ក្នុងអំឡុង​បុណ្យចូលឆ្នាំ​ចិន ឆ្នាំនេះ​មាន​គ្រោះ​អគ្គិភ័យ​ច្រើនជាង​ឆ្នាំមុន​

ភ្នំពេញ:  ប្រធាន​នាយកដ្ឋាន​នគរ​បាលប​ង្កា​រ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​អះអាងថា ផ្ទះ​ចំនួន​១២០​ខ្នង ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​ក្នុង​រយៈពេល​បី​ថ្ងៃ ក្នុងអំឡុង​បុណ្យចូលឆ្នាំ ចិន ដែល​ចំនួន​នេះ​មានការ​កើនឡើង​ចំនួន​១១៣​ខ្នង បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៥​កន្លងមក​។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី នេត្រ វណ្ណ​ថា ប្រធាន​នាយកដ្ឋាន​នគរ​បាលប​ង្កា​រ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ បាន​ថ្លែង​ន​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​ថា ក្នុងអំឡុង​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម ឆ្នាំនេះ ករណី​អគ្គិភ័យ​មាន​ចំនួន​តិច ប៉ុន្តែ​ផល​ខូចខាត មាន​ទំហំ​ធំ ដោយ​តំបន់​ក្នុង​រាជធានី​ភ្នំពេញ​ឈរ លំដាប់​ទីមួយ​ដែល​រង​ការខូចខាត​ច្រើនជាងគេ គឺ​អគ្គិភ័យ​កើតឡើង​ចំនួន​៤​លើក និង​បាន​បំផ្លាញ​ផ្ទះ​ចំនួន​១០៦​ខ្នង​។

លោក​បាន​បញ្ជាក់ថា គ្រោះ​អគ្គិភ័យ​នេះ​បង្កឡើង​ដោយសារ​ការអុជ​ធូប ទៀន​សែន កុងម៉ា​ទុកចោល ច្រើនជាងគេ ដែល​កើតឡើង​ចំនួន​៥​លើក ខណៈដែល​ការបង្ក ឡើង​ដោយ​ការឆ្លង​ចរន្តអគ្គិសនី មាន​ចំនួន តែ​៣​លើក​តែប៉ុណ្ណោះ​។

 លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បន្តថា មន្ត្រី​អគ្គិភ័យ​មានការ​លំបាក​ផងដែរ​ក្នុងការ​ជួយសង្គ្រោះ​ប្រជា​ពលរដ្ឋ ឱ្យបាន​ទាន់ពេលវេលា​នៅពេល​ដែលមាន​គ្រោះ​អគ្គិភ័យ​កើតឡើង​នៅ​តំបន់​ឆ្ងាយៗ ចេញពី​ទី​រួម​ខេត្ត ដោយ​អង្គភាព​អគ្គិភ័យ​មិនទាន់មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​គ្រប់គ្រាន់​។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បាន​អះអាងថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ដាក់ចេញ​ផែនការ​ក្នុង​ការដាក់​រថយន្ត​ពន្លត់​អគ្គិភ័យ នៅតាម​ស្រុក​មួយចំនួន​ដែល​ប្រឈម​នឹង​គ្រោះ​អគ្គិភ័យ ដោយ​ក្នុងនោះ​គឺ​ក្រសួង​មាន​គម្រោង​ក្នុង​ការទិញ រថយន្ត​ពន្លត់​អគ្គិភ័យ​បន្ថែមទៀត​៕

ក្នុងអំឡុង​បុណ្យចូលឆ្នាំ​ចិន ឆ្នាំនេះ​មាន​គ្រោះ​អគ្គិភ័យ​ច្រើនជាង​ឆ្នាំមុន​