ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៨​យប់​ថ្ងៃ​ទី​១០ កុម្ភៈ ២០១៦ ស្ថិត​នៅ​​ក្នុងភូមិ​វាលវង់ ឃុំ​សែន​ដី ស្រុក​សំរោង​ទង មាន​ករណី​ប្លន់​មួយកើត​ឡើង​ ខណៈ​ដែល​ស្ត្រី​ម្នាក់​កំពុង​អង្គុយ​ចិត​បន្លែ និង​មើល​ទូរទស្សន៍​ម្នាក់ឯង​នៅ​ក្នុងផ្ទះ ក៏​ត្រូវ​​ត្រូវ​ក្រុម​ចោរ​មានគ្នា​២​នាក់ពាក់ម៉ាស់ជិត ​ដើរចូល​​មកពីក្រោយ​​វាយ និង​ចាប់​ច្របាច់​.​កស្ត្រី​រងគ្រោះ​ ​សួរ​រកប្រាក់ ។

ដោយ​​មាន​ការ​ភ័យ​តក់ស្លុត​ពេក ស្ត្រី​រងគ្រោះ​​ ក៏​បាន​រ​ត់ទៅ​យក​​លុយ​ចំនួន​៣០០​ដុល្លារ នៅ​​ជិត​​ទូរទស្សន៍​ហុច​ទៅ​​ឱ្យ​ក្រុម​ចោរ​ទាំង​នោះ ហើយ​ពួក​ក្រុម​ចោរ ក៏​​បាន​គេចខ្លួន​ដោយ​សុវត្ថិភាព​ ។

ប្រភព​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ​ស៊ឹ​ម វ៉​ន អាយុ​៣៥​ឆ្នាំ មាន​ប្តី​ឈ្មោះ​ថោ​ង ធី​ម អាយុ​៣៦​ឆ្នាំ ទាំង​២​នាក់​​ជា​កម្មករ​រោង​ចក្រ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ ​នៅ​យប់​កើតហេតុ​ បុរស​ជា​ប្តី​​មិន​បាន​នៅផ្ទះទេ​ ចេញទៅក្រៅបាត់ ដោយ​ស្ត្រី​រង​គ្រោះ​​នៅ​ក្នុងផ្ទះ​តែ​ម្នាក់ឯង ។

បច្ចុប្បន្ន កម្លាំង​សមត្ថកិច្ច​កំពុងបើក​ការ​ស៊ើប​អង្កេត​​លើ​ករណី​នេះ ដោយ​អាច​មាន​តម្រុយ​ខ្លះ​ៗ​ហើយ ព្រោះ​​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​​ថា ក្រុម​ចោរ​ទាំង​​​នោះ​អាច​ជា​មនុស្ស​ស្គាល់​គ្នា​ជាមួយ​ជន​រង​គ្រោះ ឬ​ក៏​ជា​អ្នក​ក្នុងភូមិ​ផង​ដែរ ។ ​ព្រោះ​​ដឹងថា ជន​រង​គ្រោះមាន​លុយ និងទើប​តែ​ទិញ​ដី​ក្នុងភូមិទៀត​ផង ។