ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ឆ្នាំង ​៖ ​បុរស​អតីតៈ​យោធា​រំសាយ​ម្នាក់ បាន​យក​ដែក​ស្រួច​ ​​ផ្លែ​ឡា​ម​​ និង​កណ្តៀវ មក​អា​រ.ក និង​យក​ពូថៅមក​កាប់​ជើង​ខ្លួនឯង បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​​​បង្ក​ការ​ភ្ញាក់ផ្អើល​​ដល់​អ្នក​​ភូមិ​ ។ ហេតុ​ការណ៍​នេះ​បាន​កើតឡើង​ផ្ទួនៗ​គ្នាចំនួន​២​ដង គឺ​នៅ​​យប់​ថ្ងៃ​ទី​៩ ខែ​កុ​ម្ភៈ ​ម្តង និង​នៅ​ម៉ោង​១​និង​៣០​នាទីរសៀល​​ថ្ងៃ​ទី​១០ ខែ​កុ​ម្ភៈ​ ម្តង ស្ថិត​នៅ​ក្នុង​ភូមិ​អណ្តូង​ស្នាយ ​ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ​​។

​មន្ត្រី​សមត្ថកិច្ច​នគរបាល​ស្រុក​រលារ​ប្អៀ​រ​បានឱ្យ​​ដឹង​ថា​​ បុរស​រង​គ្រោះ​​ឈ្មោះ សុខ ពៅ អាយុ៥៤​ឆ្នាំ ​អតីតៈ​ជា​​មន្ត្រី​យោធា​រំសាយ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​ខាងលើ ជាមួយ​ប្អូនស្រី ។ ចំណែក​ប្រពន្ធ​​បាន​លែងលះ​គ្នា​យូរ​ឆ្នាំ​មក​ហើយ ​។ មុន​ពេល​កើតហេតុ កាលពី​យប់​ថ្ងៃ​ទី​៩ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៦ បុរស​រូប​នេះ​បានយក​ឡា​ម​មក​អា​រ.ក​ខ្លួនឯង  ហើយ​បាន​ស្រែក​ខ្លាំង​ៗ​ថា ​មាន​គេ​មក​អារ​.​ក​គាត់​សម្លាប់ ឮ​ដូចនេះ​បងប្អូនដែល​នៅ​ជាមួយ បាន​នាំ​គ្នា​រត់គេច​ខ្លួន​ចេញពីផ្ទះ​អស់ ដោយសារ​តែ​ខ្លាច​បុរស​រូប​នោះ​កាប់​សម្លាប់​ ។ ប្រមា​ណ​ជាង​១​ម៉ោង​ក្រោយមក​ ក្រុម​គ្រួសារ​ក៏​បាន​ត្រឡប់​មក​ផ្ទះ​វិញ ​​ស្រាប់តែ​ឃើញ​គាត់​យក​ផ្លែ​ឡា​ម​អារ​.​ក និង​យក​ពូថៅ​មក​កាប់​ជើង​ខ្លួនឯង​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន ឃើញ​ដូចនេះ​ក្រុម​គ្រួ​សារបានរាយការណ៍​​ទៅ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ និង​បាន​ដឹក​យក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យខេត្ត លុះព្រឹក​​ឡើង​បាន​ដឹក​ត្រឡប់​មក​វិញ ។

ប៉ុន្តែ​​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​កុ​ម្ភៈ បុរស​រូប​នេះ​បាន​យក​ដែក​ស្រួច​មក​ចាក់ក និង​ផ្លែ​ឡា​ម​មក​អារ​.​ក​ខ្លួនឯង ម្តងទៀត បណ្តាលឱ្យរង​របួស​ធ្ងន់ធ្ងរ ​ត្រូវ​បាន​ក្រុម​គ្រួសារ​សុំ​អន្តរា​គម​ន៏ពី​សមត្ថកិច្ច​ជួយ​ដឹក​ជន​រង​គ្រោះ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​​ជា​ថ្មី​ម្តងទៀត ។

ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​និយាយ​​ថា​ គាត់​មាន​ជំងឺ​ស​សៃ​ប្រសាទ ពេល​ធ្វើ​ទុក​ម្តងៗ គឺ​ផ្អើល​គេ​ពេញ​ភូមិ ហើយ​ពេល​ចូល​ជួយ​ម្តង​ៗ​​ពិបាក​នឹង​ជួយ​ណាស់ ព្រោះ​ពេល​គាត់​ធ្វើទុក្ខ​ម្តង​ៗ បាន​ប្រើ​ផ្លែ​ឡា​ម ពូថៅ ដែក​ស្រួច និង​ក​ណ្តៀវ​ អារ​.​ក កាប់​ចាក់​ខ្លួនឯង  ដែល​អាច​បង្ក​​ឱ្យ​មាន​​គ្រោះ​ថ្នាក់​ដល់​ក្រុម​គ្រួសារ ឬ​អ្នកស្រុក​ក្នុង​ពេល​ចូល​ទៅ​ជួយ​គាត់​ ៕