ពាក្យបណ្តឹង​និង​សំណូមពរ​នានា​របស់​ប្រជាពលរដ្ឋ​ អាច​ធ្វើ​បាន​តាម​រយៈ​ Page​ Facebook​ របស់​បុរស​ខ្លាំង​

​កាលពី​ថ្ងៃ​ទី​០៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចេញ​សេចក្តីណែនាំ​មួយ​ដល់​សម្តេច​ ឯកឧត្តម​ លោក​ជំទាវ​ ឧបនាយករដ្ឋមន្ត្រី​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ប្រតិភូ​ រដ្ឋមន្ត្រី​គ្រប់​ក្រសួង​ ប្រធាន​គ្រប់​ស្ថាប័ន​ និង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត​ ឲ្យ​ចាត់តាំង​ក្រុមការងារ​តាមដាន​ស្រង់​របាយការណ៍​ព័ត៌មាន​ប្រចាំ​ថ្ងៃ​ និង​សំណូមពរ​នានា​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ផ្ញើ​មក​កាន់​ Page​ របស់​បុរស​ខ្លាំង​ នៅ​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដោយ​ត្រូវ​ធ្វើការ​ឆ្លើយ​តប​ និង​ត្រូវ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា​ប្រកបដោយ​តម្លាភាព​ និង​ប្រសិទ្ធភាព​ខ្ពស់​ ។​

​គេ​មិន​ទាន់​អាច​ព្យាករណ៍​ទុក​បាន​ថា​ តើ​ការ​ដោះស្រាយ​នូវ​រាល់​ពាក្យបណ្តឹង​ និង​សំណូមពរ​នានា​របស់​ប្រជាពលរដ្ឋ​តាម​រយៈ​ Page​ Facebook​ របស់​បុរស​ខ្លាំង​ ដោយ​មន្ត្រី​ក្រោម​ឱវាទ​នៅ​តាម​បណ្តា​ក្រសួង​-​ស្ថាប័ន​ និង​អាជ្ញាធរ​ខេត្ត​-​រាជធានី​នោះ​ មាន​ប្រសិទ្ធភាព​ និង​មាន​តម្លាភាព​ ព្រមទាំង​មិន​មានការ​រើសអើង​និន្នាការ​នយោបាយ​ដែរ​ឬ​យ៉ាងណា​ឡើយ​ ។​

​យុទ្ធនាការ​លេង​ Facebook​ ដ៏​ពេញទំហឹង​របស់​បុរស​ខ្លាំង​ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី​ បាន​ធ្វើ​ឲ្យ​ចំនួន​ Fans​ Page​ របស់​បុរស​ខ្លាំង​មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​ រហូត​ដល់​តាម​ទាន់​ និង​នាំមុខ​ Fans​ Page​ របស់​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​រយៈពេល​ដ៏​ខ្លី​ ពីព្រោះ​មន្ត្រី​ក្រោម​ឱវាទ​របស់​បុរស​ខ្លាំង​ដែល​មាន​ Account​ Facebook​ ចង់​ឬ​មិន​ចង់​ត្រូវ​តែ​ Like​ Page​ របស់​បុរស​ខ្លាំង​ ព្រមទាំង​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ក៏​ត្រូវ​ Like​ Page​ ក្លាយជា​ Fans​ Page​ របស់​បុរស​ខ្លាំង​ដែរ​ ដើម្បី​ទទួល​ព័ត៌មាន​ ឬ​ដំណោះស្រាយ​នានា​របស់​នាយក​រដ្ឋមន្ត្រី​ (Fans​ Page​ មួយ​ចំនួន​មិន​អាច​សន្និដ្ឋាន​បាន​ថា​ គឺជា​អ្នកគាំទ្រ​កម្មវិធី​នយោបាយ​ ឬ​របៀបរបប​ធ្វើការ​របស់​បុរស​ខ្លាំង​នោះ​ទេ​)​ ។​

​មជ្ឈដ្ឋាន​អ្នក​រិះគន់​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ សេចក្តីណែនាំ​របស់​បុរស​ខ្លាំង​ឲ្យ​ទទួល​ពាក្យបណ្តឹង​ និង​សំណូមពរ​នានា​របស់​ប្រជាពលរដ្ឋ​ ព្រមទាំង​ធ្វើការ​ដោះស្រាយ​សំណូមពរ​ទាំងនោះ​តាម​រយៈ​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដូច្នេះ​ គឺ​ការិយាល័យ​ទទួល​ពាក្យបណ្តឹង​របស់​ក្រសួង​-​ស្ថាប័នរដ្ឋ​ក្រោម​អំណាចនីតិប្រតិបត្តិ​ គប្បី​រំលាយ​ចោល​ ដើម្បី​កុំ​ឲ្យ​ខាតបង់​ថវិកាជាតិ​ដែល​ត្រូវ​ចំណាយ​ទៅ​លើ​ប្រាក់បៀវត្សរ៍​មន្ត្រីរាជការ​ផង​ និង​សម្ភារៈ​ការិយាល័យ​មិន​ចាំបាច់​ផង​ ។​

​គិត​ត្រឹម​វេលា​ម៉ោង​២១​និង​២៥​នាទី​ រាត្រី​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​នេះ​ Fans​ Page​ (​ចំនួន​ Like​ Page)​ របស់​បុរស​ខ្លាំង​មាន​ចំនួន​ 2,354,966​ ​ខណៈ​ Fans​ Page​ របស់​លោក​ សម​ រ​ង្ស៊ី​ មេដឹកនាំ​គណបក្សប្រឆាំង​មាន​ចំនួន​ 2,128,776​ ៕​

ពាក្យបណ្តឹង​និង​សំណូមពរ​នានា​របស់​ប្រជាពលរដ្ឋ​ អាច​ធ្វើ​បាន​តាម​រយៈ​ Page​ Facebook​ របស់​បុរស​ខ្លាំង​

Related