កិច្ចព្រម​ព្រៀង​ TPP ​អាច​ឲ្យ​កម្ពុជា​រលាស់​ខ្លួន​ពី​ឥទ្ធិពល​ចិន​និង​វៀតណាម

កិច្ចព្រម​ព្រៀង​ TPP ​អាច​ឲ្យ​កម្ពុជា​រលាស់​ខ្លួន​ពី​ឥទ្ធិពល​ចិន​និង​វៀតណាម

រូបឯកសារ៖ ផែនទី​បង្ហាញ​ប្រទេស​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដៃគូ​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក TPP និង​​ប្រទេស​ដទៃទៀត​ដែល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សាកល។លោក ប៊ឺនដ៍ ឆេហ្វឺ (Bernd Schaefer) ជឿ​ថា កម្ពុជា​អាច​រលាស់​ខ្លួន​ពី​ចិន និង​វៀតណាម បាន ប្រសិនបើ​កម្ពុជា​ពិភាក្សា​ល្អ​ជាមួយ​ស.រ.អា ក្នុងការ​ចូលរួម​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដៃគូ​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ហៅកាត់​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្មTPP។ វ៉ាស៊ីនតោន—

លោក ប៊ឺនដ៍ ឆេហ្វឺ (Bernd Schaefer) អ្នកស្រាវជ្រាវ​គោល​នយោបាយ​ជាន់ខ្ពស់ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ស្តីពី​គម្រោង​ប្រវត្តិសាស្ត្រ​សង្គ្រាម​ត្រជាក់​អន្តរជាតិ​នៃ​អង្គការ​តាក់តែង​គោល​នយោបាយ​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន Woodrow Wilson International Center ជឿ​ថា កម្ពុជា​អាច​រលាស់​ខ្លួន​ពី​ចិន និង​វៀតណាម បាន ប្រសិនបើ​កម្ពុជា​ពិភាក្សា​ល្អ​ជាមួយ​ស.រ.អា ក្នុងការ​ចូលរួម​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដៃគូ​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ហៅកាត់​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្មTPP។ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ ប្រាប់ VOA កាលពី​ដើម​ខែ គឺ​មុន​ពេល​ដែល​លោក​ប្រធានាធិបតី​ស.រ.អា បារ៉ាក់ អូបាម៉ា អញ្ចើញ​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ស.រ.អា អាស៊ាន​នៅ​ថ្ងៃ​ទី១៥ និង ១៦ ខែកុម្ភៈ នេះ។

ឆ្លើយ​នឹង​សំណួរ​ដែល​សួរ​ថា តើ​លោក​មើល​ឃើញ​យ៉ាងម៉េច​ទៅ​ចំពោះ​ទំនាក់​ទំនង​រវាង កម្ពុជា​និង​ស.រ.អា សព្វថ្ងៃ​នេះ? និង​ថា​តើ​បញ្ហា​ធ្ងន់ធ្ងរ​នោះ កើត​ឡើង​នៅ​ពេល​ណា ហើយ​ហេតុអ្វី​បាន​កើត​ឡើង?

លោក ប៊ឺនដ៍ ឆេហ្វឺ បាន​ឆ្លើយ​ថា៖

«សព្វថ្ងៃ​នេះ​ទំនាក់​ទំនង​រវាង​ស.រ.អា​និង​កម្ពុជា​ពិតជា​មាន​គម្លាត​ឆ្ងាយ​និង​មិន​សូវ​មាន​ការទាក់​ទាញ តែ​ទំនាក់​ទំនង​ទូទៅ​មិន​មាន​វិវាទ​ស្ទើតែ​គ្រប់​បញ្ហា។ សម្រាប់​ ស.រ.អា លែង​មាន​ផលប្រយោជន៍​ដើម្បី​ការការពារ ឬ​ទម្លាក់​រដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​កាន់​អំណាច​ទៀត​ហើយ។ វា​ជា​រឿង​ខុស​គ្នា​ធៀប​នឹង​អតីតកាល គឺ​ថា​នៅ​ពេល​ស.រ.អា​យល់ព្រម​ទម្លាក់​សម្តេច​ព្រះនរោត្តម សីហនុ ក្នុង​ឆ្នាំ​១៩៧០​ ស.រ.អា បាន​គាំទ្រ​ភាគី​ចាញ់​សង្គ្រាម​ក្នុង​ប្រទេស​កម្ពុជា​ដឹកនាំ​ដោយ​លោក​សេនា​ប្រមុខ លន់ ណុល និង​ទ្រង់​សិរីមតៈ។ ជា​លទ្ធផល​រឿង​នេះ បាន​រុញ​ច្រាន​ស.រ.អា ចេញពី​កម្ពុជា​កាលពី​ខែមេសា​ឆ្នាំ១៩៧៥។ ទំនាក់​ទំនង​ដែល​ចុះ​ដល់​កម្រិត​ទាប គឺ​ក្នុង​ឆ្នាំ​១៩៧៩​ដល់​ឆ្នាំ​១៩៨៩ នៅ​ពេល​ដែល​ស.រ.អា គាំទ្រ​សម្ព័ន្ធមិត្ត​និរទេស​ខ្លួន​ដ៏​ចម្លែក​រវាង​សម្តេច​ព្រះនរោត្តម សីហនុ ប៉ុល ពត និង​លោក សឺន សាន ដែល​វាយ​ប្រយុទ្ធ​នឹង​រដ្ឋាភិបាល​កាន់​អំណាច​របស់​លោក ហ៊ុន សែន ដែល​គាំទ្រ​ដោយ​វៀតណាម។ ទំនាក់​ទំនង​ដែល​ឈាន​ដល់​កម្រិត​ខ្ពស់​គឺ​ក្នុង​ឆ្នាំ​១៩៩០​ និង​១៩៩១ ​នៅពេល​ដែល​កម្ពុជា​ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​បើក​ទ្វារ​ឲ្យ​មាន​កិច្ចព្រម​ព្រៀង​ទីក្រុង​ប៉ារីស ​និង​កង​កម្លាំង​រក្សា​សន្តិភាព​អង្គការ​សហ​ប្រជាជាតិ​អ៊ុនតាក់ (ក្នុង​ប្រទេស​កម្ពុជា)»។

ហើយ​ចំពោះ​សំណួរ​ដែលVOA សួរ​ថា តើ​កម្ពុជា​គួរធ្វើ​ឲ្យ​មាន​ការរីក​ចម្រើន​លើ​វិស័យ​អ្វី​ខ្លះ ដើម្បី​ធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ស.រ.អា មាន​លក្ខណៈ​ប្រសើរ​ឡើង?

លោក ប៊ឺនដ៍ ឆេហ្វឺ បាន​ឆ្លើយ​ថា៖

«ការប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ ដោះស្រាយ​បញ្ហា ជម្លោះ​ដីធ្លី​ប្រកប​ដោយ​យុត្តិធម៌ និង​គ្មាន​អំពើ​ហិង្សា គោរព​សិទ្ធិ​នៃ​ក្រុម​ប្រឆាំង​នយោបាយ​ក្នុង​ប្រទេស។ បញ្ហា​ទាំងអស់​នេះ​អាច​នឹង​បង្កើន​កេរ្តិ៍ឈ្មោះ​កម្ពុជា​ក្នុង​ប្រទេស​អាមេរិក។ ម្យ៉ាង​ទៀត​ប្រវត្តិ​របស់​វៀតណាម មាន​លក្ខណៈ​អាក្រក់​ខ្លាំង​ជាង​កម្ពុជា​ទៀត​លើ ចំណុច​ទាំងឡាយ​ដែល​បាន​រៀបរាប់​នោះ តែ​ស.រ.អា មើល​ឃើញ​វៀតណាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​កាន់តែ​សំខាន់​ក្នុងការ​ធ្វើឲ្យ​មាន​តុល្យភាព ជាមួយ​ចិន ដូច្នេះ​ហើយ​ទំនាក់​ទំនង​នេះ​មាន​លក្ខណៈ​ល្អ​ប្រសើរ។

ដំណើរការ​របស់​កម្ពុជា​ដ៏​ក្លាហាន​ក្នុងការ​ធ្វើឲ្យ​ប្រសើរ​ចំពោះ​ទំនាក់ទំនង​និង​មុខមាត់​របស់​ខ្លួន​ជាមួយ​ស.រ.អា នឹង​ពង្រីក​ឥទ្ធិពល​ខ្លួន​ទៅ​វិញ​ទៅ​មក​ចំពោះ​ប្រទេស​ទាំងពីរ​គឺចិន​និង​វៀតណាម? កម្ពុជា​ត្រូវចាប់​ផ្តើម​ពិភាក្សា​ស៊ីជម្រៅ​ប្រកប​ដោយ​ការស្ថាបនា​អំពី​ការចូលរួម​ក្នុងកិច្ច​ព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ TPP ជា​ការ​ពិត ប្រទេស​ទាំងពីរ ​(ចិន និង​វៀតណាម)​ នឹង​មិន​ចូលចិត្ត​ទេ។ វៀតណាម​ និង​ចិន​តែងតែ​មាន​ឥទ្ធិពល​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ព្យាយាម​រុញ​ឲ្យ​កម្ពុជា​ដើរ​តាម​ទិសដៅ​របស់​ខ្លួន តែ​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ TPP អាច​ជួយ​ឲ្យ​កម្ពុជា​រលាស់​ខ្លួន​ដើម្បី​ទទួល​បាន​ផល​ចំណេញ​កេរ្តិ៍​ឈ្មោះ​ហើយ​បន្ថែម​លើ​នេះ ប្រសិន​បើ​ការចរចា ប្រព្រឹត្ត​ទៅ​ល្អ​ កិច្ចព្រមព្រៀង​ដៃ​គូ​ពាណិជ្ជ​កម្ម​ឆ្លងមហា​សមុទ្រ​ TPP​ អាច​ផ្តល់​ផល​ប្រយោជន៍​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​រយៈ​ពេល​វែង»៕