សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង​បេ​នី​យ៉ាំ​ង ទាក់ទាញ​ការ​ចាប់អារម្មណ៍​ចំពោះ​ការ​លេងខ្លួន​សិច​ស៊ី តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១៥​មក ។ ថ្មី​ៗ​កន្លង​មក​លេចឮ​ថា នារី​សិច​ស៊ី​រូប​នេះ​ទាក់ទង​ស្នេហា​ភេទ​ដូច​គ្នា​ជាមួយ​ថៅកែ​ស្រី​ម្នាក់ ។ ថៅកែ​ស្រី​នោះ​ធ្លាប់​ល្បី​ថា​សម្បូរ​រឿងរ៉ាវ​ស្នេហា​ជាមួយ​ភេទ​ដូច​គ្នា ។ ទន្ទឹម​ការ​លេចឮ​បែប​នេះ​ស្រាប់តែ​បេ​នី​យ៉ាំ​ង ប្រកាស​ថា នឹង​ចូល​រោងការ​នៅ​អំឡុង​ខែមេសា ២០១៦ ។

ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​គឺ​គេ​ឃើញ​តារា​សម្តែង​ស្រី​បេ​នី​យ៉ាំ​ង ចូល​ហាង​កៀក​កិត​ជាមួយ​ស្ត្រី​ថៅកែ​ផលិតកម្ម​មួយ ។ គេ​សង្ស័យ​ថា អាច​លើស​ពី​មិត្តភក្តិ ហើយ​ពួក​នាង​បាន​ទាក់ទង​គ្នា​មុន​ពេល​បេ​នី​យ៉ាំ​ង ចូល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​ទៅ​ទៀត ។ ដំណឹង​នេះ​ត្រូវ​បាន​ខ្សឹបខ្សៀវ​ក្នុង​ចង្កោម​អ្នកសិល្បៈ ហើយ​បុរស​ដែល​លង់​ស្នេហ៍​តារា​សិច​ស៊ី​បេ​នី​យ៉ាំ​ង មិន​តិច​ទេ​បាន​ខកចិត្ត ។

ជុំវិញ​ដំណឹង​ខ្សឹបខ្សៀវ​នេះ តារា​សម្តែង​ស្រី​សម្តី​ស្រទន់​បេ​នី​យ៉ាំ​ង សម្តែង​ការ​ភ្ញាក់ផ្អើល ។ បេ​នី​យ៉ាំង និយាយ​ថា «​ហេតុ​អ្វី​ក៏​ដឹង​លឿន​ម្ល៉េះ ហើយ​ច្បាស់​ទៀត​ថា ពួក​ខ្ញុំ​ធ្លាប់​ទៅ​ញ៉ាំ​អី​ជាមួយ​គ្នា​ទៀត ។ ខ្ញុំ​ទទួលស្គាល់​ថា​ពិតជា​ស្គាល់គ្នា​យូរ​មក​ហើយ គឺ​មុន​ពេល​ដែល​នាង​ខ្ញុំ​ចូល​សិល្បៈ​ម្ល៉េះ ប៉ុន្តែ​មិនមែន​ជា​ការ​ទាក់ទង​ស្នេហា​ឡើយ ។ កន្លង​មក​នាង​ខ្ញុំ​ពិតជា​បាន​ទៅ​ទទួលទាន​អាហារ​រួម​គ្នា​ជាមួយ​ថៅកែ​ស្រី​រូប​នោះ​មែន ប៉ុន្តែ​ស្ថិត​ក្នុង​ការ​រាប់អាន​ធម្មតា​ទេ​» ។

បេ​នី​យ៉ាំ​ង សរសើរ​ថា ថៅកែ​ស្រី​រូប​នោះ គឺជា​មនុស្ស​ល្អ ចេះ​ជួយ​យកអាសា និង​យល់​ទុក្ខ​ធុរៈ​នាង និង​សិល្បករ​ដទៃ​ទៀត ពិសេស​ផ្តល់​ឱកាស​ច្រើន​សម្រាប់​សិល្បករ ថ្មីៗ។ ស្គាល់គ្នា​យូរ​គួរសម​ហើយ ប៉ុន្តែ​បេ​នី​យ៉ាំ​ង ថា​ នាង​ហាក់​មិនសូវ​បាន​ដើរ​រួម​គ្នា​ជាមួយ​ថៅកែ​ស្រី​នោះ​ញឹកញាប់​ទេ ព្រោះ​សុទ្ធតែ​មាន​ការងារ​មមាញឹក​រៀងខ្លួន ។ «​ការ​ស្និទ្ធស្នាល​ពេល​ខ្លះ​មិន​អាច​សន្មត​ថា​ជា​គូស្នេហ៍​ទេ គឺ​ត្រឹមតែ​ជា​មិត្តភក្តិ ហើយ​បើ​នាង​ខ្ញុំ​មាន​គូស្នេហ៍​មែន គឺ​គូស្នេហ៍​ជា​បុរស មិនមែន​ជា​ស្ត្រី​ឡើយ ។ សូមកុំ​យក​នាង​ខ្ញុំ​ទៅ​ភ្ជាប់​នឹង​ចំណង​ស្នេហ៍​ខុស​ធម្មជាតិ​នេះ ព្រោះ​ជា​រឿង​មិន​ពិត​ទេ ។ នាង​ខ្ញុំ​កំពុង​ត្រៀមខ្លួន​ចូល​រោងការ​នៅ​ខែមេសា​នេះ​ហើយ​ជាមួយ​កូន​អ្នកជំនួញ​ម្នាក់​វ័យ​២៧​ឆ្នាំ​ដែល​បាន​ស្គាល់​មើលចិត្ត​គ្នា​ជិត​២​ឆ្នាំ ។ គ្មាន​ពិធី​ភ្ជាប់ពាក្យ​ទេ គឺ​ចូល​រោងការ​សំពះ​ផ្ទឹម​តែ​ម្តង​» ។

បេ​នី​យ៉ាំ​ង បំបាត់​មន្ទិល​របស់​មហាជន​តាម​រយៈ​ការ​ប្រកាស​ចូល​រោងការ ។ ម្យ៉ា​ង​នឹង​មិន​មានការ​សួរ​ដេញដោល​ណា​ជុំវិញ​រូប​នាង​ទាក់ទង​ស្នេហា​ជាមួយ​មនុស្ស​ស្រី​ទៀត​ទេ។

បេ​នី​យ៉ាំ​ង យល់​ថា ពេល​ខ្លះ​គេ​ចង់​បង្ខូច​កេរ្តិ៍ឈ្មោះ​នាង ។ បេ​នី​យ៉ាំ​ង​នៅ​តែ​ចង់​ប្រឡូក​ការងារ​សិល្បៈ​ឱ្យ​បាន​ច្រើន ពិសេស​នាង​ត្រៀម​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​របស់​អ្នកស្រី​ពាន់ ភួង​បុប្ផា ដែល​នឹង​ចាប់ផ្តើម​ផលិត​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ ។

កន្លង​មក​ស្ត្រី​ថៅកែ​ផលិតកម្ម​ដែល​លេចឮ​ថា​ស្រលាញ់​ភេទ​ដូច​គ្នា​ជាមួយ​បេ​នី​យ៉ាំ​ង​នោះ ធ្លាប់​លេចឮ​ដែរ​ថា ទាក់ទង​ស្នេហា​ជាមួយ​តារា​សម្តែង​និង​តារាចម្រៀង​ស្រី​ល្បី​ឈ្មោះ​​មួយ​ចំនួន ក្នុង​នោះ​មាន​តារា​ស្រី​ខ្លះ​ស្ម័គ្រចិត្ត​ទទួលយក​ស្នេហា​ជា​ថ្នូរ​នឹង​ការ​ចូល​ច្រៀង ។ ពិធី​រៀប​ការ​របស់​បេ​នី​យ៉ាំ​ង​កើតឡើង​មែន ឬ​យ៉ាង​ណា​នោះ នឹង​ដឹង​នា​ពេល​ខាង​មុខ ៕