អំឡុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន ពលរដ្ឋ​ខ្មែរ​ទៅ​កម្សាន្ដ​នៅ​បរទេស​កើនឡើង​២០%

​ក្នុងអំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម​ឆ្នាំ​២០១៦​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​ទស្សនា​នៅក្រៅ​ប្រទេស​កើន​ឡើយ​ប្រមាណ​២០​ភាគរយ​។ ហើយ​ការដើរ​កម្សាន្ត​នៅក្នុង​ស្រុក​ក៏មាន​ការកើនឡើង​ច្រើន​ផងដែរ​។ នេះ​បើតាម​ការអះអាង​របស់​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​លោក អាង គឹម​អៀង​។​

​លោក អាង គឹម​អៀង បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ទី​៩ ខែកុម្ភៈ​ម្សិលមិញ​ថា ក្នុងអំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម​ឆ្នាំ​២០១៦​នេះ ប្រជាពលរដ្ឋ​កម្ពុជា​បាន​ចេញទៅ​ដើរ​កម្សាន្ដ​នៅ​ទីក្រុង​ហុងកុង ហើយ​បន្ទាប់មក​ទៅ​ប្រទេស​ថៃ ម៉ាឡេស៊ី និង​ប្រទេស​សិង្ហ​បុរី​។ កំណើន​ប្រជាពលរដ្ឋ​ខ្មែរ​ចេញទៅ​ទីក្រុង​ហុងកុង​នេះ ដោយសារតែ​មានការ​បន្ថែម​ជើងហោះហើរ​ពិសេស និង​ការលើកលែង​ទិដ្ឋាការ​។ ប៉ុន្តែ នាឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​ឆ្នាំនេះ ពលរដ្ឋ​ខ្មែរ​ទៅ​កម្សាន្ត​នៅ​ប្រទេស​វៀតណាម​បាន​ធ្លាក់ចុះ​ជាង​ឆ្នាំមុនៗ ។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​លោក អាង គឹម​អៀង​។​

​ចំពោះ​កំណើន​ភ្ញៀវទេសចរ​ច​នៅក្នុង​ស្រុក​វិញ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​លោក នូ សុផល បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​ពីរ​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម​នេះ មាន​ភ្ញៀវទេសចរ​មក​កម្សាន្ដ​នៅក្នុង​ខេត្ដ​ព្រះសីហនុ មានការ​កើនឡើង​ជាង​ឆ្នាំមុនៗ គឺមាន​ភ្ញៀវទេសចរ​ប្រមាណ​ជិត​៥​ម៉ឺន​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ជាង​៣​ម៉ឺន​នាក់ និង​ភ្ញៀវ​អន្ដរជាតិ​ជិត​១​ម៉ឺន​នាក់​។

​ចំណែក ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​លោក សយ ស៊ី​ណុល ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​រយៈពេល​ពីរ​ថ្ងៃនេះ កំណើន​ភ្ញៀវទេសចរ​ដែល​បានមក​ទស្សនា​កម្សាន្ដ​នៅ​ខេត្ដ​កំពត មានការ​កើនឡើង​ជាង​ឆ្នាំមុន ពោលគឺ​ចំនួន​ជិត​២​ម៉ឺន​នាក់​។​

​សម្រាប់​ថ្ងៃ​ឈប់សម្រាក ឬ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នាពេលខាងមុខ ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​លោក អាង គឹម​អៀង បាន​កត់សម្គាល់ថា ពលរដ្ឋ​ខ្មែរ​នឹងមាន​គោលដៅ​ថ្មី​ក្នុង​ការដើរ​កម្សាន្ដ​នៅក្រៅ​ប្រទេស ដូចជា ប្រទេស​ជប៉ុន ដោយសារតែ​រាជរដ្ឋាភិបាល​ប្រទេស​ទាំងពីរ បាន​ចុះហត្ថលេខា​ក្នុងការ​សម្រួល​បែបបទ​ទិដ្ឋាការ​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន ហើយ​ភ្ជាប់​ការហោះហើរ​ត្រង់​ពី​ទីក្រុង​ភ្នំពេញ​ទៅកាន់​ទីក្រុង​តូ​ក្យូ​៕

​ប្រភព​៖ AKP

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​