លោក ស ខេង និង​លោក កឹម សុខា គ្រោង​ជួប​គ្នា​បន្ត​ទៀត​នៅ​ចុង​ខែ​កុម្ភៈ

តំណាង​ក្រុម​ភាគ​តិច និង​ក្រុម​ភាគ​ច្រើន​នៃ​រដ្ឋសភា គ្រោង​នឹង​ជួប​គ្នា​នៅ​ចុង​ខែ​កុម្ភៈ ទៅ​តាម​ការ​ព្រមព្រៀង​ដែល​ថា នឹង​ជួប​គ្នា ១​ខែ​ម្ដង ដើម្បី​ពិភាក្សា​ពី​ការ​វិវឌ្ឍន៍​នយោបាយ ពិសេស​គណបក្ស​សង្គ្រោះ​ជាតិ ព្យាយាម​រក​ច្រក​ដោះស្រាយ​បញ្ហា​សកម្មជន​របស់​ខ្លួន​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​នោះ។

អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត លើក​ឡើង​ថា គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ប្រើប្រាស់​យន្តការ​វប្បធម៌​សន្ទនា​ក្នុង​ការ​ជួប​ពិភាក្សា​គ្នា​នេះ មិន​ទាន់​អាច​ស្ដារ​ស្ថានការណ៍​នយោបាយ​បាន​ប្រសើរ​ឡើង​វិញ​នៅ​ឡើយ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ធ្នូ ថា តំណាង​ក្រុម​ភាគ​តិច និង​ភាគ​ច្រើន ដឹក​នាំ​ដោយ លោក កឹម សុខា និង​លោក ស ខេង នឹង​ជួប​គ្នា​ដើម្បី​ពិភាក្សា​អំពី​លទ្ធផល​ការងារ​របស់​គណបក្ស​ទាំង​ពីរ រួម​ទាំង​ដោះស្រាយ​បញ្ហា​នយោបាយ​ជា​កញ្ចប់។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​ថា ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ មិន​ទាន់​កំណត់​កាលបរិច្ឆេទ​ជួប​គ្នា​នៅ​ពេល​ណា​ច្បាស់លាស់​នៅ​ឡើយ ប៉ុន្តែ​លោក​អះអាង​ថា អាច​នឹង​ជួប​គ្នា​នៅ​ចុង​ខែ​កុម្ភៈ៖ «យើង​និយាយ​ជា​កញ្ចប់​រួម​ដែល​ឲ្យ​ឈ្មោះ​ថា ស្ថានភាព​នយោបាយ​នៃ​កម្ពុជា។ ដូច្នេះ​ស្ថានភាព​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រងគ្រោះ​កន្លង​មក​នោះ ថា​តើ​ត្រូវ​ដោះស្រាយ​របៀប​ណា? ដើម្បី​ឲ្យ​មាន​ទំនុក​ចិត្ត​គ្នា​ក្នុង​ការ​បំពេញ​ការងារ​ទៅ​មុខ»

លោក ស ខេង តំណាង​ឲ្យ​ក្រុម​ភាគ​ច្រើន និង​លោក កឹម សុខា តំណាង​ឲ្យ​ក្រុម​ភាគ​តិច​នៅ​រដ្ឋសភា បាន​ដឹក​នាំ​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​ជួប​គ្នា​កាល​ពី​ខែ​មករា កន្លង​ទៅ​នោះ មិន​ទាន់​មាន​លទ្ធផល​អ្វី​ល្អ​ជា​ដុំ​កំភួន​នៅ​ឡើយ។ របៀបវារៈ​សំខាន់​ដែល​គណបក្ស​ប្រឆាំង​ជជែក​គ្នា​ជាមួយ​គណបក្ស​កាន់​អំណាច​នោះ គឺ​ការ​ទាមទារ​ឲ្យ​ដោះ​លែង​សកម្មជន​របស់​ខ្លួន និង​ករណី លោក សម រង្ស៊ី កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស។

លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​ថា ការ​ជួប​គ្នា​នៅ​ពេល​ខាង​មុខ គឺ​គណបក្ស​ទាំង​ពីរ​នឹង​ជជែក​គ្នា​អំពី​មធ្យោបាយ​ធ្វើ​ការងារ​រវាង​គណបក្ស​ទាំង​ពីរ និង​ការ​ពង្រឹង​ស្ថាប័ន​នីតិប្បញ្ញត្តិ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ដឹង​ពេលវេលា​ជាក់លាក់​នៃ​ការ​ជួប​គ្នា​រវាង​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​នៅ​ឡើយ រហូត​មក​ទល់​ពេល​នេះ៖ «ពីព្រោះ​សប្ដាហ៍​ក្រោយ​យើង​ជួប​ប្រតិភូ អាយ.ស៊ី.យូ (ICU) លោក​អញ្ជើញ​មក ហើយ​គណបក្ស​ទាំង​ពីរ​រវល់​ជួប​គណប្រតិភូ អាយ.ស៊ី.យូ ហ្នឹង»

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ធ្វើ​ការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ពន្យល់​ថា នីតិវិធី​គណបក្ស​ទាំង​ពីរ​កំពុង​តែ​ដើរ​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ ពីព្រោះ​ថា គណបក្ស​ទាំង​ពីរ​មិន​ទាន់​អាច​ស្ដារ​ស្ថានការណ៍​នយោបាយ​ឲ្យ​វិល​ទៅ​រក​ភាព​ប្រក្រតី ដូច​នៅ​ក្រោយ​ពី​មាន​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ នៅ​ឡើយ។

នាយក​ប្រតិបត្តិ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​ថា​ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ​នូវ​អ្វី​ដែល​កើត​ឡើង​កាល​ពី​ពេល​ថ្មីៗ ដូចជា​ការ​ប្រើប្រាស់​តុលាការ​ដាក់​ទោស​ទណ្ឌ លោក សម រង្ស៊ី ការ​ប្រើ​អំពើ​ហិង្សា​លើ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ដែល​ប៉ះពាល់​ដល់​ស្ថានភាព​នយោបាយ​ប្រេះឆា​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ៖ «នេះ​ជា​រឿង​ដែល​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​មែន​ទែន ហើយ​រដ្ឋាភិបាល​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​លើ​រឿង​ហ្នឹង គឺ​ត្រូវ​ឲ្យ​ស្ថានភាព​វិល​មក​ឡើង​ប្រក្រតី​ឡើង​វិញ គឺ​ឲ្យ​មេ​ដឹក​នាំ​បក្ស​ប្រឆាំង វិល​មក​ដឹក​នាំ​គណបក្ស​របស់​គេ​ឡើង​វិញ»

នៅ​ក្នុង​កិច្ច​ប្រជុំ​រវាង​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) និង​មេ​ដឹក​នាំ​អាស៊ាន នៅ​ថ្ងៃ​ទី​១៥ និង​ថ្ងៃ​ទី​១៦ ​កុម្ភៈ នៅ​រដ្ឋ​កាលីហ្វ័រញ៉ា (California) អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ស្នើ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា ផ្ដោត​សំខាន់​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​ឱកាស​កិច្ច​ប្រជុំ​កំពូល​មេ​ដឹក​នាំ​អាស៊ាន ពីព្រោះ​ថា មេ​ដឹក​នាំ​អាស៊ាន​មួយ​ចំនួន បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​ធ្វើ​រដ្ឋ​ប្រហារ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម ហើយ​ត្រូវ​ជជែក​ជា​សាធារណៈ​នឹង​មេ​ដឹក​នាំ​អាស៊ាន​ទាំង​នោះ ដើម្បី​ឲ្យ​ដោះ​លែង​អ្នក​ទោស​នយោបាយ ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​នយោបាយ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​នយោបាយ។

លោក គល់ បញ្ញា បន្ថែម​ថា ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នឹង​មក​ដល់​នៅ​ឆ្នាំ​២០១៧ ខាង​មុខ ដូច្នេះ​ទាមទារ​ឲ្យ​ប្រទេស​មាន​ស្ថិរភាព​នយោបាយ ហើយ​រដ្ឋាភិបាល​ត្រូវ​តែ​ធានា​ឲ្យ​ពលរដ្ឋ​គ្រប់​រូប និង​បក្ស​ប្រឆាំង មាន​សេរីភាព​ពេញលេញ​នៅ​ក្នុង​ការ​សម្ដែង​មតិ និង​ករណី​ផ្សេងៗ​ទៀត ដើម្បី​ធានា​ឲ្យ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដោយ​គ្មាន​ការ​បំភិតបំភ័យ​ណា​មួយ​កើត​ឡើង។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់​ថា ការ​ជួប​គ្នា​រវាង​ក្រុម​ការងារ​ទាំង​ពីរ ក៏​នឹង​ជជែក​គ្នា​បញ្ហា​នយោបាយ​ជា​កញ្ចប់​ដែរ ពិសេស​បញ្ហា​ដែល​បាន​កើត​ឡើង​មក​លើ​គណបក្ស​ប្រឆាំង​កន្លង​មក។ តែ​ការ​ជួប​គ្នា ខាង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជូន​ដំណឹង​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា អំពី​ពេលវេលា​ពិត​ប្រាកដ​នៅ​ចុង​ខែ​កុម្ភៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។