​អាជីវកម្ម​ស្ករត្នោត​ចំណេញ​តិច តែ​ផ្តល់​ភាពប្រសើរ​ក្នុង​ជីវភាព​អ្នកស្រុក​អង្គរ​

ភ្នំពេញ:  អាជ្ញាធរ​ជាតិ​អប្សរា បាន​បរិយាយ​ថា ​បើ​និយាយ​ពី​តំបន់​អង្គរ​គឺ​ប្រជុំ​ទៅដោយ​ប្រាង្គ​ប្រាសាទបុរាណ វប្បធម៌ ទំនៀមទម្លាប់ និង​ជំនឿ​ជាច្រើន​បន្សល់ទុក​ដល់​ស​ព្វ​ថ្ងៃ ដែល​ទាក់ទាញ​ទេសចរ​បំផុត​ឱ្យ​ចូលមក​ទស្សនា​និង​សិក្សា​ឈ្វេងយល់​។​

​ចំពោះ​ការរស់នៅ​វិញ​ប្រជាជន​នៅ​តំបន់​នេះ​ក៏បាន​ប្រកប​របរ​ជាច្រើន​ដើម្បី​ទាញ​ផលប្រយោជន៍​ពី​វិស័យ​ទេសចរណ៍​ក្នុងនោះ​ការធ្វើ​ស្ករត្នោត​ក៏​ជា​មុខរបរ​សំខាន់​មួយ​ដែលមាន​តាំងពី​ដូនតា​និង​បាន​ជួយ​លើកស្ទួយ​ជីវភាព​របស់​អ្នកស្រុក​អង្គរ​បានល្អ​ប្រសើរ​ផងដែរ​។​

​បើតាម​ការរៀបរាប់រ​បស់​អ៊ំស្រី ឃ​ន​អាយុ​៥៨​ឆ្នាំ ជា​អ្នកភូមិ​ខ្នារ​សណ្តាយ​និង​ប្រកប​របរ​លក់​ស្ករត្នោត​ជាច្រើន​ឆ្នាំ​មកហើយ​បាន​ប្រាប់ថា​ចំណូល​ដែល​បាន​ពី​ការលក់​ស្ករត្នោត​ឱ្យ​ទេសចរ​បាន​សមល្មម​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​។​

​អ៊ំស្រី​បន្តទៀតថា ស្ករត្នោត​ដែល​អ៊ំ​លក់​គឺ​សុទ្ធ​១០០% គ្មាន​ជាតិគីមី មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ និង​ទើប​ផលិត​ថ្មីៗ មាន​៣​ប្រភេទ គឺ​ស្ករ​ដុំ (​ផែន​) រាវ និង​ហុយ​។ ស្ករ​ទាំង​៣​ប្រភេទ​នេះ ក្នុង​១​គីឡូ​បើ​លក់​ឱ្យ​ភ្ញៀវ​ជាតិ​តម្លៃ​ចាប់ពី​៧០០០៛​ទៅ​៨០០០៛ ហើយ​សម្រាប់​ភ្ញៀវ​បរទេស​គឺ​លក់បាន​ពី​៣​ដុល្លារ​ទៅ​៥​ដុល្លារ​។​ក្នុង​មួយថ្ងៃៗ​អ៊ំស្រី​ទិញ​ទឹកត្នោត​គេ​១០​លីត្រ យកមក​ធ្វើ​ស្ករ​បាន​ជិត​១០​ស្រាក់​ឬ​១​គីឡូ​។​

​មិន​ខុសគ្នា​ពី​អ៊ំស្រី ឃ​ន បងស្រី បិះ ស្រី​ពៅ ក៏បាន​ប្រាប់​ដែរ​ថា ការលក់​ស្ករត្នោត​ជា​មុខរបរ​មួយ​អា​ចរក​កម្រៃ​បាន​គួរសម ផ្សែផ្សំ​នឹង​ការងារ​ផ្សេង​ផង​គ្រាន់​ជួយ​គ្រួ​សារបាន​ប្រសើរ​ដែរ​។ ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​តែងតែ​ចូលមក​ទិញ​តិច​ច្រើន​តាម​ការចង់បាន ហើយ​ភាគច្រើន​គឺ​ជន​ជាតិចិន ថៃ​និង​វៀតណាម​ទិញ​ច្រើនជាងគេ​។​

​ចំណែក​បងស្រី អ៊ិ​ញ ក៏បាន​ប្រាប់​ដែរ​ថា គាត់​ក៏​ទិញ​ទឹកត្នោត​គេ​ដើម្បី​មក​ធ្វើ​ស្ករត្នោត​ដែរ ក្នុង​មួយថ្ងៃ​គាត់​ទិញ​១៥​លីត្រ ហើយ​ធ្វើ​ស្ករ​បាន​១.៥០​គីឡូ​។ គាត់​ចំណាយពេល​៣​ម៉ោង ទើប​ធ្វើ​ស្ករ​រួច ហើយ​បើតាម​ការសង្កេត​កន្លង​មក លក់​ស្ករស្រាក់​ចំណេញ​ជាង​ស្ករ​គីឡូ​។ ដើម្បី​គាំទ្រ​ផលិតផល​ខ្មែរ​ពិតៗ ពេល​អ្នក​បានធ្វើ​ដំណើរ​មកកាន់​ខេត្តសៀមរាប​ហើយ សូមកុំ​ភ្លេច​ចូល​ជាវ​ស្ករត្នោត​ខ្មែរ​ដែល​គ្មាន​ជាតិគីមី​១០០% នៅ​ភូមិ​ព្រះ​ដាក់​និង​ភូមិ​ខ្នារ​សណ្តាយ​។ មួយវិញទៀត​បើ​មិនបាន​ទិញ ក៏​អាចមក​មើល ភ្លក្ស​រសជាតិ និង​ផ្តិត​យក​សកម្មភាព​ជាច្រើន​របស់​ប្រជាជន​ធ្វើ​ស្ករត្នោត​បានដែរ ដែល​នេះ​ជា​ទស្សនីយភាព​មួយ​ដ៏​រស់​រវើក​បង្ហាញ​ពី​ជីវភាព​រស់នៅ​របស់​អ្នកស្រុក​អង្គរ​៕