​​អតីត​ប្រធាន​​មណ្ឌល​កុមារ​កំព្រា​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ពី​​​បទ​​​រំលោភ​​​ផ្លូវ​​​​​​ភេទ​​​

កាលពី​ម្សិលមិញ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​​ផ្ដន្ទាទោស​លោក ហង្ស វិបុល អតីត​​នាយក​​អង្គការ​​​​សកម្មភាព​​ដើម្បី​កុមារ​ (APLE) ​ដែល​ជា​អង្គការ​​ក្រៅ​រដ្ឋាភិបាល​​​ឲ្យ​ជាប់​ពន្ធនាគារ​​បី​ឆ្នាំ​​ពីបទ​​បៀតបៀន​កេរ្តិ៍​ខ្មាស​​​​ក្មេង​​១១​នាក់ ក្រោម​ការ​មើល​ថែទាំ​​របស់​លោក​​នៅ​មណ្ឌល​កុមារ​កំព្រា​ក្នុង​រាជធានី​ភ្នំពេញ ដែល​លោក​បាន​បង្កើត​ឡើង​​នៅ​ឆ្នាំ​​១៩៩៩​។

​ក្នុង​សវនាការ​​កាលពី​រសៀល​ម្សិលមិញ ​លោក​ គឹម រ័ត្នណារិន ចៅក្រម​ប្រធាន​ក្រុម​​ប្រឹក្សា​ជំនុំជម្រះ​បាន​ប្រកាស​ថា លោក​ វិបុល ​មាន​​ទោស​​​ពីបទ​ប្រទូសកេរ្តិ៍ខ្មាស​​មាន​ស្ថាន​​​ទម្ងន់ទោស​ ដែល​បាន​ប្រព្រឹត្ត​នៅ​​មណ្ឌល​កុមារ​កំព្រា​​​ផ្ទះយើង (Our Home) ក្នុង​ខណ្ឌ​មានជ័យ។

ចៅក្រម​ រ័ត្នណារិន ​និយាយ​ថា “​តុលាការ​​បាន​សម្រេច​​ផ្ដន្ទាទោស​​ជន​ល្មើស​​ ហង្ស វិបុល អាយុ​៤៦​ឆ្នាំ ឲ្យ​ជាប់ពន្ធនាគារ​៣​ឆ្នាំ និង​ពិន័យ​គាត់​ជា​ប្រាក់​​៨លាន​រៀល​លើ​បទ​ចោទ​​​ប្រទូសកេរ្តិ៍ខ្មាស​​មាន​ស្ថានទម្ងន់ទោស​ តាម​មាត្រា​២៤៨​នៃ​ក្រមព្រហ្មទណ្ឌ”។

បន្ថែម​ទៅ​នឹង​ការ​ពិន័យ​ និង​ទោស​ជាប់​ពន្ធនាគារ​​ ចៅក្រម​​ រ័ត្នណារិន ក៏​បាន​បង្គាប់​​ឲ្យ​លោក វិបុល បង់​ប្រាក់​សំណង​​​ឲ្យ​ជន​រង​គ្រោះ​​ប្រាំនាក់​​ចន្លោះ​ពី​៥លាន​ទៅ​១០លាន​រៀលផងដែរ។

លោក វិបុល ​ធ្លាប់​ធ្វើ​ជា​នាយក​ដំបូង​​គេ​នៅ​អង្គការ​ APLE មុន​​​ការ​ចាក​ចេញ​របស់​គាត់​​​ពី​អង្គការ​នេះ​នៅ​ឆ្នាំ​២០០៥។ ចាប់​តាំងពី​មាន​​​​ការ​​ចាប់​ខ្លួន​គាត់​មក ​គាត់​បាន​​អះអាង​​ជាច្រើន​​លើក​ថា គាត់​ត្រូវ​បាន​​លោក ធែរី ដាណូដេត (Thierry Darnaudet) ដែលជា​ស្ថាបនិក​របស់​អង្គការនេះ​​​ ទម្លាក់​កំហុស​ដាក់​។

ក្រុម​មេធាវី​​ដែល​​មាន​វត្តមាន​​ក្នុង​សវនា​ការ​​​បាននិយាយ​ថា ទាំង​ជន​រងគ្រោះ ​​ទាំង​សាក្សី​​សុទ្ធតែ​បាន​ផ្ដល់​សក្ខីកម្ម​ដាក់បន្ទុក​លើ​​នាយក​​មណ្ឌល​កុមារ​​កំព្រា​រូប​នេះ​។

នៅ​ពេល​​​នគរ​បាល​យុត្តិធម៌​ក្រៀក​គាត់​ចេញពី​​បន្ទប់​តុលាការ​​ លោក វិបុល បាន​អះ​អាង​ពី​ភាព​​គ្មាន​ទោស​កំហុស​របស់​គាត់​​ ដោយ​​​​តវ៉ា​ថា​ ភ័ស្តុតាងដាក់បន្ទុកលើ​​រូប​គាត់​មាន​តែ​សក្ខី​កម្ម​ប៉ុណ្ណោះ​។

លោក វិបុល ​និយាយ​ថា “​ខ្ញុំ​នឹង​ប្ដឹង​ឧទ្ធរណ៍ ​​​ព្រោះ​វា​អយុត្តិធម៌​​។ ជា​មួយ​ក្មេង​ប្រុស​ វា​ពិបាក​​​​​នឹង​ធ្វើ​កោសល្យវិច័យ​​ ប៉ុន្តែ​ជាមួយ​ក្មេងស្រី​…​​​គួរ​មាន​ការ​ធ្វើកោសល្យ​វិច័យ​​”។

លោក​ វិបុល បាន​និយាយ​ថា លោក​ក៏​មាន​​​ផែន​ការ​​ប្ដឹង​​អង្គការ​នេះ​វិញ​ដែរ ដែល​លោក​​​​ធ្លាប់​គ្រប់គ្រង​ពីមុនមក​​។ លោក​បាន​និយាយ​ថា “​ APLE បាន​ប្ដឹង​​ខ្ញុំ​ ហើយ​ពួកគេ​នៅ​ពីក្រោយ​រឿង​នេះ”។

លោក វិបុល ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខែ​មីនា បន្ទាប់ពី​មាន​ការ​ស៊ើបអង្កេត​​រយៈ​ពេល​១ខែ​​លើ​រឿង​រំលោភ​នៅ​អង្គការ​ផ្ទះ​យើង ដែល​ធ្វើ​ឡើង​ដោយ​ APLE។

អំឡុង​ពេល​បើក​សវនាការ​រយៈ​ពេល​៣​ថ្ងៃ​​កាលពី​ខែ​មុន អតីត​​នាយក​មណ្ឌល​កុមារ​កំព្រា​រូប​នេះ​​​បាន​ទទួល​ស្គាល់​ថា ពិតជា​បាន​​ស្ទាប​​ប្រដាប់​ភេទ​​ក្មេងៗ​នៅ​​អង្គការ​ផ្ទះ​យើង​មែន ប៉ុន្តែ​​បាន​បដិសេធ​ការ​ដែល​ថា ការ​ប៉ះ​​ពាល់​បែប​នេះ​​មិន​សមរម្យ​នោះ។

លោក ស៊ុយ សុខុន មេធាវី​​របស់​លោក វិបុល ​បាន​និយាយ​​បន្ទាប់ពី​សាលក្រម​​ត្រូវ​​បាន​ប្រកាស​ថា ​”​គាត់​ជា​វេជ្ជបណ្ឌិត​ម្នាក់​​ ហើយ​​​គាត់​ដូច​ជា​ឪពុក​ម្ដាយ​​​របស់​ក្មេងៗ​អ៊ីចឹង​”។

​ដោយ​សំដៅ​ដល់​​ការ​ងូត​ទឹក​​ដែល​លោក​ វិបុល ​​​បាន​ងូត​ឲ្យ​ក្មេងៗ​នៅ​​អង្គការ​ផ្ទះ​យើង​​នោះ ​លោក​បាន​បន្ថែម​ថា “​វា​ជា​ការ​ធម្មតា​សម្រាប់​ឪពុក​​ដែល​ត្រូវ​ប៉ះពាល់​​ខ្លះ​នោះ​​”។

​អតីត​អ្នក​រស់​នៅ​មណ្ឌល​ផ្ទះ​យើង​ម្នាក់​អាយុ​២១​ឆ្នាំ ដែល​​ស្ថិត​នៅ​ក្នុង​បន្ទប់​សវនា​ការ​​​កាលពី​ម្សិល​មិញ បាន​​យំ​បន្ទាប់ពី​ឮ​សាល​ក្រម​នេះ​។

អតីត​អ្នករស់​​នៅ​មណ្ឌល​​រូបនេះ​​និយាយ​ថា “​គាត់​បាន​​ជួយ​ងូត​ទឹក​ឲ្យ​ខ្ញុំ។ គាត់​បាន​ជួយ​រុំ​របួស​ឲ្យ​ខ្ញុំ​ ពេល​ខ្ញុំ​ឈឺដៃ​។ ខ្ញុំ​ងឿង​​ឆ្ងល់​ថា តើ​​អំពើ​អស់​ទាំង​នេះ​ខុស​ច្បាប់​​ឬយ៉ាង​ណា”។​​​ គាត់​បាន​រស់​នៅ​ក្នុង​មណ្ឌល​​ផ្ទះ​យើង​តាំង​ពី​ឆ្នាំ​២០០៣ រហូត​ដល់​ខែ​មីនា​ឆ្នាំ​មុន ​នៅ​ពេល​ដែល​អាជ្ញាធរ​​បាន​បិទ​មណ្ឌល​នេះ។

​​គាត់​បាន​និយាយ​ទៀត​ថា “​ខ្ញុំ​បាន​​បាត់​បង់​ផ្ទះ​របស់​ខ្ញុំ…​យើង​ធ្លាប់​រស់​នៅ​ដូច​ជា​គ្រួសារ​ធំមួយ​”។ គាត់​បាន​បន្ថែម​ថា ​​គាត់​បាននិយាយ​ការ​ពារ​​លោក វិបុល ​អំឡុង​​សវនាការ​នោះ។

លោក វិបុល អះអាង​ថា លោក​​ ដាណូដេត ​​ដោយ​មានជំនួយ​ពី​បុគ្គលិក​​ជាន់​ខ្ពស់​ពីរ​រូប​នៅ​មណ្ឌល​យើង គឺ​ឈ្មោះ ហ្សង់ ម៉ារី អានណូ (Jean Marie Anno) និង កែវ ពិសិដ្ឋដារ៉ា បាន​ប្រឌិត​រឿង​​​​ប្រឆាំង​​រូប​លោក​បន្ទាប់ពី​មាន​ជម្លោះ​ជាច្រើន​រវាង​អ្នក​ទាំងពីរ​។

នៅ​ឆ្នាំ​២០១៣ ​លោក​ វិបុល បាន​ប្ដឹង​ទៅ​ក្រសួង​​មហាផ្ទៃ​​ និង​ក្រសួង​​សង្គម​កិច្ច​ ដោយ​ចោទ​ថា លោក​ ដាណូដេត ជនជាតិ​បារាំង​ដែល​បាន​​លាឈប់​ពី​​ APLE ​ក្នុង​ឆ្នាំ​២០១៤ បាន​រំលោភ​កុមារ​​​ក្រោម​ការ​មើល​ថែទាំ​របស់​​​ខ្លួន​ដោយ​ខ្លួន​ឯង​។ អាជ្ញាធរ​​បាន​ច្រាន​ចោល​​បណ្ដឹង​នេះ​​ ហើយ​លោក​​ ដាណូដេត ​​នៅតែ​​រក្្សា​​​​​ភាពស្អាត​ស្អំ​របស់​ខ្លួន​។ លោក​ វិបុល ក៏​បាន​ចោទ​ដែរ​ថា ​ស្ថាបនិក​ APLE រូប​នេះ​​ខឹង​នៅ​ពេល​លោក​​ច្រាន​ចោល​ការ​តាម​ទាក់ទង​​ស្រឡាញ់​។

លោក សុខុន ​បាន​បន្ទរ​តាមកូន​ក្ដី​របស់​លោក​កាលពី​ម្សិលមិញ ដោយ​និយាយ​ថា ​​ទោស​​​​​៣ឆ្នាំ​គឺ​ធ្ងន់ពេក​ ហើយ​ថា តុលាការ​ខ្វះ​ភ័ស្តុតាង​​​ដើម្បី​ដាក់​ទោស​អតីត​អ្នក​ធ្វើ​​យុទ្ធនា​​ការ​​គាំពារ​កុមារ​រូប​នេះ​។

លោក​បាន​និយាយ​ថា “​ប្រសិន​បើ​មាន​ការ​​​ពិនិត្យ​អាវ​ សំពត់ ឬ​របស់​​ផ្សេងទៀត​ ឬ​ប្រសិន​​​​បើ​មាន​​ការ​ថត​​នោះ​ ទើប​​សម​ហេតុ​ផល ប៉ុន្តែ​​​​អត់​មាន​អ្វី​សោះ​តែ​ម្ដង​”។

​លោក សំលៀង សិលា នាយក​​​​អង្គការ​ APLE ក្នុងពេល​បច្ចុប្បន្ន​​បាន​និយាយ​ថា ​បុគ្គលិក​​​​អង្គការ​របស់​លោក​​​គ្មាន​​​លម្អៀង​ទេ អំឡុង​ការ​ស៊ើបអង្កេត​របស់​អង្គការ​នេះ​។

លោក សិលា បាន​និយាយថា “​ខ្ញុំ​គិត​ថា គាត់​បាន​​ចោទ​ APLE ទាក់ទិន​រឿង​នេះ​​​​ ចាប់​តាំង​ពី​មានការចាប់ផ្តើម​​ករណី​នេះមកម្លេ៉ះ​ ប៉ុន្តែ​ខ្ញុំ​អាច​បញ្ជាក់​បាន​ថា ​វា​មិន​ពាក់​ព័ន្ធ​​​​ទេ​ វា​មិន​ពិត​ទេ​”។

លោក​​និយាយ​ថា ”​យើង​ជា​អង្គការ​សំខាន់​​ដែល​ពាក់​ព័ន្ធ​ក្នុង​ការ​​ស៊ើបអង្កេត​នេះ ហើយ​​​​គាត់​ចង់​បង្វែរ​ការ​​ចាប់​អារម្មណ៍​​របស់​សមត្ថ​កិច្ច​​ និង​សាធារណជន​ទៅ​​ APLE ​វិញ”។ លោក​​​​​បន្ថែម​ថា លោក​មិន​សប្បាយ​ចិត្ត​នឹង​​សាល​​​ក្រម​​​ជាប់​ទោស​៣​ឆ្នាំ​របស់​​តុលាការ​ទេ។

​លោក​បាន​និយាយ​ទៀត​ថា “​៣​ឆ្នាំ​​ នេះ​ជា​​ទោស​អត់ឱន​ឲ្យ​ពេក​ហើយ​ បើ​គិត​ពី​ចំនួន​ជន​រងគ្រោះ និង​ការ​​ខូច​ខាត​ដែល​​ត្រូវ​បាន​បង្ក​ឡើង​ដោយ​…​ឧក្រិដ្ឋកម្ម​នេះ ​​​​ដោយ​លោក ហង្ស វិបុល”។ លោក​បាន​បន្ថែម​ថា អង្គការ​របស់​លោក​​នឹង​សុំ​​ឲ្យ​ព្រះ​រាជអាជ្ញា​​​ប្ដឹង​ទាស់​ការផ្តន្ទា​​ទោស​​នេះ​។​

លោក​ វិបុល ជា​នាយកទី២​នៃ​​អង្គការ​ក្រៅរដ្ឋាភិបាល​ការពារ​កុមារ​​ដែល​ត្រូវ​​បាន​​​កាត់​ឲ្យ​ជាប់​ទោស​ពីបទ​​​រំលោភ​កុមារ​នៅ​ឆ្នាំ​មុន។ ​លោក ហ្វីលីព ប្រោលី (Philippe Broaly) អតីត​នាយក​អង្គការ​ Enfants du Cambodge ត្រូវ​បាន​ផ្ដន្ទាទោស​​ឲ្យ​ជាប់​ពន្ធនាគារ​១៤​ខែ​កាល​​ពី​ខែ​ឧសភា ពីបទ​រំលោភ​ក្មេងប្រុស​​ប្រាំនាក់​ក្រោម​ការ​មើល​ថែ​របស់​លោក​៕ និត​​

 

The post ​​អតីត​ប្រធាន​​មណ្ឌល​កុមារ​កំព្រា​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ពី​​​បទ​​​រំលោភ​​​ផ្លូវ​​​​​​ភេទ​​​ appeared first on ខេមបូឌា ដេលី.