ចោរ​ភ្ជង់​ប្លន់​កាបូប​ស្ត្រី​ម្នាក់​បាញ់​គំរាម​១​គ្រាប់

ចោរ​ភ្ជង់​ប្លន់​កាបូប​ស្ត្រី​ម្នាក់​បាញ់​គំរាម​១​គ្រាប់

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​ចោរ​ម្នាក់​ប្រដាប់​ដោយ​អាវុធ​ខ្លី​ភ្ជង់​ប្លន់​យក​កាបូប​លុយ​ដល់​មុខ​ផ្ទះ ខណៈ​ពេល​ដែល​ស្ត្រី​រូប​នេះ​ចុះ​ពីលើ​រថយន្ត ហើយ​បម្រុង​ចូល​ផ្ទះ​បងប្អូន កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ទី​៩ កុម្ភៈ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៦១D ផ្លូវ​លេខ​៥៩៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ករណី​ប្លន់​នេះ​ត្រូវ​បាន​ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព និង​ត្រូវ​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កដោយ​ម្ចាស់ផ្ទះ​ពី​សកម្មភាព​ចោរ​ភ្ជង់​ប្លន់​យក​កាបូប​នោះ​ក្នុង​រយៈពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ។

តាម​ប្រភព​ព័ត៌មាន ក្រុម​ចោរប្លន់​មាន​គ្នា​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្សុ​៊​យ​គី​ស្មាស់​ពណ៌​ខ្មៅ ប្រើ​អាវុធ​ខ្លី​២​ដើម​មិន​ស្គាល់​ម៉ាក ។ ចំពោះ​ភិនភាគ​ជនសង្ស័យ​ដែល​ថត​បាន​ដោយ​កាមេរ៉ា​សុវត្ថិភាព មាន​រាង​ធាត់ សំបុរ​ខ្មៅ ពាក់អាវ​យឺត​ដៃ​វែង ពណ៌​ខ្មៅ​លា​យស ស្លៀកខោ​ពណ៌​ខ្មៅ ពាក់មួក​ក​ន្តិ​ប​ពណ៌​ក្រហម និង​ម្នាក់​ទៀត​រាង​ស្គម​ជា​អ្នក​បើក​ម៉ូតូ​បញ្ឆេះ​ម៉ូតូ​រង់ចាំ​ជា​ស្រេច ។

ជន​រង​គ្រោះ​ក្នុង​អំពើ​ប្លន់​នេះ​ឈ្មោះ ខៀវ កណ្ណិកា ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ជា​គ្រូបង្រៀន ស្នាក់​នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ សម្ភារ​ដែល​បាត់បង់​មាន​ទូរស័ព្ទ​មួយ​គ្រឿង លុយ​អា​មេ​រិ​ក​ចំនួន​២.០០០​ដុល្លារ និង​សម្ភារ​មួយ​ចំនួន ។

តាម​កាមេរ៉ា​សុវត្ថិភាព​ដែល​ថត​បាន​ដំបូង​ឃើញ​ស្ត្រី​រង​គ្រោះ​ចុះ​ពី​រថយន្ត​ស្ពាយ​កាបូប​មួយ ដើរ​តម្រង់​ទៅ​ផ្ទះ​បងប្អូន​ជា​ផ្ទះល្វែង ។ ឃើញ​ស្ត្រី​រូប​នេះ​ឈរ​ជាប់មាត់​ទ្វារ​រង់ចាំ​បើកទ្វារ ។ ស្រាប់តែ​មាន​ចោរ​ម្នាក់រ​ត់ទៅ​ដល់​ភ្ជង់​ដណ្តើម​យក​បាន​កាបូប​យ៉ាង​ងាយស្រួល ។ គេ​ឃើញ​ចោរប្លន់​ម្នាក់​នេះ ពេល​ដណ្តើម​បាន​កាបូប​ហើយ រៀប​រត់​ចេញ ក៏​ជ្រុះ​ទូរស័ព្ទ​ដៃ ។ ចោរ​ស្ទុះ​ថយក្រោយ​អោន​រើស​យក​ទូរស័ព្ទ​ហើយរ​ត់ទៅ ។ ទន្ទឹម​គ្នា​នេះ ស្ត្រី​ម្ចាស់ផ្ទះ​២​នាក់​បាន​បើកទ្វារ​ចេញ​មក​ឃើញ​ចោរប្លន់​ឆក់​យក​កាបូប​រត់​បែប​នេះ ក៏​នាំ​គ្នា​ដេញ​តាម​ហើយ​ស្រែក ទើប​ក្រុម​ចោរ​បាញ់​គំរាម​ឡើង​លើ​១​គ្រាប់ និង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ដោយ​សុវត្ថិភាព​ទៅ​ហោង ។

ក្រោយ​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី ដើម្បី​ឱ្យ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ក្រុម​ចោរ​ខាងលើ ដែល​បាន​ធ្វើ​សកម្មភាព​ប្លន់​រូប​គាត់ ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ហាក់ដូចជា​គ្មាន​សង្ឃឹម​បន្តិច​ណា​សោះ បើ​ទោះបីជា​មានការ​បង្ហោះ​វី​ដេ​អូ​ពី​ភិនភាគ​ក្រុម​ចោរ​ក៏​ដោយ ៕