អេ ភូថង​ ​ជួល​ផ្ទះ​គេ​រស់​នៅ ថែមទាំង​​ឲ្យ​​​​កូន​សិស្ស​ស្នាក់​នៅ​ជា​មួយ


អេ ភូថង​ ​ជួល​ផ្ទះ​គេ​រស់​នៅ ថែមទាំង​​ឲ្យ​​​​កូន​សិស្ស​ស្នាក់​នៅ​ជា​មួយ

កូន​សិស្ស​៩​នាក់​បាន​​បន្ត​តាម​រស់​នៅ​​ជា​មួយ​អតីត​អ្នក​ប្រដាល់​ អេ ភូថង​ និង​គ្រួសារ​ដែល​បាន​ជួល​ផ្ទះ​​គេ​មួយ​កន្លែង​នៅ​ជិត​ផ្សារ​អូរឫស្សី​​ដើម្បី​រស់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ បន្ទាប់​ពី​បាន​​រើ​ចេញ​ពី​ស្តាត​ចាស់​កាល​ពី​ថ្ងៃ​ទី​៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ។

 អេ ភូថង​ ​ជួល​ផ្ទះ​គេ​រស់​នៅ ថែមទាំង​​ឲ្យ​​​​កូន​សិស្ស​ស្នាក់​នៅ​ជា​មួយលោក អេ ភូថង និង​ភរិយា

 

ភរិយា​របស់​លោក​ អេ ភូថង​គឺ​អ្នក​ស្រី​ សុំាង សុម៉ាលី​ បាន​​ឲ្យ​ដឹង​ថា អ្នក​ស្រី​ និង​គ្រួសារ​បាន​សម្រេច​ជួល​​​ផ្ទះ​​​​គេ​មួយ​កន្លែង​នៅ​ជាន់​ទី​២​ជិត​ផ្សារ​អូរ​ឫស្សី​​​ដែល​មាន​តម្លៃ​១៨០​ដុល្លារ​អាមេរិក។ ​ផ្ទះ​ជួល​ជាន់​ទី​២​​​នេះ​គឺ​អាច​រស់​នៅ​ស្រលះ​ទូលាយ​សម្រាប់​តែ​ក្រុម​គ្រួសារ​របស់​អ្នក​ស្រី​ ប៉ុន្តែ​មាន​សិស្ស​មួយ​ចំនួន​នៅ​ជា​មួយ​ទៀត​​​​បណ្តាល​ឲ្យ​ចង្អៀត​ដែរ។

 

អ្នក​ស្រី​និយាយ​ថា ៖«ពួក​គេ​(សិស្ស)​ថ្មី​ៗ​មិន​ចង់​ចាក​ចេញ​ពី​ពួក​ខ្ញុំ​ ពួក​គេ​ចង់​នៅ​ជា​មួយ​ និង​បន្ត​ហ្វឹកហាត់​ប្រដាល់​ទៀត​ អី​ចឹង​ខ្ញុំ​ក៏​​អាណិត​ពួក​គេ​ ហើយ​ឲ្យ​នៅ​ជា​មួយ​ទៅ។ ​ខ្ញុំ​ជួល​តម្លៃ​១៨០​ដុល្លារ​ក្នុង​មួយ​ខែ​ មិន​ដឹង​ថា​ រត់​រួច​អត់​នៅ​ពេល​ខាង​មុខ​ តែ​សាក​ល្បង​មើល​សិន»។

 

អេ ភូថង​ ​ជួល​ផ្ទះ​គេ​រស់​នៅ ថែមទាំង​​ឲ្យ​​​​កូន​សិស្ស​ស្នាក់​នៅ​ជា​មួយលោក​ អេ ភូថង និង​គ្រួសារ​

 

ភរិយា​របស់​អតីត​កំពូល​អ្នក​ប្រដាល់​កម្ពុជា​រូប​នេះ​បាន​ឲ្យ​ដឹង​ថា នៅ​​ផ្ទះ​​ជួល​នោះ​មិន​​អាច​​យក​​ធ្វើ​ជា​កន្លែង​​បង្ហាត់​​ប្រដាល់​បាន​​ឡើយ​​ ប៉ុន្តែ​គ្រួសារ​របស់​អ្នកស្រី​​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​បង្ហាត់​សិស្ស​នៅ​ក្នុង​បរិវេណ​ពហុកីឡដ្ឋាន​ជាតិ។

 

«គេ​ឲ្យ​បង្ហាត់​សិស្ស​នៅ​បរិវេណ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ គឺ​ចូល​ពី​ទ្វារ​មុខ​ទៅ ហើយ​បត់​ឆ្វេង នៅ​​​ផ្នែក​ខាង​ជើង​ ព្រោះ​នៅ​ម្តុំ​នោះ​មាន​ប្លប់»។ អ្នក​ស្រី​ សុំាង​ សុម៉ាលី​ បាន​និយាយ​ និង​បញ្ជាក់​ថា យ៉ាង​ណា​កន្លែង​​នោះ​​គឺ​​អត់​អាច​ដាក់​សម្ភារៈ​ហ្វឹកហាត់​ទេ។ កូន​សិស្ស​ត្រូវ​ហាត់​រត់​ពី​ផ្ទះ​ជួល​ទៅ​អូឡាំពិក​ និង​ហ្វឹកហាត់​នៅ​ទី​នោះ​តែ​ម្តង។

លោក​ អេ ភូថង​ និង​គ្រួសារ​បាន​ស្នាក់​​កីឡដ្ឋាន​កង​យោធពល​ខេមរភូមិន្ទ​ (ស្តាត​ចាស់​)​ជា​ច្រើន​ឆ្នាំ​មក​ពោល​គឺ​តាំង​ពី​កូន​នៅ​តូច​ និង​បាន​បើក​ក្លិប​ប្រដាល់​អេ​ភូថង​កីឡា​នៅ​ស្តាត​ចាស់​ថែម​ទៀត​ដែល​បាន​ បណ្តុះ​បណ្តាល​កីឡាករ​ប្រដាល់​ក៏​ច្រើន​ដែរ មុន​ពេល​​​​​ចាក​ចេញ​ពី​ស្តាត​ចាស់​​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ សព្វ​ថ្ងៃ​លោក​កំពុង​​ធ្វើ​ជា​ចៅ​ក្រម និង​អាជ្ញា​កណ្តាល ព្រម​ទាំង​ធ្វើ​ជា​ពិធីករ​ប្រដាល់​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥៕

 

អេ ភូថង​ ​ជួល​ផ្ទះ​គេ​រស់​នៅ ថែមទាំង​​ឲ្យ​​​​កូន​សិស្ស​ស្នាក់​នៅ​ជា​មួយសកម្មភាព​លោក អេ ភូថង បង្ហាត់​នៅ​ស្តាត​ចាស់​កន្លង​មក

អត្ថបទ៖ ជាន ចាន់រ៉ា