ឃាត់ខ្លួន​បក្សពួក​ភាគី​បង្ក​ពីរ​នាក់ បញ្ជូនទៅ​តុលាការ​ក្រោយពី​ចាក់​គូទំនាស់​ស្លាប់​២​នាក់ នៅ​ស្រុក​បាទី

ខេត្តតាកែវ: បន្ទាប់ពី​មាន​ករណី​ចាក់​សម្លាប់​គ្នា​ទៅវិញទៅមក​ធ្វើអោយ​ស្លាប់បាត់​បង់ជីវិត​មនុស្ស​២​នាក់ រួចមក នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៦ កម្លាំង​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ខេត្ត​បាន​ចុះ​សហ​ការណ៍​ជាមួយ​ប៉ូលិស​ជំនាញ​ស្រុក​បាទី​ធ្វើការ​ស្រាវជ្រាវ​រក​ជន​ដៃដល់​ម​ន្ថែ​ម រហូត​ឃាត់ខ្លួន​បាន​មនុស្ស​២​នាក់​ដែលជា​សាច់ញាតិ​ភាគី​រងគ្រោះ​ទាំង​២​។​
 
​លោក ហុន ហែម នាយ រងការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ខេត្ត​បានអោយដឹងថា​គ្រួសារ​រងគ្រោះ​ទាំង​២​ធ្លាប់មាន​គុំនុំ​ជាមួយគ្នា​យូរ​មកហើយ ដែល​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ទាំង​២​អ្នកមាន​ឈ្មោះ ស៊ុំ មុន្នី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​ប្អូនបង្កើត​របស់​ឈ្មោះ ស៊ុំ សី​នឿន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ដែល​បាន​ស្លាប់ រីឯ​ម្នាក់ទៀត​ឈ្មោះ ឯម ពៅ ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជា​ប្អូន​របស់​ឈ្មោះ ឯម កាត់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ដែល​បាន​ស្លាប់ ។​បន្ទាប់ពី​សាកសួរ​ទៅលើ​សាក្សី​ជាច្រើន​អ្នក​ដែល​នៅ​កន្លែងកើតហេតុ ទើប​ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ​តែម្ដង​។​

​តាម​សម្តី​សាក្សី​ដែល​នៅ​កន្លែងកើតហេតុ​បាន​និយាយ​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា កាលពី​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​ម្កាក់ ឃុំ​ចំប៉ី ស្រុក​បាទី ខេត្តតាកែវ មាន​ចាក់ធុងបាស​រាំលេង​ដោយ​រៀបចំ​ផឹកស៊ី​ថែមទៀត​ផង លុះដល់​ម៉ោង​២២​និង​៤៥​នាទី ជនបង្ករ​ឈ្មោះ ស៊ុំ ស៊ី​នឿន បាន​ដេញ​កាប់ ទៅលើ​ឈ្មោះ ឯម កាត់ យ៉ាង​កំ​រ៉ោ​ល បើទោះបី​ជាមាន​បងប្អូន​ក្នុងភូមិ​ឃាត់​យ៉ាងណា​ក៏​អត់​ស្ដាប់​ដែរ ដោយ​កាប់​ចាក់​គ្នា​ទៅវិញទៅមក និង​មាន​បងប្អូន​ជួយ​រៀងៗ​ខ្លួន ពេលនោះ ជនរងគ្រោះ​ឈ្មោះ ឯម កាត់ ត្រូវ​ប្រពន្ធ​នាំទៅ​ដល់ផ្ទះ​ក៏​ស្លាប់ទៅ ចំណែក​ជនបង្ករ​ឈ្មោះ ស៊ុំ ស៊ី​នឿន រងរបួស​ធ្ងន់​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅដល់​មន្ទី​ពេទ្យ​បង្អែក ស្រុក​បាទី​ក៍​ដាច់ខ្យល់​ស្លាប់ តែម្ដង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​អ្នក ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕​