ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ​៖ ​ក្មេង​ស្រី​ជំ​ទង់​​អាយុ​១៤​ឆ្នាំ​ម្នាក់ ​បាន​បាត់ខ្លួន​រយៈ​ពេល​២​ថ្ងៃ​មក​ហើយ ​ត្រូវ​បាន​ឪពុក​ម្តាយ​កាន់​រូបថត​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​​នគ​រ​បាល​រដ្ឋ​​បាល​ទួល​សង្កែ​ កាលពី​វេលា​ម៉ោង​១​សៀ​ល​ថ្ងៃ​ទី​១០ ​ខែ​កុ​ម្ភៈ ​ដើម្បី​ឱ្យ​​សមត្ថកិច្ច​ជួយ​រក​ ។

ក្មេង​ស្រី​ដែល​បាត់​ខ្លួន​ត្រូវ​បាន​ក្រុម​គ្រួសារ​ឱ្យ​ដឹង​​ថា ឈ្មោះ ជួរ ស្រី​ម៉ី​ អាយុ​១៤​ឆ្នាំ ​ជា​អ្នក​ជួយ​លក់ដូរ​ឱ្យ​ម្តាយមីង មាន​ម្តាយ ​ឈ្មោះ ​ជៀម ច័ន្ទ ​អាយុ​៤៥​​ឆ្នាំ​ ជា​កម្មការិនី​កាត់ដេរ​ និង​ឪពុក​ឈ្មោះ​ ជួរ កុសល ​អាយុ​៤៨​ឆ្នាំ​ ជា​ជាង​ផ្ទះ ស្នាក់​នៅផ្ទះ​ជួល​ក្រុមទី​៧ ភូមិ​ទួល​គោក ​សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សី​កែវ​ ។

​​ស្ត្រី​ជា​ម្តាយ​បាន​និយាយ​​ថា កូនស្រី​របស់​គាត់ បាន​ស្នាក់​នៅ​ជួយ​លក់ដូរ​ម្តាយមីង​នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ហើយ​ទើបតែ​ត្រឡប់​មក​លេង​ផ្ទះ​នៅ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ចិន-វៀតណាម​នេះ​ ។ នៅ​វេលា​ម៉ោង​៦​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​៨ ​ខែ​កុ​ម្ភៈ ​នាង​បាន​សុំ​ប្រាក់​ចំនួន​៤​ពាន់​រៀល​ទៅ​ហូប​បង្អែមជាមួយ​មិត្តភក្តិ​ ​ស្រាប់​តែ​​បាត់​រហូត​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ ទូរស័ព្ទ​​ក៏​មិន​ចូល ​និង​ដើរ​រក​គ្រប់​ទីកន្លែង​​ក៏​មិនឃើញ​ទៀត ។

ស្ត្រី​ជា​ម្តាយ​បន្ត​​​ថា កន្លង​មក ​កូនស្រី​គាត់​មិន​ដែល​មានរឿង​អ្វី ឫក៍​ខឹង​​​ឪពុក​ម្តាយ​នោះ​ទេ​ ។​ បន្ទាប់​ពី​បាត់​ខ្លួន​ ពួក​គាត់​ក៍បាន​​សម្រេច​ចិត្ត​យក​រូបថត​មក​ប្តឹង​នគរបាល​ប៉ុស្តិ៍​ឱ្យ​​ជួយ​រកតែ​ម្តង ​។

តាម​ប្រភព​​ព័ត៌​មាន​​បាន​ឱ្យ​ដឹង​ទៀត​ថា ​បន្ទាប់​ពី​ដាក់​ពាក្យបណ្តឹង​​រួច​ហើយ បងប្រុស​បាន​ព្យាយាម​​ទូរស័ព្ទ​ចូល​ហើយ ​ត្រូវ​ក្មេង​ស្រី​និយាយ​ថា​ ខ្លួន​មិន​ចូល​ផ្ទះ​វិញ​ទេ​ ដោយ​មូលហេតុ​ខឹង​​នឹង​ឪពុក​ម្តាយ ព្រមទាំង​និយាយ​ថា ចង់​តែ​លោតទឹក​​សម្លាប់​ខ្លួន​​ទេ រួច​​ក៏​បិទ​ទូរស័ព្ទ​​​​ទៅ ៕​​