ថៅកែ VKH ពី​ក្មេង​ចូល​ចិត្ត​ច្នៃ​កង់ធំ​ឡើង​ក្លាយ​ជា​ថៅកែ​ហ្ការ៉ាស់​ច្នៃ​​ឡាន​ល្បី​​​ឈ្មោះ​នៅ​ភ្នំ​ពេញ

ថៅកែ VKH ពី​ក្មេង​ចូល​ចិត្ត​ច្នៃ​កង់ធំ​ឡើង​ក្លាយ​ជា​ថៅកែ​ហ្ការ៉ាស់​ច្នៃ​​ឡាន​ល្បី​​​ឈ្មោះ​នៅ​ភ្នំ​ពេញ

ដោយ​មាន​ចំណូល​ចិត្ត​ច្នៃ​និង​តុប​តែង​គ្រឿង​យន្ត លោក វង្ស គីម ហួត បាន​ក្លាយ​ទៅ​ជា​ថៅកែ​ហ្ការ៉ាស់​ឡាន​ល្បី​ឈ្មោះ VKH Motor Sport នៅ​ភ្នំពេញ។

 

ថៅកែ VKH ពី​ក្មេង​ចូល​ចិត្ត​ច្នៃ​កង់ធំ​ឡើង​ក្លាយ​ជា​ថៅកែ​ហ្ការ៉ាស់​ច្នៃ​​ឡាន​ល្បី​​​ឈ្មោះ​នៅ​ភ្នំ​ពេញ

 

លោក គីម ហួត ឱ្យ​ដឹង​ថា កាល​នៅ​អាយុ​ប្រហែល ១៤ឆ្នាំ លោក​តែង​យក​កង់​មក​ច្នៃ​តុបតែង​ដាក់​អំពូល​និង​ច្នៃ​ហ្វ្រាំង ចាប់​ឱ្យ​ចេញ​ភ្លើង​និង​ឮ​សំឡេង​ប្លែកៗ​ជា​ដើម។ ថៅ កែ​វ័យ ៣៤ឆ្នាំ និយាយ​ថា លោក​មាន​ដុង​ផ្នែក​តុបតែង​គ្រឿង​យន្ត​តាំង​ពី​ក្មេង ស្រប​ពេល​ម្តាយ​ឪពុក​ជា​អ្នក​លក់​គ្រឿង​បន្លាស់​ឡាន​ស្រាប់ តែ​សម្រាប់​ឪពុក​លោក​គ្មាន​ជំនាញ​បច្ចេកទេស​ខាង​គ្រឿង​យន្ត​ទេ។

 

កាល​ពី​ក្មេង​ច្នៃ​កង់​ដល់​ធំ​ឡើង​មាន​ម៉ូតូ​និង​ឡាន លោក គីម ហួត​នៅ​បន្ត​ច្នៃ​ម៉ូតូ​ឡាន លេង​អំពូល ស៊ីញ៉ូ ប្លែកៗ​រហូត​ដល់​មិត្តភ័ក្ដិ​ចាប់​អារម្មណ៍ ក៏​ពឹង​លោក​ឱ្យ​ជួយ​តុបតែង​ឡាន​ថែម​ទៀត។

 

ដោយ​សារ​មាន​ដុង​ពី​កំណើត​ផ្នែក​បច្ចេកទេស​គ្រឿង​យន្ត​និង​ឧស្សាហ៍​ចេញ​ចូល​ក្រៅ​ប្រទេសជាមួយ​ឪពុក​ទៅ​ទិញ​គ្រឿង​បន្លាស់ ទើប​បំផុស​ទឹក​ចិត្ត​បុរស​រូប​នេះ​បើក​ហ្ការ៉ាស​ឡាន VKH ដើម្បី​ផ្តល់​សេវាកម្ម​ថែ​ទាំ​ តុបតែង​និង​ជួសជុល​យានយន្ត​គ្រប់​ប្រភេទ។

 

នៅ​អាយុ ២២ឆ្នាំ គីម ហួត​ត្រូវ​លក់​ឡាន Corolla កំ​ពុង​ប្រើ​​ដើម្បី​យក​ប្រាក់​មក​បើក​ហ្ការ៉ាស់​ឡាន VKH ដោយ​បាន​ប្រាក់​ជំនួយ​ខ្លះៗ​ពី​ឪពុក​ម្តាយ។ VKH ដំបូង​មាន​ជាង​តែ ២នាក់​ប៉ុណ្ណោះ តែ​ដោយ​សារ​កាន់​តែ​រីកចម្រើន​លោក​ក៏​បាន​បន្ត​ជួល​ជាង​ជំនាញ​បន្ថែម​រហូត​ដល់ ២០នាក់​នា​ពេល​បច្ចុប្បន្ន។

 

ដើម្បី​អាច​ឈរ​ជើង​មក​ទល់​ពេល​បច្ចុប្បន្ន​ ម្ចាស់​ហ្ការ៉ាស់​ឡាន​រូប​នេះ​ថា៖ «ភាព​ស្មោះ​ត្រង់​និង​គុណភាព​ផ្តល់​សេវាកម្ម​ជូន​អតិថិជន​គឺ​ជា​រឿង​សំខាន់​ដែល VKH តែង​ប្រកាន់​ខ្ជាប់​ជា​និច្ច ពុំ​នោះ​ទេ ហ្ការ៉ាស់​ខ្ញុំ​ត្រូវ​ដួល​យូរ​ហើយ»។

 

លោក​ថា ក្រុម​ការងារ​លោក​តែង​តែង​ស្មោះ​ត្រង់​ចំពោះ​អតិថិជន​ជា​និច្ច​ចំពោះ​ការ​ពិនិត្យ​រថយន្ត​ដែល​មាន​បញ្ហា ដោយ​ពុំ​បាន​បំផ្លើស​និង​លាក់​បាំង​ថា​ខូច​នេះ​ឬ​ខូច​នោះ​យក​តែ​ប្រាក់​ទេ។

 

អនាគត លោក ហួត​ថា បើ​មាន​លទ្ធភាព​គ្រប់គ្រាន់ លោក​នឹង​បន្ត​ពង្រីក​ជំនួញ ដោយ​បើក​សាខា​ហ្ការ៉ាស់​រថយន្ត VKH បន្ត​ទៀត​នៅ​ភ្នំពេញ ដើម្បី​ផ្តល់​សេវាកម្ម​ផ្នែក​រថយន្ត​ជា​ទី​ទុក​ចិត្ត​មួយ​សម្រាប់​រាល់​អ្នក​ប្រើប្រាស់​យានយន្ត​ទូទៅ៕

 

អាន៖ រថយន្ត​​មួយ​អាច​​ប្រើប្រាស់​បាន​ប៉ុន្មាន​ឆ្នាំ?

 

អត្ថបទ៖ ប៉ែត ផាន់និត