អ្នក​ជំនាញ​បង្ហើប​តិច​និក​លក់​ដី​ឲ្យ​ចំណេញ​កប់​ក្ដោង

អ្នក​ជំនាញ​បង្ហើប​តិច​និក​លក់​ដី​ឲ្យ​ចំណេញ​កប់​ក្ដោង

ការ​រក​ស៊ី​លើ​វិស័យ​ដី​ធ្លី​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​អាច​ទទួល​ផល​ចំណេញ​បាន​ច្រើន តែ​អាច​ខាត​បង់​ច្រើន​ទៅ​វិញ​បើ​មិន​បាន​សិក្សា​ពី​ទី​តាំង​ច្បាស់​លាស់។ លោក គឹម ហ៊ាង អគ្គនាយក​ក្រុម​ហ៊ុនKhmer Real Estate ប្រាប់​ថា បើ​ចង់​លក់​ដី​ឲ្យ​ចំណេញ ត្រូវ​ចេះ​សិក្សា​​ការវិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​រយៈពេល​ឆ្នាំ​ត្រូវ​លក់។

 

អ្នក​ជំនាញ​បង្ហើប​តិច​និក​លក់​ដី​ឲ្យ​ចំណេញ​កប់​ក្ដោង

 
លោក​ថា ​ដី​ធ្លី​មាន​ចរន្ត​ ម្ល៉ោះ​ហើយ​តម្លៃ​មិន​ស្ថិត​ស្ថេរ​នោះ​ទេ។ បច្ចុប្បន្ន តាម​ការ​សង្កេត​ដី​មាន​តម្លៃ​ថ្លៃ​ខ្លាំង​ជាង​គេ​នៅ​ភ្នំពេញ គឺ​បឹង​កេង​កង​១ បន្ទាប់​មក​គឺ ទួល​គោក ភ្នំពេញ​ថ្មី និង​ពោធិ៍​ចិន​តុង។

 

 

កាល​ពី​១៥​ឆ្នាំ​មុន ដី​ឡូដិ៍​នៅ​បឹង​កេង​កង​១ តម្លៃ​ប្រហែល​២៥ម៉ឺន-៣០ម៉ឺន​ដុល្លារ តែ​ឥលូវ​តម្លៃ​២លាន-៣​លាន​ដុល្លារ ដែល​នេះ​ជា​ការ​កើន​ឡើង​ជិត​១០​ដង។ ចំណែក​តំបន់​ទួល​គោក គ្រា​មុន​តម្លៃ​តែ​៥ម៉ឺន-៦ម៉ឺនដុល្លារ​ក្នុង​១​ឡូដិ៍ ឥលូវ​តម្លៃ​កើន​ឡើង​ដល់​១៥ដង គឺ​ពី​៧៥ម៉ឺន-​១លាន​ដុល្លារ។

 

 

ដូច្នេះ​ហើយ ប្រសិន​បើ​ចង់​លក់​ដី​ឲ្យ​ចំណេញ​ត្រូវ​សិក្សា​ផែនការ​ថា ចង់​ចំណេញ​តិច​ឬ​ច្រើន? ប្រញាប់​ឬ​អត់? តើ​ចង់​​ទិញ​ភ្លាម​លក់​ភ្លាម ឬ​ទុក​​១​ឆ្នាំ​ចាំ​លក់? ឬ​ ៣​ឆ្នាំ ទៅ ១០​ឆ្នាំ?

 
សម្រាប់​អ្នក​ចង់​វិនិយោគ​ដី​ធ្លី​ត្រូវ​គិត​ពី​ចលនា​សេដ្ឋកិច្ច ដោយ​ដី​នៅ​កណ្ដាល​ក្រុង​អាច​ឡើង​ពី​៥-១០% ឯ​ជាយ​ក្រុង​អាច​ឡើង​ពី​២០-៣០%។

 
អ្នក​មាន​ជំនាញ​លើ​ផ្នែក​អចលនទ្រព្យ​រូប​នេះ បន្ថែម​ថា បើ​ដាក់​ផែន​ការ​ថា ​ទិញ​ដី​ហើយ​ចង់​លក់​វិញ​ក្នុង​រយៈពេល​៣​ឆ្នាំ គួរ​ទិញ​នៅ​តំបន់​ភ្នំពេញ​ថ្មី។ បើ​លក់​វិញ​៥​ឆ្នាំ​ខាង​មុខ គូរ​ទិញ​នៅ​តំបន់​ពោធិ៍ចិន​តុង។ ដោយ​ឡែក​បើ​ចង់​លក់​នៅ​ពេល​៥​ឆ្នាំ​ខាង​មុខ សម្រាប់​សក្ដានុពល​ខ្ពស់​ក្នុង​ការ​ទទួល​បាន​ប្រាក់​ចំណេញ​នោះ​គឺ​តំបន់​អភិវឌ្ឍន៍​ថ្មី​ៗ​ដែល​មាន​ចម្ងាយ​១០-១៥​គីឡូម៉ែត្រ​ពី​វត្ត​ភ្នំ៕

 

 

សូមអាន៖    ​មាន​លុយ​សង់​ផ្ទះ​ប្រយ័ត្ន​ខាត​បង់​ទៅ​វិញ​បើ​ហ៊ាន​សង់​លើ​ទី​តាំង​ទាំង​នេះ

 

 

 

អត្ថបទ៖ លឹម សុ​នា