អភិបាលខេត្ត​ខេត្តកំពង់ឆ្នាំង​ចុះសាកសួរ​សុខទុក្ខ​ជន​ជាតិចិន​រងគ្រោះ​ថា្នក់​ចរាចរណ៍​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​

​ខេត្តកំពង់ឆ្នាំង​៖ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​នៅ​ព្រឹក​ថៃ្ង​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៦ បាន​ដឹកនាំ​ក្រុមការងារ​ខេត្ត ចុះសាកសួរ​សុខទុក្ខ​លោក​ហុង គីន​ជន ជាតិចិន នៅក្នុង​មន្ទីរពេទ្យ​ពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង ដែល​រងគ្រោះថ្នាក់​ចរាច​រណ៍​កាលពី​ម៉ោង​៥​ល្ងាច ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅលើ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​ផ្សារ​ឃុំ​ផ្សារ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។​

លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​មានប្រសាសន៍​ដោយ​សូម​ចូលរួម​សោកស្តាយ និង​ចូលរួម​រំលែក​ទុក្ខ​ដល់​ជនជាតិ​ចិន​២​នាក់​ដែល​បាន​ស្លាប់ ដោយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នោះ​។ លោក​បាន​ជំរុញ​ឲ្យ​លោក​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង ត្រូវ​យកចិត្តទុកដាក់​ពិនិត្យ​និង​ព្យាបាល​របួស​ជនរងគ្រោះ​អោយបាន​ល្អ​។ ទន្ទឹមនេះដែរ​លោក​បាន​ជំ​រុញអោយ​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍​ខេត្ត និង​នគរបាល​មូលដ្ឋាន​កសាង​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បញ្ជូនមក​តុលាការខេត្ត ដើម្បី​ដោះស្រាយ​អោយបាន​ត្រឹមត្រូវ​តាមច្បាប់​។​

ដោយឡែក​នៅវេលា​ម៉ោង​១០ និ​៤៥​នាទី​ព្រឹក​ថៃ្ង​ទី​៨ ខែកុម្ភៈ ដោយមាន​ការស្នើសុំ​ពី​លោក HuangYuYung ជា​អ្នកទទួលខុសត្រូវ​លើ​ជនរងគ្រោះ បានធ្វើ​លិខិតធានា​សុំ​យក​លោក​ហុង គីន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ម៉ា​រី​យ៉ា នៅ​ទីក្រុង​ភ្នំពេញ​វិញ ក្នុងនោះដែរ លោក​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង បាន​ជួយ​សម្រួល​តាម​សំណូមពរ​របស់លោក HuangYuYung ដោយ​អោយ​រថយន្ត​សា​ម៉ុ​យ​របស់​មន្ទី​ពេទ្យ​ខេត្ត​ដឹក​ជនរងគ្រោះ​ពី​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​នៅវេលា​ម៉ោង​១០ និ​៥៥​នាទី​ទៅ​បន្ត​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទីក្រុង​ភ្នំពេញ​។​

​សមត្ថកិច្ច​នគរបាល​ខេត្ត​បានអោយដឹងថា​៖ ជនជាតិ​ចិន​ទាំង​៣​នាក់​នេះ​ធ្វើការ​នៅក្នុង​ការដ្ឋាន​ទំនប់ទឹក​អា​ចាំង​ស្រុក​បរិបូណ៌ បាន​បើករថយន្ត​ចេញពី​ការដ្ឋាន​ហើយ​បាន​ឈប់​លើ​ចិញ្ចើមផ្លូវ​ចាំ​មិត្ត​ភ័​ក្រ​មកពី​ខេត្តពោធិសាត់​។ ខណៈនោះ​មាន​រថយន្ត​បែន​ដឹក​ដី​១​គ្រឿង ស្លាក​លេខ​កំពង់ឆ្នាំង 3A-0605 បាន​បើក​វ៉ា​ជែង​គ្នា​ពេញ​ផ្លូវ​ជ្រុល​ទៅបុក​ជនរងគ្រោះ​ទាំង​៣​នាក់​បណ្តាលអោយ​ជនរងគ្រោះ​ម្នាក់​ស្លាប់​នៅ​កន្លែងកើតហេតុ ម្នាក់ទៀត​បាន​ស្លាប់​ពេល​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង និង​ឈ្មោះ​លោក ហុង គីន របួសធ្ងន់​។​

​ចំណែក​អ្នកបើករថយន្ត​បែន​ក្រោយពេល​កើតហេតុ​បាន​គេចខ្លួនបាត់ ប៉ុន្តែ​ពេលនេះ​សមត្ថកិច្ច​បាន​ស្គាល់ អត្តសញ្ញាណ​ហើយ​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន និង​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​ចាត់ការ​តាម ផ្លូវច្បាប់​៕ រិ​ទ្ធិ ជ័យ​

KA-10-02-2016-17 KA-10-02-2016-18 KA-10-02-2016-19 KA-10-02-2016-20