បណ្ឌិត ​សុខ ទូច​ លើកឡើងថា​ ថ្មបីដុំ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់ប្រទេស​កម្ពុជា​នៅឡើយ​

​បណ្ឌិត​មួយ​រូប​​​ដែល​ត្រូវ​បាន​ចាត់​តាំង​​ឲ្យ​ចុះ​​​សិក្សា​ស្រាវជ្រាវ​​​ពី​ព្រំដែន​កម្ពុជា​-វៀតណាម​ បាន​ចុះ​ទៅ​​ពិនិត្យ​តំបន់​ដែល​ជា​ចំណុច​នៃ​ភាព​​​តានតឹង​ផ្នែក​នយោបាយ​ថ្មីបំផុត​ គឺ​ភូមិ​ “ថ្មបីដុំ” ​នៅ​ក្នុង​ខេត្ត​តាកែវ​កាលពី​ម្សិលមិញ ហើយ​បាន​កំណត់​ថា ​ថ្ម​បីដុំនេះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​កម្ពុជា​នៅឡើយ​។

​ក្រៅពី​ជា​កន្លែង​​​ថ្មដ៏ធំ​បី​ដុំ​ ​ដែលនីមួយៗ​មាន​​កម្ពស់​៤ម៉ែត្រ និងទំហំ​​​២០​ម៉ែត្រ​ស្ថិត​នៅ​​​​នោះ ​ ​ថ្មបីដុំ​​នេះ​ក៏ជា​​តំបន់​ទេសចរណ៍​សម្រាប់​​​កាស៊ីណូ​ថ្មបីដុំ និង​ជា​​​កន្លែង​សម្រាប់​​​រូប​សំណាក​​​​​អ្នកតា​ថ្មបីដុំ​ ដែល​ជា​អ្នកតា​ដ៏​ស័ក្ដិសិទ្ធិ​ និង​ជា​ទី​​សក្ការ​បូជា​​ដ៏​មាន​​ប្រជាប្រិយភាព​ដែរ​។

លោក សុខ ទូច ដែល​​​រដ្ឋាភិបាល​ចាត់​តាំង​កាលពី​ឆ្នាំ​មុន​​ឲ្យ​ចុះ​សិក្សា​ស្រាវជ្រាវ​​ដើម្បី​ព្យាយាម​ធ្វើ​ឲ្យ​ជម្លោះ​ដ៏ក្ដៅ​គគុក​​​ជុំវិញ​បញ្ហា​ព្រំដែន​កម្ពុជា​-វៀតណាម​មិន​ក្លាយ​ជា​រឿង​នយោបាយនោះ​ ​បាន​ចុះ​ទៅ​តំបន់​នេះ​បន្ទាប់​​​ពី​ឥស្សរជននយោបាយ​​ដ៏​លេចធ្លោ​មួយ​រូប​អះ​អាង​ថា ​តំបន់​នេះ​​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​វៀតណាម​​​ ក្រោយ​​ពេល​ចុះទៅ​តំបន់​នេះ​កាលពី​ចុង​ឆ្នាំ​មុន។

​លោក​​បាន​​មាន​ប្រសាសន៍​ថា “​យើង​បាន​ចុះ​ទៅ​ពិនិត្យ​តំបន់​នោះ​​ ហើយ​ឃើញ​ថា ថ្មពីរ​​​ ​ដុំ​ស្ថិត​នៅ​ក្នុង​ទឹកដី​ខ្មែរ ប៉ុន្តែ​ថ្ម​ទី៣​នៅ​លើ​បន្ទាត់​ព្រំដែន​”។ ​លោក​បាន​បន្ថែម​ថា ភូមិ​ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​បុរីជលសារ​នេះ​ហាក់បីដូច​ជា​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​កម្ពុជា​នៅ​ឡើយ​។ ​

លោក​បាន​លើក​ឡើង​ទៀត​ថា ”​ថ្មបីដុំ​គឺ​ស្ថិត​​​​​ក្នុង​ទឹកដី​ខ្មែរ​ ហើយ​វា​ត្រូវ​បាន​គ្រប់គ្រង​ដោយ​​​​​អាជ្ញាធរ​ខ្មែរ​ជាច្រើនជំនាន់មក​ហើយ​ ហើយ​វា​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​​របស់​អាជ្ញា​ធរ​ខ្មែរ​នៅឡើយ”។ លោក​បាន​បន្ថែម​ថា កសិករ​ខ្មែរ​​​​កំពុង​តែ​ដាំដុះ​ក្នុង​តំបន់នោះ​នៅ​ឡើយ​ទេ។

លោក​ កែម ឡី ​​ប្រធាន​ក្រុម​​តស៊ូមតិ​នយោ​​បាយ “ ​​ខ្មែរ​ដើម្បី​ខ្មែរ” ​បាន​ចុះទៅ​តំបន់​នោះ​​​​ជាមួយ​សកម្មជន​​ដែល​ជា​យុវជន​នៅ​ក្នុង​ខែ​ធ្នូ ហើយ​​លើក​ឡើង​ថា អ្នក​ភូមិ​នៅ​ទីនោះ​បាន​រាយ​ការណ៍​ថា បាន​ឃើញ​កសិករ​វៀតណាម​​ខិត​​ចូល​មក​កាន់​តែ​កៀកនឹង​​​ថ្មបីដុំ​នេះ រហូត​​​ដល់​​ទីបំផុត​​វាត្រូវ​បាន​អះអាង​សិទ្ធិ​កាន់​កាប់​ដោយ​អាជ្ញាធរ​វៀតណាម​​នៅ​ដើម​ខែ​នោះ​។

​មេឃុំ​កំពង់ក្រសាំង​​មក​ពី​គណបក្ស​​ប្រជា​ជន​កម្ពុជា​ ជា​ទីដែល​ថ្ម​បីដុំនេះ​ស្ថិត​នៅ​​បាន​បញ្ជាក់​​អំពី​លទ្ធផល​នៃ​ការ​រក​ឃើញ​​របស់​លោក​ កែម​ ឡី ​អំឡុង​កិច្ច​សម្ភាស​ន៍​​​មួយ​កាល​​​ពី​ខែ​មុន។ ​លោក​ កែម ឡី នៅ​​​តែ​​​ប្រកាន់​​​តាម​​​​ការ​លើកឡើង​​របស់​ខ្លួន​កាលពី​ម្សិលមិញ។

លោក​បាន​មាន​ប្រសាសន៍​ថា ”​ខ្ញុំ​គិត​ថា តំបន់​​នោះ​នៅ​ក្នុង​ទឹកដី​វៀតណាម​​ ព្រោះ​អាជ្ញាធរ​វៀតណាម​​កំពុង​តែ​ឈរ​ជើង​នៅ​ទីនោះ ហើយ​មិន​អនុញ្ញាត​​ឲ្យ​ពលរដ្ឋ​ខ្មែរ​​ចូល​​​​ទៅ​ទីនោះ​ឡើយ”។

​លោក ឡាយ វណ្ណៈ អភិបាល​ខេត្ត​តាកែវ​​បាន​លើក​ឡើង​ថា លោក​​​​នឹង​ប្រើ​ប្រាស់​ដែន​សមត្ថកិច្ច​របស់លោក​តាម​ចាប់​​នរណា​​ដែល​ហា៊ន​អះអាង​ថា ភូមិ​ថ្មបីដុំ​ស្ថិត​នៅ​ក្រោម​ការ​​គ្រប់គ្រង​របស់​វៀតណាម​​​​។

លោក​បានមាន​ប្រសាសន៍​ថា ”​ខ្ញុំ​នឹង​ចាប់​​វ៉ៃ​ខ្នោះ ប្រសិន​បើ​ពួកគេ​មក​តំបន់​នេះ​ ហើយ ​​​អះអាង​ថា ថ្មបីដុំ​​​បាត់បង់​ទៅទឹកដី​វៀតណាម ព្រោះ​ពួកគេ​ប្រើ​ប្រាស់​ប្រជាភិថុតិ​នយោ​បាយ​​​​​ដើម្បី​បោក​ប្រាស់​ប្រជាពលរដ្ឋ”៕ ស៊ុយឈាង​

The post បណ្ឌិត ​សុខ ទូច​ លើកឡើងថា​ ថ្មបីដុំ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់ប្រទេស​កម្ពុជា​នៅឡើយ​ appeared first on ខេមបូឌា ដេលី.