បញ្ចប់​ពាក្យ​ចចាមអារ៉ាម​៖ តំបន់​ថ្ម​បី​ដុំស្ថិតក្នុង​ទឹកដី​ខ្មែរ និង​មិនបាន​បាត់ទៅ​វៀតណាម​ទេ​

ភ្នំពេញ: ​ដើម្បី​បញ្ចប់​នូវ​មន្ទិលសង្ស័យ និង​​ដើម្បី​កុំ​បក្សប្រឆាំង រួមទាំង​សកម្មជន​​ព្រំដែន​មួយ​ក្តាប់​តូច យក​ចំណុច​តំបន់​ថ្ម​បី​ដុំ ជាប់​ព្រំប្រទល់​ដែន​វៀត​​ណា​ម ធ្វើជា​អាជីវកម្ម​នយោបាយ​នោះ ក្រុមការងារ​សិក្សា​ស្រាវជ្រាវ​​ព្រំដែន​កម្ពុជា បាន​ចុះទៅ​ពិនិត្យមើល​​តំបន់​ថ្ម​បី​ដុំ កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ​​ឆ្នាំ​២០១៦ ដើម្បី​ឲ្យ​ដឹង​ការពិត​ថា​​វា​ស្ថិតនៅក្នុង​ទឹក​ដូ​ខ្មែរ ឬ​ក្នុង​ដី​វៀត​​ណា​ម​។​​បន្ទាប់ពី​ពិនិត្យមើល​ជាក់ស្តែង​ផ្ទាល់​​ភ្នែក គឺ​តំបន់​ថ្ម​បី​ដុំ​ស្ថិតនៅក្នុង​ទឹកដី​​កម្ពុជា និង​មិនមាន​បាត់បង់​ទៅ​ប្រទេស​វៀតណាម ដូចជា​ការ​ចោទ​​ប្រកាន់​របស់​ក្រុម​អ្នកនយោបាយ​ខ្លះ​​នោះទេ​។​

​តំបន់​ថ្ម​៣​ដុំ ដែល​ស្ថិតនៅ​ភូមិ​ថ្ម​៣​ដុំ ឃុំ​កំពង់​ក្រសាំង ស្រុក​បុរី​ជលសារ ខេត្តតាកែវ ដែល​ស្ថិតនៅក្រោម​ការ​​គ្រប់គ្រង​របស់​កម្ពុជា​។​​លោក សុខ ទូច ប្រធាន​ក្រុម​ស្រាវ​​ជ្រាវ​ព្រំដែន​កម្ពុជា បាន​អះអាងថា ​បច្ចុប្បន្ននេះ​តំបន់​ថ្ម​៣​ដុំ ដែលមាន​ទាំង​ដុំថ្ម​ធំៗ​ចំនួន​៣​ដុំ នៅ​ទីតាំង​ជាក់ស្តែង​នេះ គឺ​មិនមាន​ការបាត់បង់​ដូច​ការលើកឡើង​របស់​មជ្ឈដ្ឋាន​មួយចំនួន​ឡើយ ពោលគឺ​តំបន់​នេះ​កំពុង​ស្ថិតនៅក្នុង​ការគ្រប់គ្រង និង​កាន់កាប់​ពី​សំណាក់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​កម្ពុជា​។ ផ្អែក​តាម​ការសិក្សា​ស្រាវជ្រាវ​ទៅលើ​ឯកសារ​គោល​សំខាន់ៗ​មុន​មកដល់​ទីតាំង និង​ជា​​ពិសេស​ផ្អែក​តាម​ការចុះ​ជាក់ស្តែង​រកឃើញ​នូវ​ចំណុច​គោល​សំខាន់​៥​ដែល​បញ្ជាក់ថា តំបន់​ថ្ម​៣​ដុំ​ជា​របស់​កម្ពុជា និង​កំពុងស្ថិត​ក្រោម​ការ​គ្រប់​​គ្រង និង​កាន់កាប់​ជាក់ស្តែង​របស់​កម្ពុជា ទី​១‑​គឺ​យើង​មាន​ផ្សារ​របស់​ខ្មែរ​យើង​នៅ​ទីនោះ​ឈ្មោះថា​ផ្សារ​ថ្ម​៣​ដុំ​, ទី​២‑​យើង​មាន​កាស៊ីណូ​ខ្មែរ​យើង​នៅ​ទីនោះ​ឈ្មោះថា កាស៊ីណូ​ថ្ម​៣​ដុំ​, ទី​៣‑​យើង​មាន​ភូមិ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​នៅ​ទីនោះ​ឈ្មោះថា​ភូមិ​ថ្ម​៣​ដុំ​, ទី​៤​យើង​មាន​ទី​សក្ការៈបូជា​នៅ​ទីនោះ​ហៅថា​អ្នកតា​ថ្ម​៣​ដុំ និង​ទី​៥​យើង​មាន​ប៉ុស្តិ៍នគរបាល​កម្ពុជា​នៅ​ទីនោះ ដែលមាន​ឈ្មោះថា​ស្នាក់ការ​ត្រួតពិនិត្យ​ថ្ម​៣​ដុំ​។​

​ឆ្លើយតប​និង​ការលើកឡើង​របស់​ក្រុមប្រឆាំង​មួយចំនួន​ដែល​បាន​ផ្សព្វផ្សាយដោយនិយាយ​ភូតភរ កុហកថា មានការ​បាត់បង់​ថ្ម​៣​ដុំ នៅសល់តែ​១ ដោយ​២​ដុំ​ទៀត​ត្រូវបាន​វៀតណាម​យក​នោះ លោក​សុខ ទូច បាន​បញ្ជាក់ថា ថ្ម​៣​ដុំ​នៅតែ​៣​ដុំ មិន​មានការ​រំកិល​ឬ​ការរំលោភ​យក​ដី​ពី​សំណាក់​ភាគី​វៀតណាម​ដូច​ការ​
​ចោទប្រកាន់​ទេ ព្រោះ​លោក​បាន​ឈរ​នៅលើ​ទីតាំង​នេះ​ដោយផ្ទាល់ ហើយ​អាជ្ញាធរ​មូលដ្ឋាន​ក៏​នៅទីនេះ​ដែរ ហើយ​ប្រសិនបើ​ទីនេះ​ជា​តំបន់​ដែល​វៀតណាម​កាន់កាប់​មែន លោក​និង​អាជ្ញាធរ​កម្ពុជា រួម​និង​អ្នក​សារព័ត៌​​មាន​មួយចំនួន​ផង ប្រាកដជា​មិន​អាចមក​ឈរលើ​ទីតាំង​នេះ​បាន ដោយ​គ្មាន​ការហាម​ប្រាម​ពី​ភាគី​វៀតណាម​ឡើយ​។
​លោក​បន្តថា ពី​តំបន់​ថ្ម​៣​ដុំ​នេះ​មក​ប៉ុស្តិ៍​យាម​កម្ពុជា​គឺមាន​ចម្ងាយ​ប្រមាណ​តែ​២០​ម៉ែត្រ​ប៉ុណ្ណោះ ឯ​ភាគី​វៀតណាម​វិញ​ប៉ុស្តិ៍​យាម​របស់គេ​នៅ​ចម្ងាយ​ពី​ថ្ម​៣​ដុំ​នេះ ប្រមាណ​២០០​ម៉ែត្រ​ទៅមុខទៀត ហើយ​ភាគី​ខាង​វៀតណាម​ក៏​មិនមាន​ដាក់​កម្លាំង​យាម​​ល្បាត​នៅលើ​ទីតាំង​តំបន់​ថ្ម​បី​ដុំ​នោះដែរ គឺមាន​តែ​ខាង​ភាគី​កម្ពុជា​ប៉ុណ្ណោះ​នៅ​ការពារ​ទីតាំង​នោះ​។
​ផ្អែកលើ​ផែនទី​តំបន់​ថ្ម​៣​ដុំ​នេះ គឺ​ស្ថិតនៅត្រង់​ចន្លោះ​បង្គោល​ព្រំដែន​លេខ ២៦៦ និង​២៦៧ នៃ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​វៀតណាម​។​

​លោក​ស៊ុត ខុន អភិបាលស្រុក​បុរី​ជលសារ បាន​រៀបរាប់ថា តាមរយៈ​ការចុះ​ល្បាត​របស់​កម្លាំង​លោក ពិសេស​នៅ​តំបន់​ថ្ម​៣​ដុំ​នេះ​ជា​ញឹកញាប់ គឺ​ស្ថានភាព​នៅ​តំបន់​នេះ​គឺ​នៅ​ដដែល គ្មានអ្វី​បាត់បង់​ទេ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ធ្លាប់ធ្វើ​ស្រែ​នៅ​តំបន់​នេះ​គឺ​នៅតែ​ធ្វើស្រែ​ជាធម្មតា និង​កុំថាឡើយ​មានការ​បាត់បង់​ថ្ម​បី​ដុំ គឺ​សូម្បីតែ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅក្នុង​តំបន់​នោះ ក៏​អះអាងថា​ពួកគាត់​មិនមាន​បាត់បង់​ដីស្រែ​នៅ​តំបន់​នេះដែរ​។ លោក​អភិបាលស្រុក​បុរី​ជលសារ បានបញ្ជាក់​បន្ថែមថា ពេលនេះ​ក្រុមការងារ​បោះបង្គោល​ព្រំដែន និង​ក្រុមការងារ​ស្រាវជ្រាវ​កិច្ចការ​ព្រំដែនកំពុងធ្វើការ​ចុះ​វាស់​​វែង​ជាក់ស្តែង​នៅ​តំបន់​ថ្ម​៣​ដុំ​នេះ​ផ្ទាល់ គឺ​មិនមាន​ការហាម​ប្រាម​ពី​ភាគី​វៀតណាម​ឡើយ ហើយ​បើ​តំបន់​នេះ​ត្រូវបាន​វៀតណាម​កាន់កាប់​មែន​នោះ យើង​នឹង​មិនអាច​ចូលមក​ទាំង​អ្នក​​កាសែត​ឬ​អាជ្ញាធរ​ខ្មែរ​ដោយ​សេរី​បែប​​នេះ​បានឡើយ​។​

 លោក ស៊ុត ខុន ក៏បាន​រំលឹកថា​ពីមុន​តំបន់​នេះ​ជា​វាល​បឹង និង​ព្រៃ​បន្លា តែ​ក្រោយ​មានការ​ផ្តួចផ្តើម​ពី​លោក ប៉ុល សារឿន នៅ​ឆ្នាំ​១៩៨៣ តំបន់​នេះ​ក៏​ត្រូវបាន​បង្កើតជា​ឃុំ ជា​ភូមិ និង​ជា​ប៉ុស្តិ៍​ព្រំដែន ដែលមាន​ទាំង​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ ក្នុង​គោលបំណង​ការពារ​ទឹកដី​តំបន់​នេះ ដែល​ត្រូវបាន​ខ្មែរ​កាន់កាប់​ជា​យូរ​មកហើយ​។
​លោក​អភិបាលស្រុក​បញ្ជាក់ថា នៅក្នុង​ឃុំ​កំពង់​ក្រសាំង រួមទាំង​តំបន់​ថ្ម​បី​ដុំ​នេះ​មាន​ប្រជាជន​ខ្មែរ​ប្រមាណ​ជិត​៤​ពាន់​នាក់ ដែល​៩០%​នៃ​ប្រជាជន​ទាំងនោះ​គឺ​ប្រកប​របរ​កសិកម្ម​។​ចំពោះ​ការរីកចម្រើន​ដែល​យើង​បាន​មើលឃើញ​កន្លងមក​គឺមាន វិស័យ​កសិកម្ម ទេសចរ កាស៊ីណូ ផ្សារ ផ្សារ​ទំនើប ផ្លូវទឹក រួមទាំង​ចរន្តអគ្គិសនី​ជាដើម​។​

​លោក​អនុសេនីយ៍ឯក នួន យូ​លាង ប្រធាន​ប៉ុស្តិ៍​ត្រួតពិនិត្យ​ថ្ម​៣​ដុំ ដែលជា​សមត្ថកិច្ច​មូល​ដ្ឋា​ន​ប្រចាំការ​នៅ​តំបន់​ថ្ម​៣​ដុំ បាន​ប្រាប់ថា​លោក​បានដាក់​កម្លាំង​យាមល្បាត​តាម​ការចាត់​​តាំងរបស់​ថ្នាក់លើ ដើម្បី​ការពារ​តំបន់​ភូមិសាស្ត្រ​នេះ​ជាប្រចាំ ហើយ​លោក​សូម​អះអាងថា គ្មាន​ការបាត់បង់​ថ្ម​ទៅខាង​វៀតណាម​២​ដុំ ខ្មែរ​សល់​តែ​១​ដុំ​ដូច​ការចោទប្រកាន់​រប​ស់​ក្រុម​ជន​មួយ ចំនួន​និយាយ​បំ​ភ្លើ​ស​ឡើយ​។​

​លោ​ល ស៊ិន សុធា​នី ប្រធាន​ក្រុម​​បច្ចេកទេស​បោះបង្គោល​ខ័​ណ្ឌ​សីមា​ព្រំ​ដែ រវាង​ខេត្តតាកែវ ប្រទេស​កម្ពុជា ជាមួយ​ខេត្ត​អាងយ៉ាង ប្រទេស​វៀតណាម បាន​មានប្រសាសន៍​ឱ្យដឹងថា តំបន់​ថ្ម​៣​ដុំ​នេះ លោក​បាន​ចុះមក​សិក្សា​ជា​ញឹកញាប់​រយៈពេល​ប្រមាណ​៤​ឆ្នាំ​មកហើយ មុន​ធ្វើ​ការដាំ​បង្គោល​ព្រំដែន​នៅ​តំបន់​នេះ​។ តំបន់​នេះ​មាន​សេសសល់​បង្គោល​បារាំង​ចាស់​ដែល​បាន​បោះ​ក្នុង​កំឡុង​ឆ្នាំ​១៨៩៣ គឺ​បង្គោល​លេខ ១០៧ ហើយ​សព្វថ្ងៃ​យើង​បាន​ដាំ​បង្គោល​ថ្មី​ចំ​ទីតាំង​ចាស់​នេះ គឺ​បង្គោល​លេខ ២៦៦ ស្ថិតនៅ​ខាងជើង​ថ្ម​៣​ដុំ​នេះ ដែលមាន​ចម្ងាយ ៧០០​ម៉ែត្រ​។
​លោក​បន្តថា នៅ​តំបន់​ថ្ម​៣​ដុំ​នេះ​គឺ​យើង​មាន​ដាំ​បង្គោល​មួយទៀត គឺ​បង្គោល​លេខ ២៦៧​ដែល​ស្ថិតនៅ​ចម្ងាយ​ពី​ថ្ម​៣​ដុំ​នេះ​ប្រមាណ​ជា​១២០០​ម៉ែត្រ​។ បង្គោល​ធំ​ព្រំដែន​បាន​បោះ​រួចហើយ​នៅ​តំបន់​នេះ នៅសល់តែ​ការងារ​ខ័​ណ្ឌ​សីមា គឺ​បោះបង្គោល​តូចៗ​លើដី​ជាក់ស្តែង​ប៉ុណ្ណោះ ។ តំបន់​នេះ​ថ្វីបើ​យើង​មិនទាន់​ធ្វើការ​ខ័​ណ្ឌ​សីមា​ប៉ុន្តែ​យើង​ស​ន្និ​ដា្ឋ​ន​ជាបឋម​ថា ជា​របស់​កម្ពុជា ដោយ​ផ្អែកលើ​ស្ថានភាព​គ្រប់គ្រង គឺ​យើង​ជា​អ្នកគ្រប់គ្រង​ថ្ម​៣​ដុំ​នេះ​ជាក់ស្តែង​។ ឆ្លងកាត់​ការដោះស្រាយ​កន្លងមករ​វាង​គណៈកម្មាធិការ​ព្រំដែន​ប្រទេស​ទាំងពីរ យើង​ផ្អែកលើ​គោលការណ៍​៣​ចំណុច​ជា​មូលដ្ឋាន ទី​១‑ គឺ​ផែនទី​ផ្លូវការ​,​ទី​២‑​បណ្តា​ឯកសារ​ចាស់ៗ​ដែល​បន្សល់ទុក​ពី​អាណាព្យាបាល​បារាំង និង​ទី​៣​គឺ​ការគ្រប់គ្រង​ជាក់ស្តែង ហើយ​បើ​ផ្អែកលើ​ចំណុច​៣​នេះ យើង​សន្និដ្ឋានថា ថ្ម​៣​ដុំ​នេះ​គឺជា​កម្មសិទ្ធិ​របស់​កម្ពុ​ជា​៕​

បញ្ចប់​ពាក្យ​ចចាមអារ៉ាម​៖ តំបន់​ថ្ម​បី​ដុំស្ថិតក្នុង​ទឹកដី​ខ្មែរ និង​មិនបាន​បាត់ទៅ​វៀតណាម​ទេ​

បញ្ចប់​ពាក្យ​ចចាមអារ៉ាម​៖ តំបន់​ថ្ម​បី​ដុំស្ថិតក្នុង​ទឹកដី​ខ្មែរ និង​មិនបាន​បាត់ទៅ​វៀតណាម​ទេ​

បញ្ចប់​ពាក្យ​ចចាមអារ៉ាម​៖ តំបន់​ថ្ម​បី​ដុំស្ថិតក្នុង​ទឹកដី​ខ្មែរ និង​មិនបាន​បាត់ទៅ​វៀតណាម​ទេ​

បញ្ចប់​ពាក្យ​ចចាមអារ៉ាម​៖ តំបន់​ថ្ម​បី​ដុំស្ថិតក្នុង​ទឹកដី​ខ្មែរ និង​មិនបាន​បាត់ទៅ​វៀតណាម​ទេ​

បញ្ចប់​ពាក្យ​ចចាមអារ៉ាម​៖ តំបន់​ថ្ម​បី​ដុំស្ថិតក្នុង​ទឹកដី​ខ្មែរ និង​មិនបាន​បាត់ទៅ​វៀតណាម​ទេ​

បញ្ចប់​ពាក្យ​ចចាមអារ៉ាម​៖ តំបន់​ថ្ម​បី​ដុំស្ថិតក្នុង​ទឹកដី​ខ្មែរ និង​មិនបាន​បាត់ទៅ​វៀតណាម​ទេ​