គ្រូបង្វឹកក្រុមបាល់ទាត់អ៊ុយរូហ្គាយប្រាប់ថា សូមត្រៀមស្វាគមន៍ការវិលត្រឡប់របស់ Suarez

បើយោងទៅតាមការបញ្ជាក់របស់លោកគ្រូបង្វឹក Oscar Tabarez កាលពីថ្ងៃអង្គារ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយរូហ្គាយ កំពុងតែរង់ចាំយ៉ាងអន្ទះសារសម្រាប់ការវិលត្រឡប់របស់ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ពួកគេ Luis Suarez ទៅកាន់កីឡាបាល់ទាត់អន្តរជាតិវិញនៅខែក្រោយ ក្រោយពីការពិន័យព្យួរចំនួន៩ប្រកួតរបស់គេពីបទខាំទៅលើគូបដិបក្ខ។
1
ក្រោយពីបញ្ជាក់ដដែលៗពីការជំទាស់របស់លោកជាមួយនឹងអ្វីដែលលោកចាត់ទុកថា «ជាការដាក់ពិន័យធ្ងន់ហួសហេតុ» ដែលកីឡាកររូបនេះទទួលរង លោក Tabarez បានឲ្យដឹងថា៖ «យើងបានរង់ចាំពេលវេលានេះ ហើយបច្ចុប្បន្ន វាបានមកដល់ហើយ»។ Suarez ត្រូវបានដាក់ពិន័យព្យួរមិនឲ្យចូលរួមក្នុងការប្រកួតអន្តរជាតិចំនួន៩ប្រកួត ក្រោយពីបានខាំខ្សែការពារអន្តរជាតិអ៊ីតាលី Giorgio Chiellini អំឡុងព្រឹត្តិការណ៍ World Cup នៅប្រទេសប្រេស៊ីលកាលពីឆ្នាំ១៨ខែកន្លងទៅ។ បច្ចុប្បន្ន ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំរូបនេះ អាចវិលទៅធ្វើការបង្ហាញខ្លួនជាអន្តរជាតិរបស់គេបានវិញ នៅពេលដែលក្រុមជម្រើសជាតិអ៊ុយរូហ្គាយប្រកួតជាមួយនឹងប្រេស៊ីល នៅថ្ងៃទី២៥ ខែមីនា ក្នុងការប្រកួតជម្រុំសម្រាប់ World Cup ឆ្នាំ២០១៨។

បន្ទាប់មក អ៊ុយរូហ្គាយ នឹងធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវ ប៉េរ៉ូ នៅថ្ងៃទី២៩ ខែមីនា។ លោក Tabarez បានបញ្ជាក់ថា៖ «Suarez ពិតជាមានសារសំខាន់សម្រាប់អ្វីដែលគេធ្វើនៅលើទីលាន សម្រាប់គ្រាប់បាល់ដែលគេស៊ុត និងជាកីឡាករសំខាន់ក្នុងការរកគ្រាប់បាល់សម្រាប់ក្រុមនេះ ហើយវាសំខាន់សម្រាប់របៀបដែលគេជម្នះរាល់ភាពលំបាកផ្សេងៗ។ នោះគឺជាអ្វីដែលគេមាន ហើយវាជាកត្តាដ៏សំខាន់មួយ»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «កីឡាករជាច្រើនអភិវឌ្ឍទៅមុខ។ ខណៈដែលពេលវេលាកន្លងផុត រូបគេធ្វើបានយ៉ាងល្អ ហើយសក្តានុពលរបស់គេអាចនឹងកើតឡើង»។ អ៊ុយរូហ្គាយ បានផ្តួលក្រុមជម្រើសជាតិអង់គ្លេស និងអ៊ីតាលី ដើម្បីឈានទៅវគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup នៅមុនពេលធ្លាក់ចេញក្រោមស្នាដៃក្រុមកូឡុំប៊ី ប៉ុន្តែ Suarez បានអវត្តមានក្នុងការប្រកួតនោះ៕

ប្រភពព័ត៌មាន៖ Bangkok Post