នៅ​ខេត្ត​ព្រះសីហនុ ភ្ញៀវ​ទេសចរណ៍ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន សរុប​ចំនួន ៧៤,២២៣ នាក់ កើនឡើង ១៧.៨៦% បើ​ធៀប​នឹង​ឆ្នាំ​២០១៥

​ខេត្ត​ព្រះសីហនុ​៖ ភ្ញៀវ​ទេសចរណ៍​ជាង​៧​ម៉ឺន​នាក់​និង​បន្តបន្ទាប់​ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​បើទោះបីជា​តម្លៃ​ផ្ទះសំណាក់ សណ្ឋាគារ​នៅតែ​បន្ត​ការឡើង​យ៉ាងណាក្តី នេះ​បើ​យោងតាម​ទូរលេខ​ពី​មន្ទី​ទេសចរណ៍ ប្រាប់​បណ្តាញ​ព័ត៌មាន​នា​ព្រលប់​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៦​។​

​លោក នូ សុផល ប្រធាន​មន្ទី​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​ឆ្នាំ​២០១៦ នា​ឆ្នាំនេះ​ចំនួន​ភ្ញៀវ​ទេសចរណ៍​នៅតែ​បន្ត​សម្រុក​មក​កម្សាន្ត​យ៉ាងច្រើន​កុះករ គ្រា​ដែល​ភ្ញៀវ​មួយចំនួន​បានធ្វើ​តំណើរ​ទៅ​កម្សាន្ត​តាម​បណ្តា​ខេត្ត ដូចជា​ខេត្តសៀមរាប កំពត​កែប ព្រះវិហារ​ជាដើម​ល​។​ល​។ បើ​យោងតាម​ទូរលេខ​ដែល​មន្ទីរ​ទេសចរណ៍​បាន​ស្រង់​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​រយៈពេល​៣​ថ្ងៃនេះ គឺមាន​សរុប​ចំនួន ៧៤,២២៣​នាក់ កើនឡើង ១៧.៨៦% បើ​ធៀប​នឹង​ឆ្នាំ​២០១៥​ឈានចូល​២០១៦​ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ៦៦,៦៥៩ នាក់ កើនឡើង​១៨.៩១%- ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ៧,៥៦៤ នាក់ កើនឡើង​៩.០៧%,​សណ្ឋាគារ​មាន ៧១ មាន ៣,២៨៩ បន្ទប់ និង​ផ្ទះសំណាក់​មាន​ចំនួន ២៦៩ មាន ៣,៦៧៣ បន្ទប់ ។​

ទាក់ទិន​ទៅនឹង​តម្លៃ​ម្ហូបអាហារ​ឆ្នាំនេះ ហាក់​ពុំមាន​ការឡើង​ថ្លៃ​នោះទេ គ្រា​ដែល​តម្លៃ​ផ្ទះសំណាក់ មានការ​ឡើងថ្លៃ​កប់​ពពក ពី​១៥​ដុល្លា ឡើង​រហូត​៤០​ដុល្លា​ក្នុង​មួយ​បន្ទប់​។ រីឯ តម្លៃ​តុ​អង្គុយ​ក្នុង​១​តុ​មានតម្លៃ​រហូត​៣០​ដុល្លា ទៅ​៤០​ដុល្លា នោះ​។ បើ​យោងតាម​ការអះអាង​ពី​ភ្ញៀវទេសច​ណ៍ ជាច្រើន​ដែល​បានមក​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​។​

ពាក់ព័ន្ធ​ទៅនឹង​សន្តិសុខ​សុវត្ថិភាព រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នេះ​ផងដែរ លោក​វរសេនីយ៍ឯក កុល ផា​លី ស្នងការរង​ទទួល​ប​ន្ទូ​ក​ព្រហ្មទណ្ឌ បាន​បញ្ជាក់ថា ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​ឆ្នាំនេះ រយៈពេល​៣​ថ្ងៃនេះ​សម្រាប់​ខេត្ត​ព្រះសីហនុ​បាន​កើតឡើង​ចំនួន​២​ករណី គឺ​ហិង្សា​ដោយ​ចេតនា​មួយ​ករណី​សមត្ថកិច្ច​បង្ក្រាបបាន ឃាត់ខ្លួន​មនុស្ស​៣​នាក់ (​ក្នុងនោះ​ជនដៃដល់​ម្នាក់​) និង អំពើ​ឆក់​១​ករណី ក៏​សមត្ថកិច្ច​ធ្វើការ​បង្ក្រាបបាន​ភ្លាមៗ​ដែរ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​១​នាក់ ឯ​នៅតាម​បណ្តោយ​ឆ្នេរ​ពុំមាន​ហេតុ​ការ​អ្វី​កើតឡើង​នោះទេ​៕ សមុទ្រ​ខៀវ​

KA-10-02-2016-29 KA-10-02-2016-27 KA-10-02-2016-28 KA-10-02-2016-26 KA-10-02-2016-25