មេដឹកនាំ​អាមេរិក​-​អាស៊ាន នឹង​ឯកភាព​លើ​គោលការណ៍​សហប្រតិបត្តិ​ការ​

​មេដឹកនាំ​អាមេរិក និង​បណ្ដា​មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ នឹង​យល់ព្រម​រួមគ្នា​លើ​គោលការណ៍​សហប្រតិបត្តិ​ការរួម​នៅឯ​កិច្ចប្រជុំ​ពិសេស​អាមេរិក​-​អាស៊ាន ក្នុង​រដ្ឋកា​លី​ហ្វ​រ​នីញ៉ា សប្ដាហ៍​ក្រោយ​។ គោលការណ៍​នេះ​នឹង​ជួយ​ដល់​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​នៅពេល​ខាងមុខ​រវាង​អាមេរិក និង​អាស៊ាន​។

សូមស្ដាប់ព័ត៌មានលម្អិត៖

​អាមេរិក​និង​អាស៊ាន​នឹង​សម្រេច​រួមគ្នា​លើ​គោលការណ៍​សហប្រតិបត្តិ​ការ​ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​ពិសេស​អាមេរិក​-​អាស៊ាន ចាប់ពី​ថ្ងៃទី​១៥​ដល់​១៦ ខែកុម្ភៈ នៅ Sunnylands ក្នុង​ទឹកដី​រដ្ឋ​កាលី​ហ្វ​រ​នីញ៉ា​។ គោលការណ៍​នេះ​សំដៅ​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​អាមេរិក​និង​អាស៊ាន​លើ​វិស័យ​រួមគ្នា​នៅពេល​អនាគត​។​

​បើតាម Bangkok Post នៅ​ចុងបញ្ចប់​កិច្ចប្រជុំ​ដែលមាន​រយៈពេល​ពីរ​ថ្ងៃ មេដឹកនាំ​អាមេរិក​និង​សមាជិក​អាស៊ាន​ទាំង​១០ នឹង​ឯកភាព​លើ​សេចក្ដីប្រកាស​លទ្ធផល​កិច្ចប្រជុំ​ដែល​ត្រូវ​ហៅថា គោលការណ៍ Sunnylands (Sunnylands Principles)​។ ជាមួយ​គោលការណ៍​នេះ ទាំង​អាមេរិក​និង​អាស៊ាន បញ្ជាក់​ពី​ការប្ដេជ្ញាចិត្ត​ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​ភាគី​ទាំងពីរ​លើ​គ្រប់​វិស័យ ជាពិសេស​សេដ្ឋកិច្ច និង​សន្តិសុខ ក៏ដូចជា​ការគាំទ្រ​ដល់​ការដោះស្រាយ​បញ្ហា​ក្នុង​តំបន់​ផងដែរ​។​

​លើសពីនោះ​ទៅទៀត មេដឹកនាំ​អាមេរិក​និង​ប្រមុខរដ្ឋ​-​រដ្ឋាភិបាល​អាស៊ាន​ក៏​នឹង​បញ្ជាក់​ពី​ការតាំង​ចិត្ត​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម​និង​ការពារ​តំបន់​ពី​ការរីក​រាលដាល​ក្រុម​ជ្រុលនិយម​ដែល​កំពុងតែ​គំរាមកំហែង​សន្តិសុខ​ពិភពលោក​។ ក្រុម​ជ្រុលនិយម​ដែល​កំពុង​អុកឡុក​ពេញ​តំបន់​មជ្ឈិមបូព៌ា បាន​តម្រង់ទិស​មក​តំបន់​អាស៊ីអាគ្នេយ៍​។ ការវាយប្រហារ​ភេរវកម្ម​ជាច្រើន​បាន​កើតឡើង​នៅតាម​ប្រទេសមួយ​ចំនួន​ក្នុង​អាស៊ាន ដែល​បាន​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិសុខ​តំបន់​។​

​សូម​ទាញ​ការចាប់អារម្មណ៍​បន្តិច​ដែរ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ម៉ាឡេស៊ី​ចុងឆ្នាំ​មុន ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ស្នើសុំ​រៀបចំ​កិច្ចប្រជុំ​កំពូល​នេះ​ដោយ​អញ្ជើញ​មេដឹកនាំ​អាស៊ាន​ទាំង​១០ រួមទាំង​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ផង​នោះ​ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​ទីក្រុង Rancho Mirage រដ្ឋកា​លី​ហ្វ​រ​នីញ៉ា​ពីថ្ងៃ ១៥​ដល់​ថ្ងៃ ១៦ កុម្ភៈ​ខាងមុខ​។​

​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​ជិត​ផុត​អាណត្តិ​ប្រធានាធិបតី​ទៅហើយនោះ បាន​ព្យាយាម​បង្វែរ​គោលនយោបាយ​ការបរទេស​របស់ខ្លួន​មកកាន់​តំបន់​អាស៊ី​ដែល​កំពុង​តែមាន​តួនាទី​ស្នូល​លើ​នយោបាយ​ពិភពលោក​។ ជាពិសេស​នោះ ការកើនឡើង​ឥទ្ធិពល​របស់​ចិន ក៏​ជា​មូល​ហេតុដែល​តម្រូវ​ឲ្យ​អាមេរិក​ត្រូវ​ពង្រឹង​តួនាទី​របស់ខ្លួន​ក្នុង​តំបន់​និង​ត្រូវ​ចាប់យក​អាស៊ាន​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​