៩ ចំណុច​ពី​គុណប្រយោជន៍​របស់​គ្រាប់ស្វាយចន្ទី​

Doliprane TVC

​គ្រាប់ស្វាយចន្ទី​ជា​គ្រាប់​ធញ្ញជាតិ​ដែល​គេ​តែង​យកមកធ្វើជា​អាហារសម្រន់​នៅ​គ្រប់​កាលៈទេសៈ ។ វា​ត្រូវបាន​ចាត់ទុក​ថា​មានគុណ​ប្រយោជន៍​ច្រើន​បំផុត​ចំពោះ​សុខភាព ។
ខាងក្រោម​នេះ​ជា​ចំណុច​មួយចំនួន​ពី​គុណប្រយោជន៍​របស់​គ្រាប់ស្វាយចន្ទី ៖

១-​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល ៖ ដោយសារ​ថា​គ្រាប់ស្វាយចន្ទី​សម្បូរ​ជាតិ​ខ្លាញ់​ច្រើន ដូច្នេះ​អ្នក​គួរ​ចៀសវាង​កុំ​ទទួលទាន​ច្រើនពេក ។ តាម​អ្នកជំនាញ​អាហារូបត្ថម្ភ​បានបញ្ជាក់​ថា ជាតិ​ខ្លា​ញ់ក្នុង​គ្រាប់ស្វាយចន្ទី​ជា​សារធាតុ​អាស៊ីដ​ខ្លាញ់​អូ​មេ​ហ្គា​ម្យ៉ាង និង ជា​អាស៊ីដ​អូ​ឡេ​អ៊ី​ក (Oleic) ល្អ​បំផុត​សម្រាប់​សុខភាព ។ វា​មាន​សមត្ថភាព​ជួយ​បន្ថយ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​បាន​ផងដែរ ។

២-​ល្អ​សម្រាប់​សុខភាព​បេះដូង ៖ ជាតិ​ខ្លាញ់ និង អាស៊ីដ​អូ​មេ​ហ្គាមិន​ត្រឹមតែ​ជួយ​កាត់បន្ថយ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល ​មិនល្អ​នោះទេ ប៉ុន្តែថែមទាំង​ជួយ​បន្ថយ​កម្រិត​ជាតិ​ទ្រី​គ្លី​សេ​រីដ (Triglycerides) ជួយ​ដល់​សុខភាព​បេះដូង ។ ជារួម​ក្នុង​រាងកាយ​មនុស្ស​ត្រូវការ​អាហារូបត្ថម្ភ​គ្រប់​ប្រភេទ ពី​ប្រភព​ជាតិ​ខ្លាញ់​ក្នុង​អាហារ​ទូទៅ ។

៣-​ជួយ​បន្ថយ​កម្រិត​សម្ពាធ​ឈាម ៖ ក្នុង​គ្រាប់ស្វាយចន្ទី​មាន​កម្រិតជាតិ​ប៉ូ​តា​ស្យូ​ម​សមល្មម (១៨៥ មិ​ល្លី​ក្រាម ក្នុង​គ្រាប់ស្វាយចន្ទី ទម្ងន់ ២៨ ក្រាម​) ដែល​ជួយ​សម្រួល​សម្ពាធ​ឈាម​រត់​បាន​ប្រសើរ ។​

៤-​បង្កើន​កម្លាំង ៖ ក្នុង​គ្រាប់ស្វាយចន្ទី​ទម្ងន់ ១០០ ក្រាម អាច​ផ្តល់ជាតិ​ប្រូតេអ៊ីន​បាន ៣៦ ភាគរយ ដែល​ជួយ​បំពេញ​កម្លាំង​ដល់ រាងកាយ​បាន​ប្រសើរ ។ ជាតិ​ប្រូតេអ៊ីន​នេះ​អាច​បង្កើន​ការលូតលាស់​កោសិកា និង ជួយ​ស្រូប​ជាតិ​កាល់ស្យូម​បាន​រហ័ស ។ វា​ជា​អាហារ​មួយ​ប្រភេទ​ដែល​ជួយ​បង្គ្រប់​បញ្ហា​កង្វះ​វីតាមីន​ក្នុង​ខ្លួនជាពិសេស​ចំពោះ​អ្នក​តមសាច់ ។​

៥-​អាច​ការពារ និង គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម ៖ ក្នុង​គ្រាប់ស្វាយចន្ទី​គេ​បាន​រកឃើញ​ជាតិ​គ្លី​សេ​មី​ក (Glycemic) ដែលមាន សមត្ថភាព​ខ្ពស់​មិន​ត្រឹមតែ​ជួយ​ទប់ទល់​ជំងឺ​ទឹកនោមផ្អែម​ប៉ុណ្ណោះ​ទេថែមទាំង​ជួយ​កាត់បន្ថយ​ការវិវឌ្ឍ​ទៅ​កើត​ជំងឺ​ទឹកនោមផ្អែម​ដំណាក់កាល​ទី ២ ថែម​ទៀតផង ។​

៦-​ជួយ​កាត់បន្ថយ​អាកា​រពុក​ធ្មេញ ៖ គ្រាប់ស្វាយចន្ទី​មាន​ផ្ទុក​អាស៊ីដ អាណា​កា​ឌី​ក (Anacardic) ដែលមាន​ប្រសិទ្ធភាព​បំផុត​ក្នុង ការ​កម្ចាត់​សរីរាង្គ​បណ្តាលឱ្យ​ពុក​ធ្មេញ និង រាក់​ស៊ី​ធ្មេញ ។

៧-​ជួយ​កាត់បន្ថយ​ជំងឺមហារីក ៖ គ្រាប់ស្វាយចន្ទី​ផ្តល់​សារធាតុ អុកស៊ីដកម្ម​មួយចំនួន​ដូចជា សេ​ឡេ​នី​ញ៉ូ​ម (selenium) និង វីតាមីន E ជួយ​កាត់បន្ថយ​អុកស៊ីដកម្ម​សេរី​ដែល​ច្រើន​បង្ក​ឱ្យ​កើតជា​ជំងឺមហារីក ។​

៨-​សំខាន់​សម្រាប់​ដំណើរការ​មុខងារ​សរីរកាយ ៖ សារធាតុ​ទង់ដែងក្នុង​គ្រាប់ស្វាយចន្ទី​ដើរតួ​សំខាន់​ក្នុង​សកម្មភាព​ចលនា​អង់​ហ្ស៊ី​ម ចលនា​ផលិត​អ័រម៉ូន ដំណើរការ​ខួរក្បាល និង សរីរាង្គ​ផ្សេងៗ​នៃ​រាងកាយ និង ជួយ​ផលិត​កោសិកា​ឈាមក្រហម ការពារ​បញ្ហា​កង្វះ​ឈាមក្រហម ។​

៩-​ជួយ​កាត់បន្ថយ​ក្រួសក្នុងប្រមាត់ ៖ តាម​ការសិក្សា​លើ​ស្ត្រី​ជាង ៨ ម៉ឺន​នាក់​បង្ហាញថា អ្នក​ដែល​ទទួលទាន​គ្រាប់ស្វាយចន្ទី​ប្រហែល ជា ២៨ គ្រាប់ ក្នុង​មួយ​សបា្តហ៍អាចជួយ​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ការវិវឌ្ឍ ទៅ​កើត​ជំងឺ​ក្រួសក្នុងប្រមាត់​បាន ២៥ ភាគរយ ។

​សរុបទៅ​គ្រាប់ស្វាយចន្ទី​គ្មាន​ផលប៉ះពាល់​អ្វី​ដល់​សុខភាព​នោះទេ ប៉ុន្តែ​គ្រាន់តែ​ចាំ​ថា វា​សម្បូរ​ដោយ​ជាតិ​កាឡូរី​ច្រើន ហើយ​អ្នក​ក៏​មិនគួរ​ពិសា​ម្តងៗ​ក្នុង​បរិមាណ​ច្រើន​នោះដែរ គឺ​ប្រមាណ​ជា​ពី ៥ ទៅ ១០ គ្រាប់ បាន​ហើយ​ក្នុង​មួយថ្ងៃ ៕​ សុផល​