ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ ៖  មាន​អំពើ​ហិង្សា​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល ១០ និង​៣០​នាទី យប់​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៦ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ជាប់​របង​សាលា​ប៊ែ​ល​ធី សាខា​ផ្សារ​ដើម​ថ្កូវ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។ អ៊ុំ​ស្រី ស្រី​មុំ អាយុ​៥៨​ឆ្នាំ ដែល​ជា​ភាគី​ផ្ទាល់​នៅ​ក្នុង​អំពើ​ហិង្សា​នោះ​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ​គាត់​បាន​បោសសម្អាត​មុខ​ផ្ទះ ក៏​មាន​យុវជន​ម្នាក់​ក្នុង​ចំណោម​គ្នា​៣​ទៅ​៤​នាក់ បាន​មក នោម​នៅ​មុខ​ផ្ទះ​គាត់ ហើយ​គាត់​បាន​ប្រាប់​ថា កុំ​នោម​កន្លែង​នឹង​ព្រោះ​គាត់​បោសសម្អាត​រាល់ថ្ងៃ ទុក​អង្គុយ​លេង ។

ពេល​នោះ​យុវជន​ម្នាក់​បាន​និយាយ​ថា នេះ​ជា​ផ្លូវ​សាធារណៈ យាយ​ឯង​កុំ​ចេះ បើ​ផ្ទះ​យាយ​ឯង​យក​ប្លង់​មក ហើយ​ក៏​បាន​ប្រកែក​គ្នា​ជា​ហូរហែរ ក្នុង​នោះ​កូនស្រី​អ៊ុំ​ស្រី​ម្ចាស់ផ្ទះ​ក៏​ចេញ​មក​ជួយ​ម្ដាយ​មាន​ថតរូប​ភាគី​ម្ខាង​ទៀត​ជាដើម  ធ្វើ​ឲ្យ​ខាង​យុវជន​ដែល​ឈរ​នោម​ខឹង ក៏​បាន​លេច​ចេញ​បងប្រុស​ម្នាក់​ទៀត មក​ស្រែក​សម្លុត​គំរាមកំហែង​ថា​រក​យក​កាំភ្លើង​បាញ់​ថែម​ទៀត​ផង ។ ក្នុង​នោះ​ដែរ​ក៏​មាន​កង​អាវុធហត្ថ និង​សម្ថ​កិច្ច​មូលដ្ឋាន​មក​ធ្វើការ​ដោះស្រាយ ព្រមទាំង​ឃាត់ខ្លួន​បុរស ឈ្មោះ​មួ​ង ជា អាយុ​៤១​ឆ្នាំ ដែល​ត្រូវជា​បង​នៅ​បុ​ស្តិ៍​នគរបាល​ផ្សារ​ដើម​ថ្កូវ​ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​ពី​បទ​បង្ក​ហិង្សា​គំរាមកំហែង​ដោយ​ចេតនា ៕