ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

​រាជ​ធានី​ភ្នំពេញ ៖ រថយន្ត​​ប្រភេទ​កូរ៉េ​ដឹក​ទឹកកក​មួយ​គ្រឿង​​​ក្រឡាប់​ដេក​ផ្អៀង​ចាក់​ទឹកកក​ពេញ​ផ្លូវ ក្រោយ​ពី​​បុក​ចំពាក់​កណ្តាល​រថយន្ត​​មួយ​គ្រឿង​​ទៀត​ពេញទំហឹង ​បណ្តាល​ឱ្យ​​​មាន​មនុស្ស​រង​របួសធ្ងន់​ស្រាល​២​នាក់ កាលពី​ម៉ោង​៣និង​៥០​នាទី​ទៀប​ភ្លឺថ្ងៃ​ទី​១១ ​​កុ​ម្ភៈ ​នៅ​លើ​កំណាត់​​កែងផ្លូវ​លេខ​៣៦០​និង​​លេខ​១៦៣ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​​ទី​១ ខណ្ឌចំការមន​ ។

​​តាម​​សាក្សី​នៅ​កន្លែង​កើតហេតុ បាន​​និយាយ​​ថា មុន​កើតហេតុ ​គេ​ឃើញ​រថយន្ត​កូរ៉េ​ដឹក​ទឹកកក​មួយ​គ្រឿង ពណ៌​ស ​បើកបរ​ដោយ​បុរស​ម្នាក់​ ​​រួម​ដំណើរ​ជាមួយ​ព្រួ​​ម្នាក់​ទៀត ​​ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង ​​។ ចំណែក​រថយន្ត​ម៉ាក​តា​កូ​ម៉ា ពណ៌​ទឹកប្រាក់ ​​មួយគ្រឿង​ បើកបរ​ដោយ​បុរស​ម្នាក់ ​និង​រួម​ដំណើរ​ជាមួយ​ស្ត្រី​២​នាក់​ទៀត​ ​បើក​​ពី​កើត​ទៅ​លិច ដោយ​រថយន្ត​ទាំង​ពីរ​​គ្រឿង​​បើកបរ​ក្នុង​ល្បឿន​លឿន​ដូច​គ្នា​ ។ លុះ​​​មក​ដល់​ចំណុច​កើតហេតុខាងលើ​ រថយន្ត​កូរ៉េ​ដឹក​ទឹកកក​​​ជ្រុល​ចង្កូត​ទៅ​បុក​​ចំពាក់​កណ្តាល​រថយន្ត​តា​កូម៉ា​​ពេញទំហឹង ​​ធ្វើ​ឱ្យ​​រថយន្ត​កូរ៉េ​​ក្រឡាប់​ផ្ងា​រឡើង​លើ​ចាក់​ទឹកកក​ពេញ​ផ្លូវ ​និង​កៀប​​ជាប់​ព្រួ​​រថយន្ត​​រង​របួសធ្ងន់ ​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ភ្លាម​ៗ រីឯ​រថយន្ត​តា​កូ​ម៉ា​វិញ​ ក៏រង​ការ​ខូចខាត​ផ្នែក​ខាងឆ្វេង​មួយ​ចំហៀង​ និង​​បណ្តាល​ឱ្យ​​របួសស្រាល​មនុស្ស​ម្នាក់​ក្នុង​រថយន្ត​ផង​ដែរ ។

ក្រោយ​ពី​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​ ​សហការ​ជាមួយ​នគរបាល​ក្រុង ​ធ្វើការ​វាស់វែង​ និង​អូស​យករថយន្ត​ទាំង​ពីរ​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយនា​ពេល​ក្រោយ ៕ ​