ជំនឿ​លើ​របាំ​ម៉ុងសាយ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន

រៀងរាល់​រដូវ​កាល​ចូល​ឆ្នាំ​ចិន​ម្តងៗ ក្រៅ​ពី​ការ​រៀបចំ​នំ​ចំណី ផ្លែឈើ ជ្រូក​ខ្វៃ មាន់ ទា ទៀន ធូប ផ្កា​អង្គាសីល សម្រាប់​សែនព្រេន និង​មាន​បិទ​ក្រដាស​ពណ៌​ក្រហម​មាន​អក្សរ​ចិន តាម​ជញ្ជាំង រួម​ទាំង​ការ​ដាក់​តាំង​គោម និង​វត្ថុ​តាំង​លម្អ​ជា​ច្រើន​ទៀត​នៅ​តាម​ដង​ផ្លូវ អគារ ផ្សារ​ទំនើប​នោះ គេ​សង្កេត​ឃើញ​មាន​ពិធី​សំខាន់​មួយ​ទៀត គឺ​ការ​ឡក​ម៉ុងសាយ។ តើ​ការ​ឡក​ម៉ុងសាយ​មាន​អត្ថន័យ​យ៉ាង​ណា និង​មាន​ការ​ពេញ​និយម​យ៉ាង​ណា​ខ្លះ​នៅ​ឆ្នាំ​នេះ?

ម៉ុងសាយ​ជា​ក្រុម​របាំ​ប្រពៃណី​ចិន មួយ​រួម​សម្ដែង​ដោយ​សិល្បករ​ពាក់​ក្រណាត់​ឆ្នៃ​ជា​រូប​តោ​ហក់​លោត​ចុះ​ឡើង​នៅ​លើ​បង្គោល​ដែក ធ្វើ​ត្រាប់​តាម​កាយ​វិការ​សត្វ​តោ​ពិតៗ បូក​បញ្ចូល​ក្បាច់​គុណ​ពិសេសៗ​ជា​ច្រើន​ទៀត អម​ដោយ​អ្នក​វាយ​ស្គរ​លាន់​ទ្រហឹង​អឺងកង​ឲ្យ​ស៊ី​ទៅ​នឹង​ចង្វាក់​នៃ​ការ​លោត​ផ្លោះ​របស់​តោ។ ការ​ឡក​ម៉ុងសាយ គឺ​មាន​ការ​ពេញ​និយម​បំផុត​នៅ​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន។

ជាក់ស្ដែង សមាគម​និកាយ​ចិន​ទាជីវ​កម្ពុជា ដែល​មាន​សមាជិក​លោត​ម៉ុងសាយ​ប្រមាណ​ជា ៨០​នាក់ ហើយ​ជា​ទូទៅ​ត្រូវ​បាន​គេ​ជួល​ឲ្យ​ទៅ​សម្ដែង​នៅ​ពេល​រដូវ​កាល​ចូល​ឆ្នាំ​ចិន ឬ​ពេល​សម្ពោធ​ហាង​ថ្មី​នានា។

គ្រូ​បង្វឹក​លោត​ម៉ុងសាយ​នៃ​សមាគម​និកាយ​ចិន​ទាជីវ​កម្ពុជា គឺ​លោក ប៊ុណ្ណា មាន​ប្រសាសន៍​ថា ក្នុង​រដូវ​កាល​ចូល​ឆ្នាំ​ចិន ម្ដង គឺ​ក្រុម​ម៉ុងសាយ​របស់​លោក​មាន​ការ​មមាញឹក​ខ្លាំង ដោយសារ​អតិថិជន​ជួល​ទៅ​ឡក​នៅ​តាម​គេហដ្ឋាន ក្រុមហ៊ុន រោងចក្រ​ជាដើម។ លោក​ថា ប្រជាពលរដ្ឋ​ខ្មែរ​ជាប់​សែស្រឡាយ​ចិន មាន​ជំនឿ​ថា ម៉ុងសាយ គឺ​ជា​តំណាង​សត្វ​តោ​ដែល​មាន​ឫទ្ធិ​ខ្លាំងក្លា អាច​បណ្ដេញ ឬ​កម្ចាត់​ភាវៈ​អាក្រក់​ឧបទ្រព​ចង្រៃ​ទាំងពួង ដើម្បី​នាំ​មក​នូវ​សិរី​សួស្ដី​នាំ​លាភ​នាំ​ជ័យ​ក្នុង​ឆ្នាំ​ថ្មី៖ «នេះ​គឺ​ជា​វប្បធម៌​ប្រពៃណី​ចិន ដែល​គេ​ហៅ​ម៉ុងសាយ ទៅ​លេង​ក្នុង​ផ្ទះ​របស់​គេ ដើម្បី​បណ្ដេញ​ឧបទ្រព​ចង្រៃ ហើយ​នាំ​មក​នូវ​សំណាង​ល្អ»

​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ម្ដងៗ ក្រុម​ម៉ុងសាយ​នៅ​កម្ពុជា ក៏​បាន​ចូល​ឡក​នៅ​ក្នុង​ព្រះបរមរាជវាំង សុំ​ប្រទាន​ពរជ័យ​សិរី​សួស្ដី និង​សេចក្ដី​សុខ​ចម្រើន​ថ្វាយ​ដល់​អង្គ​ព្រះមហាក្សត្រ​ខ្មែរ​ដែរ។

ម៉ុងសាយ ៨៥៥ ២០១៦
ពិធី​ឡក​ម៉ុងសាយ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៨ កុម្ភៈ ឆ្នាំ​២០១៦។ RFA/Tha Kitya

ម៉ុងសាយ​មួយ​គេ​ត្រូវការ​ឲ្យ​មាន​អ្នក​រាំ​ចំនួន​ពីរ​នាក់ ម្នាក់​គឺ​នៅ​ក្បាល​តោ និង​ម្នាក់ទៀត​នៅ​កន្ទុយ​តោ។ រាំ​ម៉ុងសាយ​គេ​មិន​ងាយ​ឃើញ​មុខ​អ្នក​រាំ​ទេ ព្រោះ​គ្រប​ជិត​ដោយ​សម្លៀក​បំពាក់​តោ។

លោក ប៊ុណ្ណា មិន​បង្ហើប​ឲ្យ​ដឹង​ពី​តម្លៃ​នៃ​ការ​ជួល​ម៉ុងសាយ​នេះ​ឡើយ ប៉ុន្តែ​គេ​អា​ចរក​ជួល​បាន​នៅ​តាម​សមាគម​ខ្មែរ-​ចិន ឬ​សាលារៀន​ចិន។ ក្រុម​សិល្បករ​របាំ​តោ​នេះ តែងតែ​ប្រមូល​គ្នា​ហ្វឹកហាត់ ៣ ទៅ ៤​ខែ នៅ​មុន​ពេល​ពិធី​បុណ្យ​ចូលឆ្នាំ​ចិន មក​ដល់។

គ្រូ​បង្វឹក​លោត​ម៉ុងសាយ លោក ប៊ុណ្ណា ឲ្យ​ដឹង​ដែរ​ថា បើ​ទោះ​ក្រុម​របាំ​តោ បាន​ហ្វឹកហាត់​ស្ទាត់​ជំនាញ​ក្នុង​ការ​លោត​ហក់​យ៉ាង​ណា​ក្ដី ប៉ុន្តែ​នៅ​មាន​តែ​ភ្លាត់ស្នៀត​ធ្លាក់​ចុះ​ដី​រង​របួស​នៅ​ពេល​កំពុង​ឡក​នៅ​លើ​ដែក​ម្តងៗ៖ «ជា​ទូទៅ​ពេល​សម្ដែង​ម្តងៗ គឺ​ចេះ​តែ​មាន​ហើយ​ការ​ធ្លាក់​អី​ហ្នឹង ព្រោះ​វា​ជា​ការ​ហាត់»

​សមាជិក​ក្រុម​ម៉ុងសាយ នៃ​សមាគម​និកាយ​ចិន​ទាជីវ​កម្ពុជា លោក លី ហ៊ួ បាន​ហាត់​លោត​ម៉ុងសាយ ពីរ​ឆ្នាំ​ហើយ។ លោក​បញ្ជាក់​ថា ការ​លោត​ម៉ុងសាយ គឺ​ជា​ចំណង់​ចំណូល​ចិត្ត​របស់​លោក ហើយ​អាច​រក​ចំណូល និង​រៀន​ភាសា​ចិន នៅ​សមាគម​ដោយ​មិន​បង់លុយ​ទៀត​ផង៖ «ព្រោះ​ម៉ុងសាយ ផ្ដល់​ប្រាក់កម្រៃ​អោយ​ខ្ញុំ ពេល​លោត​ធម្មតា ហើយ​អត់​គិត​ថ្លៃ​បង់​សាលារៀន​ចិន»

​ទោះជា​យ៉ាង​ណា​ក្តី គ្រូ​បង្វឹក​របាំ​តោ កត់សម្គាល់​ថា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ចំនួន​អ្នក​ដែល​ជួល​ក្រុម​ម៉ុងសាយ ទៅ​លោត​មាន​ការ​ថយ​ចុះ ហើយ​បច្ចុប្បន្ន​នេះ ក្រុម​លោត​ម៉ុងសាយ នៅ​សល់​តែ ៣​ក្រុម​ប៉ុណ្ណោះ៖ «ពី​មុន​មាន​ច្រើន​ក្រុម ឥឡូវ​សល់​តិច​ទេ ដែល​អាច​ទៅ​មុខ​បាន ដោយសារ​បញ្ហា​សេដ្ឋកិច្ច​ផង ដោយសារ​បញ្ហា​ផ្សេងៗ​ទៀត ដែល​មិន​អាច​និយាយ​បាន»

​អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​វប្បធម៌​ចិន បាន​ឲ្យ​ដឹង​ថា ប្រពៃណី​ទំនៀមទម្លាប់​នេះ គឺ​ជន​ជាតិ​ចិន បាន​ធ្វើ​តៗ​គ្នា​ទៅ​តាម​ការ​និទាន​រឿង​របស់​ដូនតា ឬ​កុងម៉ា​ប្រាប់​តៗ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ដែល​គេ​ជឿ​ថា ការ​លោត​ម៉ុងសាយ ជា​ការ​នាំ​ហុងស៊ុយ លើក​រាសី​បណ្ដេញ​ឧបទ្រពចង្រៃ​ក្នុង​ឆ្នាំ​ចាស់​ចេញ​អោយ​អស់​ហើយ​នាំ​មក​នូវ​សំណាង​ល្អ​ក្នុង​ឆ្នាំ​ថ្មី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។