ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

​រាជ​ធានី​ភ្នំពេញ ៖ រថយន្ត​​​​បើក​បុក​ម៉ូតូ​បណ្តាល​ឲ្យ​យុវជន​២​នាក់​រង​របួស​ធ្ងន់​​ម្នាក់​ និង​​ស្រាល​ម្នាក់​​ ​ហើយ​រថយន្ត​បង្ក​​ព្យាយាមបើក​​រត់​បាត់​បន្សល់​ស្លាក​លេខ​នៅ​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​៩​និង​៤០​យប់ថ្ងៃ​ទី​១០ ខែកុម្ភៈ នៅ​​​កែង​ផ្លូវ​លេខ​​១១៣​និង​លេខ​២៧៨ សង្កាត់​បឹង​កេងកងទី​២ ខណ្ឌចំការមន ​។

តាម​ប្រភព​ព័​ត៌​មា​ន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​​ឃើញ​យុវជន​២​នាក់ ​​ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ស៊ូ​គី​និក ពណ៌​សលាយ​ផ្កាយ​ឈូក ​មួយគ្រឿង ធ្វើ​ដំណើរ​​តាម​ផ្លួ​វ​១១៣ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ​លុះ​មក​ដល់​ចំណុច​​កើត​ហេតុ​ខាងលើ ស្រាប់តែ​មានរថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ទឹកប្រាក់ ​មួយ​គ្រឿង​ ​ធ្វើ​ដំណើរ​​តាម​ផ្លួ​វ ​លេខ​២៧៨ ទិស​ដៅ​​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​ទៅ​បុក​​ម៉ូតូ​​​ពេញទំហឹង បណ្តាលឱ្យ​អ្នក​បើក​ម៉ូតូ​រង​របួសសន្លប់ និង​អ្នក​អង្គុយខាងក្រោយរង​របួស​​ស្រាល ត្រូវ​បានមិត្ត​ភក្ដិ​ដឹក​តាម​ម៉ូតូយក​ទៅ​សង្គ្រោះ​នៅ​គ្លីនិកឯកជន  ភ្លាម​ៗ​នោះ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​បើក​រត់​គេ​បាត់ ដោយ​បន្សល់​ទុក​ស្លាក​លេខរថយន្ត​នៅ​​នឹង​​កន្លែង កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ ម៉ូតូ​ជន​រង​គ្រោះ ព្រមទាំង​ស្លាក​លេខរថយន្ត​ ត្រូវ​បាន​​សមត្ថកិច្ចយក​ទៅរក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​កេងកង​២ ដើម្បី​ស្រាយ​ជ្រាវរក​​ម្ចាស់​រថយន្ត​បង្ក​មក​ដោះស្រាយ ​៕