អង្គការ​អូតង់​នឹង​បង្កើន​វត្តមាន​របស់​ខ្លួន​​នៅ​អឺរ៉ុប​ខាង​កើត

អង្គការ​អូតង់​នឹង​បង្កើន​វត្តមាន​របស់​ខ្លួន​​នៅ​អឺរ៉ុប​ខាង​កើត

លោក Jens Stoltenberg (រូប​កណ្តាល) អគ្គលេខាធិការ​នៃ​អង្គការ​អូតង់​បាន​ថ្លែង​ទៅ​កាន់​រដ្ឋ​មន្រ្តី​ការពារ​ជាតិ​របស់​អង្គការ​អូតង់​នៅ​ទីស្នាក់ការ​របស់​សម្ព័ន្ធមិត្ត​នៅ​ក្នុង​ក្រុង​ព្រុចសែល កាលពី​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦។

អគ្គលេខាធិការ​នៃ​អង្គការ​អូតង់​បាន​និយាយ​ថា ការ​បង្កើន​វត្តមាន​កាន់តែ​ច្រើន​របស់​ក្រុម​សម្ព័ន្ធ​មិត្ត​នៅ​អឺរ៉ុប​ខាង​កើត​បាន​ផ្ញើ​ជា​សញ្ញា​ដ៏​ច្បាស់​មួយ​ទៅ​កាន់​អ្នក​ដែល​នឹង​គឃ្លើន​ទាំង​អស់។ ​

ដោយ​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​នៅ​រដ្ឋធានី​ព្រុចសែល​ មុន​ពេល​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋ​មន្រ្តី​ការពារ​ជាតិ​របស់​អង្គការ​អូតង់​ដែល​មាន​រយៈពេល​២​ថ្ងៃ​នោះ លោក Jens Stoltenberg បាន​មាន​ប្រសាសន៍​ដោយ​សំដៅ​លើប្រទេស​រុស្ស៊ី​យ៉ាង​ច្បាស់ថា «អង្គការ​អូតង់​នឹង​ឆ្លើយតប​ទៅ​នឹង​ភាព​គឃើ្លន​ទាំងឡាយ​ណា​ទៅ​លើក្រុម​សម្ព័ន្ធមិត្ត​របស់​ខ្លួន»។

​ចាប់​តាំង​ពី​ប្រទេស​រុស្ស៊ី​បាន​ដណ្តើម​យក​តំបន់​ Crimea កាល​ពី​២​ឆ្នាំ​មុន​មក កង​យោធា​របស់​ក្រុម​សម្ព័ន្ធមិត្ត​នៅ​លោក​ខាង​លិច​មាន​ការ​ព្រួយបារម្ភ​កាន់​តែ​ខ្លាំង​ថា រដ្ឋាភិបាល​ទីក្រុង​មូស្គូ​អាច​នឹង​ឈ្លានពាន​យ៉ាង​លឿន​ចូល​ក្នុង​ប្រទេស​ប៉ូឡូញ​ ឬ​បណ្តា​ប្រទេស Baltic។​

លោក Michael Fallon រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​អង់គ្លេស​បាន​លើក​ឡើង​ម្តង​ហើយ​ម្តង​ទៀត​អំពី​ក្តី​បារម្ភ​នេះ ​នៅ​ពេល​ដែល​លោក​បាន​មក​ដល់​រដ្ឋធានី​ព្រុចសែល​កាល​ពី​ថ្ងៃ​ពុធ។ ​

យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters លោកស្រី Maria Zakharova អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការបរទេស​រុស្ស៊ី​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ពុធ​ថា ការណ៍​ដែល​យោធា​របស់​អង្គការ​អូតង់​បាន​បង្កើន​ចំនួន​នៅ​លោក​ខាង​កើត ដែល​ជា​ចំនួន​ច្រើន​ជាង​គេ​បង្អស់​នៅ​អឺរ៉ុប​ចាប់​តាំង​ពី​សង្រ្គាម​ត្រជាក់​មក គឺ​ជា​កត្តា​ដែល​មិន​មាន​ស្ថិរភាព​មួយ​ក្នុង​ការ​ទប់ទល់​នឹង​រុស្ស៊ី។

គេ​រំពឹង​ថា ក្រុម​រដ្ឋ​មន្រ្តី​ការពារ​ជាតិ​របស់​អង្គការ​អូតង់​នឹង​ពិភាក្សា​លើ​សំណើ​របស់​ប្រទេស​តួកគី​ក្នុង​ការ​ស្នើ​ឲ្យ​អង្គការ​អូតង់​ជួយ​ពន្យឺត​ការ​ចូល​មក​អឺរ៉ុប​របស់​ក្រុម​ជន​អន្តោប្រវេសន៍៕​