ធ្លាយដំណឹងថាស្មាតហ្វូន Honor 7 Premium Edition របស់ Huawei បំពាក់កាម៉េរ៉ា ២០មេហ្គាភិចសែល

បច្ចេកវិទ្យា៖ ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនចម្រុះជាតិសាសន៍របស់ប្រទេសចិន ដែលមានទីស្នាក់ការនៅ Shenzhen ក្នុងខេត្ត Guangdong ថ្មីៗនេះ បានប្រកាសស្មាតហ្វូន Honor 5X នៅអឺរ៉ុប និងសហរដ្ឋអាម៉េរិក  ហើយស្មាតហ្វូននេះអាចរកទិញបាននៅ លើគេហទំព័រក្នុងប្រទេស ប៊ែលហ្សិក អាល្លឺម៉ង់ អ៊ីតាលី  ចក្រភពអង់គ្លេស បារាំង ស្វីសហ្សេឡេន  ព័រទុហ្គាល និង ហុល្លង់ នេះបើយោងតាម neurogadget ចុះផ្សាយកាលពីរាត្រីថ្ងៃទី១០ ខែកុម្ភៈ។

ជាមួយនឹងព័ត៌មានខាងលើ វាក៏ត្រូវបានគេរំពឹងថា សម្រាប់ម៉ូដែលចុងក្រោយមួយទៀត Huawei Honor 7 Premium Edition មិនត្រឹមតែវាយលុកទីផ្សារ នៅអឺរ៉ុបប៉ុណ្ណោះទេ នឹងវាយលុកទីផ្សារលើពិភពលោកតែម្តង ។សម្រាប់ Honor 7 Premium Edition ក៏លេចព័ត៌មានថា នឹងប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow OS ។

ទោះបីជាយ៉ាងនេះក្តី ខាងក្រុមហ៊ុនមិនបានបញ្ជាក់ពីលក្ខណៈពិសេស របស់ Honor 7 Premium Edition ឡើយ ប៉ុន្តែក្រុមហ៊ុននេះបានលើកឡើងថា ស្មាតហ្វូននេះ នឹងមានអង្គចងចាំផ្ទុកទិន្នន័យចំនួន ៣២ជីហ្គាបាយ និង អាចបន្ថែមអង្គចងចាំផ្ទុកទិន្នន័យចំនួន ១២៨ជីហ្គាបាយផងដែរ។

ក្នុងនោះក៏មានពាក្យចចាមអារាមថា Honor 7 Premium  នេះនឹងបំពាក់ដោយកាម៉េរ៉ាខាងក្រោយទំហំ ២០មេហ្គាភិចសែល  ប្រភេទ dual-LED  និងកាម៉េរ៉ាខាងមុខ ៨មេហ្គាភិចសែល ។ ចំណែក អេក្រង់វិញទំហំ ៥.២អ៊ីញ  ហើយវាត្រូវបានភ្ជាម់មកនូវកញ្ចក់ការពារ Corning Gorilla Glass 3 ។

ព័ត៌មានចចាមអារាមនោះ ក៏បានបញ្ចាក់ថា សម្រាប់ស្មាតហ្វូនចុងក្រោយនេះ នឹងមានពណ៌មាស និងពណ៌ប្រផេះ ៕

ធ្លាយដំណឹងថាស្មាតហ្វូន Honor 7 Premium Edition របស់  Huawei បំពាក់កាម៉េរ៉ា ២០មេហ្គាភិចសែល