ផ្ទុះ​កំប៉ុង​ហ្គា​ស​ក្នុង​ហាង​កូរ៉េ​របួស​៧​នាក់

ផ្ទុះ​កំប៉ុង​ហ្គា​ស​ក្នុង​ហាង​កូរ៉េ​របួស​៧​នាក់

ខេត្តសៀមរាប ៖ បុគ្គលិក​ហាង​កូរ៉េ យីហោ ប៊ី វ៉ុ​ន ដែល​បញ្ចូល​កំប៉ុង​ហ្គា​ស​ទុក សម្រាប់​ដាក់​ឆ្នាំង​ស៊ុប ខណៈ​កំពុង​បញ្ចូល​ពី​ធុង​ធំ​មក​កំប៉ុង​តូច​មិន​បាន​ប្រុង​ប្រយ័ត្ន បណ្តាល​ឱ្យ​ផ្ទុះ​លាន់ឮ​ដូច​គ្រាប់បែក បង្ក​ជា​អណ្ដាតភ្លើង​ឆាបឆេះ​រលាក​ពេញ​ខ្លួន​របួសធ្ងន់​-​ស្រាល​ចំនួន​៧​នាក់ ។

ហេតុការណ៍​នេះ​បណ្តាល​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ស្ទើរ​ពេញ​ក្រុង​សៀមរាប​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​ថ្ងៃ​ទី​៩ កុម្ភៈ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​កូរ៉េ ក្នុង​ក្រុម​ទី​២៥ ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

តាម​ប្រភព​ពី​បុគ្គលិក​ឈ្មោះ អឿ​ម វ៉ា​ន់ ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​រត់​តុ របួស​ជើង​ទាំង​សងខាង មាន​ទីលំនៅ​ភូមិ​សួង ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បាន​និយាយ​ថា មុន​យក​ចាន​នោះ​ដើម្បី​យក​ទៅ​លាង ប៉ុន្តែ​ទៅ​ដល់​ក៏​ឃើញ​បុគ្គលិក​រួមការ​ងារ​មាន​អ្នកខ្លះ​ឆេះ​ពេញ​ខ្លួន ខ្លះ​ឆេះ​សក់​ដៃជើង​ស្រែក​លាន់​ទ្រហឹង ។ ចំណែក​មីង​លាងចាន ឆេះ​ពេញ​ខ្លួន​តែ​ម្តង ក៏​នាំ​គ្នា​ឱ្យ​ជួយ​ហៅ​រថយន្ត​ពេទ្យ​ដឹក​យក​ទៅ​ព្យាបាល​។

ប្រភព​បន្ត​ទៀត​ថា បន្ទាប់​ពី​នាំ​គ្នា​រង់ចាំ ក៏​ឃើញ​មាន​បុគ្គលិក​ហាង​ចេញ​មក​ហៅ​សមត្ថកិច្ច​ឱ្យ​ចូល​ទៅ​ក្នុង ដើម្បី​ត្រួតពិនិត្យ​កន្លែង​កើតហេតុ តែ​រក​មិនឃើញ​ភស្តុ​តាង​អ្វី​នោះ​ទេ គ្រាន់តែ​បុគ្គលិក​ប្រាប់​ថា ជន​រង​គ្រោះ​ប្រុស​ស្រី​ទាំង​៧​នាក់​ត្រូវ​បាន​ដឹក​តាម​រថយន្ត​សង្គ្រោះ​យក​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​អស់ហើយ ហើយ​នៅ​សល់​ម្នាក់​ស្រី​ដែល​របួស​ជើង​ទាំង​សងខាង តែ​របួសស្រាល កំពុង​នៅ​ក្នុង​ហាង ។

ប្រភព​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ប្រុស​-​ស្រី​ទាំង​៧​នាក់​មាន​ ៖

ទី​១-​ឈ្មោះ អឿ​ម វ៉ា​ន់ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជា​អ្នក​រត់​តុ របួស​ឆេះ​ជើង​ទាំង​សងខាង មាន​ទីលំនៅ​ភូមិ​សួង ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប នៅ​ក្នុង​ហាង​មិន​បាន​មក​ដេកពេទ្យ​ទេ ។

ទី​២-​ឈ្មោះ ជា គឹ​ម ហេង ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ជា​អ្នក​លាងចាន របួសធ្ងន់ ឆេះ​រលាក​ពេញ​ខ្លួន រស់នៅ​ភូមិ​វាល សង្កាត់​គោក​ចក ក្រុង​សៀមរាប ។

ទី​៣-​ឈ្មោះ ឡាយ គឹ​ម​លី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​ចុងភៅ ជា​អ្នក​ប​ញ្ជូ​ល​ហ្គា​ស​របួសធ្ងន់​ឆេះ​មុខ​ស្នាក់​នៅ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។ 

ទី​៤-​ឈ្មោះ នាង ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជា​ចុងភៅ របួសធ្ងន់ ឆេះ​ពេញ​ខ្លួន មាន​ទីលំនៅ​ភូមិ​ជ័យ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ។

ទី​៥-​ឈ្មោះ វី សុវណ្ណ ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជា​ចុងភៅ របួសស្រាល ត្រូវ​ចំ​ក្រោយខ្នង​និង​ជង្គង់ រស់នៅ​ភូមិ​ទឹក​វិល សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ។

ទី​៦-​ឈ្មោះ ដែន គ្រួ​ន ភេទ​ស្រី អាយុ​២២​ឆ្នាំ ជា​ចុងភៅ របួស​រលាក​ចំ​មុខ ស្នាក់​នៅ​ភូមិ​ត្រពាំង​ស្វាយ ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប ។

ទី​៧-​ឈ្មោះ ឆាយ ស្រី ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជា​ចុងភៅ មាន​លំនៅ​ភូមិ​សួង ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។

ជន​រង​គ្រោះ​ប្រុស​-​ស្រី​ទាំង​៧​នាក់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប  ។  គួរ​បញ្ជាក់​ផង​ដែរ​ថា មក​ដល់​វេលា​រសៀល​ថ្ងៃ​ដដែល សមត្ថកិច្ច​មិន​ទាន់​បានឃើញ​ម្ចាស់​ហាង កូរ៉េ​មក​អើត​មើល​កូនចៅ​នៅឡើយ ព្រមទាំង​មិន​បាន​ស្គាល់ឈ្មោះ​ម្ចាស់​ហាង​នោះ​ផង ៕