អាច​ទទួល​យក​បាន នេះ​ជា​គោលដៅ។ មន្ទីរ​ទេសចរណ៍​បាន​ណែនាំ​ឲ្យ​អ្នក​លក់​ដូរ​ទាំងអស់ ជាពិសេស​គឺ​ចេញ​មក​ពី​ពលរដ្ឋ​តែ​ម្តង»

លោក លោក អ៊ន់ ប៉ោសឿន ចាត់​ទុក​ការ​បង្កើត​រមណីយដ្ឋាន​ថ្មី​នោះ ថា​ជា​ជំហាន​ជោគជ័យ​ថ្មី​មួយ​ទៀត​សម្រាប់​មន្ទីរ​ទេសចរណ៍ និង​ដៃគូ​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន ដែល​ជា​ផ្នែក​មួយ​ចូលរួម​បម្រើ​ផល​ប្រយោជន៍​ឯកជន ឬ​ពលរដ្ឋ​នៅ​ខេត្ត​ស្ទឹងត្រែង។ លោក អ៊ន់ ប៉ោសឿន នៅ​មិន​ទាន់​កំណត់​ទិន្នន័យ​ជាក់លាក់​នៅ​ឡើយ​ទេ​ចំពោះ​ចំនួន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ចិន នេះ​នៅ​ទូទាំង​ខេត្ត​ស្ទឹងត្រែង៖ «ការ​បង្កើត​រមណីយដ្ឋាន​ក្នុង​គោល​បំណង​ដើម្បី​បម្រើ​ផល​ប្រយោជន៍​អ្នក​ភូមិ។ ពលរដ្ឋ​នៅ​ទីនេះ​ផ្ទាល់ គាត់​មាន​ឱកាស​បង្កើត​ការងារ​ជូន​ពួក​គាត់។ ភ្ញៀវ​ទេសចរ​គេ​មក​លេង​គាត់​អាច​រក​ចំណូល​បាន»

តួលេខ​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ស្ទឹងត្រែង ឆ្នាំ​២០១៥ បង្ហាញ​ថា ភ្ញៀវ​ទេសចរ​មក​ទស្សនា​នៅ​ខេត្ត​ស្ទឹងត្រែង ឆ្នាំ​២០១៥ មាន​ចំនួន​ជាង ១០​ម៉ឺន​នាក់ គឺ​កើន​ឡើង​ជាង​ឆ្នាំ​២០១៤ ជាង ២០​ភាគរយ។ មន្ទីរ​ទេសចរណ៍​ខេត្ត​ស្ទឹងត្រែង រំពឹង​ថា នៅ​ឆ្នាំ​២០១៦ នេះ ចំនួន​ភ្ញៀវ​ទេសចរ​នឹង​កើន​ឡើង ខណៈ​សក្ដានុពល​រមណីយដ្ឋាន​ធម្មជាតិ​ខេត្ត​នេះ កំពុង​កើន​ឡើង​ជា​បន្តបន្ទាប់។

ខេត្ត​ស្ទឹងត្រែង មាន​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​ចំនួន ២៧​កន្លែង ក្នុង​នោះ​មាន​រមណីយដ្ឋាន​ទេសចរណ៍​ចំនួន ៧​កន្លែង ដែល​ផ្តល់​សក្ដានុពល​ខ្លាំង គឺ​រមណីយដ្ឋាន​ធម្មជាតិ​បុប្ផា​ភ្លុក រមណីយដ្ឋាន​អូរឫស្សី​កណ្ដាល រមណីយដ្ឋាន​អន្លង់​ផ្សោត​ឈើ​ទាល រមណីយដ្ឋាន​សហគមន៍​អេកូ​ទេសចរណ៍​បូរី​អូរ​ស្វាយ រមណីយដ្ឋាន​កោះ​ខ្សាច់​សេកុង សហគមន៍​អេកូ​ទេសចរណ៍​វើន​សៀន និង​សហគមន៍​អេកូ​ទេសចរណ៍​អាហារ​ត្មាត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។