អាជ្ញាធរ​បារម្ភ​ពី​ការបាត់​សម្រស់​ទីក្រុង​ដោយ​សារ​អ្នក​ចម្រៀង​ពិការ

អាជ្ញាធរ​បារម្ភ​ពី​ការបាត់​សម្រស់​ទីក្រុង​ដោយ​សារ​អ្នក​ចម្រៀង​ពិការ

រូបឯកសារ៖ ជនពិការ​ដោយសារ​គ្រាប់មីន មើល​ការប្រកួត​កីឡា​បាល់ទះ​នៅ​ឯ​មជ្ឈមណ្ឌល​ស្តារនីតិ​សម្បទា​ជនពិការ​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ខែកញ្ញា​ឆ្នាំ២០០៣។ REUTERS/Chor Sokunthea ភ្នំពេញ—

ក្រុម​ជនពិការ​ដែល​ច្រៀង​នៅ​តាម​ស្តុប​នានា​នៅ​រាជធានី​ភ្នំពេញ​បាន​និយាយ​ថា ​ពួក​គេ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ដោយ​បាន​ឮ​ព័ត៌មាន​ថា ​លោក​ប៉ា សុជាតិវង្ស ​អភិបាល​រាជធានី​ភ្នំពេញចង់​ឲ្យ​ក្រុមជន​ពិការ​ឈប់​ប្រគុំ​តន្រ្តី​រៃ​អង្គាស​ប្រាក់​នៅ​តាម​ភ្លើង​ស្តុប​និង​តាម​ទីសាធារណៈ​ដោយ​លើក​ហេតុផល​ថា ​វា​ប៉ះពាល់សណ្តាប់​ធ្នាប់​សាធារណៈ។​

ជា​ជំនួស​វិញ​ ​កាលពី​សប្តាហ៍​កន្លង​ទៅ ​ លោក​អភិបាល​បាន​ណែនាំ​ឲ្យ​មន្ត្រី​រាជធានី​ភ្នំពេញ​ រួម​ជាមួយ​មន្ត្រី​មន្ទីរ​សង្គមកិច្ច ​អតីត​យុទ្ធជន​ និង​យុវនីតិ​សម្បទា​រាជធានី​ភ្នំពេញ​ ត្រូវ​ចុះ​ទៅដល់​កន្លែង​ស្នាក់នៅ​របស់​ជន​ពិការ ​ដើម្បី​ពិនិត្យ​ឲ្យ​បាន​ច្បាស់​ថា ​តើ​ជន​ពិការ​ទាំង​នោះ​ខ្វះខាត​អ្វី​ខ្លះ​ ដើម្បី​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ​បាន​ដោះស្រាយ​ជូន​ពួក​គាត់។​

មុន​ចាប់​ផ្តើមច្រៀង​នៅ​ចិញ្ចើម​ផ្លូវ​ភ្លើង​ស្តុប​ផ្សារ​ដីហុយ ​ អ្នកស្រី​ច័ន្ទ បរមី ​ដែល​ពិការ​ភ្នែក​ទាំងពីរ​បាន​ប្រាប់​ VOA​ ថា ​ក្រុម​ជន​ពិការ​បាន​ទទួល​ព័ត៌មាន​នេះ​ ហើយ​មាន​ក្តីបារម្ភជា​ខ្លាំង។ ​ អ្នកស្រី​ស្វាគមន៍​ ​ដែល​លោក​អភិបាល​បញ្ជា​ឲ្យ​មន្ត្រី​មូលដ្ឋាន​សិក្សា​អំពី​ការ​ខ្វះខាត​របស់​ជន​ពិការ ​តែ​អ្នកស្រី​មាន​ប្រសាសន៍​ថា​ ក្រុម​ជន​ពិការ​ដែល​ច្រៀងតាម​ចិញ្ចើម​ថ្នល់​នេះ​ មិន​ចង់​រស់​ជា​បន្ទុក​ដល់​រដ្ឋាភិបាល ​និង​មិន​ចង់​ធ្វើ​ជា​អ្នក​សុំទាន​ទេ ​ហេតុ​នេះ​ហើយបាន​ជា​ពួកគាត់​នាំគ្នា​ខំ​រក​ចំណូល​ដោយ​យក​មុខ​របរ​នេះ។​ ​

លោក​ស្រី​បន្ថែម​ថា៖​«ត្រូវ​បង្រៀន​មនុស្ស​ឲ្យចេះ​រក​ត្រី។ ​បើ​ឲ្យ​ត្រី​ញ៉ាំ​ម្តងៗ​ហ្នឹង!។​ ចុះ​ពេល​អស់​ត្រី​ទៅ ​មនុស្ស​ហ្នឹង​អត់​ចេះ​រក​អ្វី។ ​គេង​ចាំតែ​គេ​ឲ្យ​ហ្នឹង​ ថ្មើ​ណា​ទៅ។ ​ឧទាហរណ៍​ មួយ​ខែ​គាត់​ឲ្យ​យើង​ប៉ុណ្ណឹង ​ចុះខែ​ក្រោយ​ទៀត​ដោះស្រាយ​អត់ទាន់​ អញ្ចេះ​អញ្ចុះ​ ចុះ​ខ្ញុំ​បាន​អ្វី​ញ៉ាំ? ​កូន​ខ្ញុំ​បាន​អ្វី​ញ៉ាំ?»។​

​អ្នកស្រី​បន្ថែម​ថា ​សូម្បី​បុគ្គលិក​រដ្ឋាភិបាល​ក៏​បាន​ប្រាក់ខែ​មិន​គ្រប់​ចាយ​ផង។ ​ដូចនេះ​អ្នកស្រី​មិន​មាន​ជំនឿ​ថា ​ការ​ឧបត្ថម្ភ​របស់​មន្ត្រី​មូលដ្ឋាន​អាច​គ្រប់គ្រាន់​សម្រាប់​ជនពិការ​ទេ។ ​

«ប៉ូលិស​ញ៉ាំ​ប្រាក់​ខែ​របស់​រដ្ឋ​ ហើយ​ក៏​រត់​ម៉ូតូ​ឌុប។ ​ហ្នឹង​គាត់​ភ្នែក​ភ្លឺ​រត់​ម៉ូតូ​ឌុប។​ ចុះ​ខ្ញុំ ​ទៅ​រត់​អ្វី​នឹង​គេ​បាន? គ្រាន់តែ​ច្រៀង​ប៉ុណ្ណឹង​គាត់​បិទ​ទៀត​ ខ្ញុំ​មិន​ដឹង​ដោះស្រាយ​យ៉ាង​ម៉េច​ទេ? ធ្វើ​ម៉េច?​ ឲ្យ​ទៅ​ណា?»។​

ក្រុម​ជន​ពិការ​និយាយ​ថា​ ​អ្វី​ដែល​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​ សន្តិសុខ​ និង​ធ្វើ​ឲ្យ​ខូចមុខ​មាត់​រាជធានី​ភ្នំពេញ​នោះ​គឺ​ចោរ​ឆក់​ ដែល​មាន​ការ​កើន​ឡើង។​ លោក​ព្រំ ចាន់ថន​ ដែល​នៅ​ក្នុង​ក្រុម​ជាមួយ​អ្នកស្រី​បរមី​ដែរ​នោះបាន​បន្ថែម​ថា៖​

«សូម​ឲ្យ​រាជ​រដ្ឋាភិបាល​ជួយ​រៀបចំ​អំពើ​ចោរកម្ម​អី្វ​មុន​ចុះ!​ ទាំងអស់​តែ​ម្តង​ទៅ​បាទ»។​

លោក​ឡុង ឌីម៉ង់​ អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​និយាយ​ថា ​លោក​អភិបាល​រាជធានី​ភ្នំពេញ​នឹង​ពិភាក្សា​ជាមួយ​ក្រុម​ប្រឹក្សា​ជាតិ​ជន​ពិការ​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ ​ដើម្បី​ចាត់​វិធាន​ការ​ជួយ​ដោះស្រាយ​កង្វះខាត​របស់​ជនពិការ។ ​លោក​និយាយ​ថា ​ ជន​ពិការ​ច្រៀង​តាម​ទីសាធារណៈ​នេះ​អាច​ជា​ការ​អូស​ទាញ​ដោយ​អង្គការ​នានា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​ជនពិការ​ និង​សណ្តាប់​ធ្នាប់​សាធារណៈ។​

«សាលាក្រុង​នឹង​ជួប​ពិភាក្សា​ការងារ​... ឯកឧត្តម​អភិបាល​នឹង​ពិភាក្សា​ការងារ​ជាមួយ​ក្រុម​ប្រឹក្សា​ជាតិ​ជនពិការ​ដើម្បី​រក​វិធានការ​ដោះស្រាយ​បញ្ហា​ហ្នឹង​ ឲ្យ​គាត់​រកថវិកា​និង​ការ​ឧបត្ថម្ភ​នានា ​តាម​វិធី​ផ្សេងៗ​ដែល​ថ្លៃថ្នូរ​ជាង​ហ្នឹង​បាទ»។

អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ​និយាយ​ថា ​ការ​ប្រគុំ​តន្រី្ត​របស់​ជនពិការ​រំខាន​អ្នក​ធ្វើ​ដំណើរ​និង​អ្នក​នៅ​ក្បែរ​នោះ។ ​

តែ​ជន​ពិការ​និយាយ​ថា ​ចម្រៀង​និង​ភ្លេង​របស់​គេ​ប្រាកដ​ជា​ពិរោះ​ជាង​សំឡេង​ចរាចរណ៍។ ​ ហើយ​ពួកគេ​ព្យាយាម​ប្រគុំ​តន្ត្រី​របស់​ខ្លួន​ឆ្ងាយ​ពី​កន្លែង​ដែល​អាច​រំខាន​ការ​រក​ស៊ី​របស់​គេ។

ក្រុម​ជនពិការ​និយាយ​ថា ​តាម​បទ​ពិសោធន៍​ គ្មាន​កន្លែង​ណា​សក្តិសម​ជាង​នៅ​តាម​ចិញ្ចើម​ថ្នល់​នេះ​ទេ​ ព្រោះ​មាន​អ្នក​ធ្វើ​ដំណើរ​ច្រើន​ និង​ផ្សេងៗ​គ្នា។​

ក្រុមជន​ពិការ​និយាយ​ថា ​កន្លងមក​ ពួកគាត់​ប្រគុំ​នៅ​តាម​កន្លែង​ផ្សេងៗ​ដែល​មាន​សប្បុរស​ជន​ដដែលៗ​ ហើយ​មិន​យូរ​ប៉ុន្មាន​ក៏​ការ​រៃអង្គាស​ប្រាក់​មាន​ការ​ធ្លាក់​ចុះ។

លោក​ប៉ា សុជាតិវង្ស ​បាន​លើក​វិធានការ​នេះ​ក្នុង​កិច្ច​ប្រជុំ​គណៈ​បញ្ជាការ​ឯក​ភាព​រាជធានី​ភ្នំពេញ ​ កាលពី​ព្រឹក​ថ្ងៃ​ទី០៤​ ខែ​កុម្ភៈ ដោយ​មាន​ការ​ចូលរួម​ពី​លោក​ជួន សុវណ្ណ ​ស្នងការ​នគរបាល​ រាជធានី​ភ្នំពេញ លោក​រ័ត្ន ស្រ៊ាង​ មេបញ្ជាការ​កង​រាជអាវុធ​ហត្ថរាជធានី​ភ្នំពេញ ​ព្រមទាំង​អភិបាល​ខណ្ឌ​ទាំង​១២​ផង​ដែរ។​
សាលា​រាជធានី​ភ្នំពេញ​មិនទាន់​បាន​ហាម​ប្រាម​ជន​ពិការ​មិន​ឲ្យ​ប្រគុំ​តន្ត្រី​នេះ​ទេ​ នៅ​ពេល​សាលា​ក្រុង​ភ្នំពេញ​កំពុង​រក​ដំណោះស្រាយ៕