ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំ​ពេ​ញ ៖ លោក​មិន ឃិ​ន បាន​ដឹកនាំ​គណៈកម្មការ​ចំរុះ​របស់​ក្រសួង​ទៅ​ពិនិត្យ​មើល​ការ​ដោះស្រាយ​អធិករណ៍​របស់​ថេរ​សភា​សង្ឃ​ខេត្តកំពង់ស្ពឺ ដែល​បាន​កើតឡើង​រវាង​ព្រះសង្ឃ​និង​ព្រះសង្ឃ ដោយ​ការ​យល់​ច្រឡំ​ក្នុង​ការ​តែងតាំង​ជា​ព្រះ​ចៅអធិការ​វត្ត ក្រោយ​ពេល​ព្រះ​ចៅអធិការ​វត្ត​ចាស់​លាចាក​សិក្ខាបទ​ទៅ​ហើយ​នោះ ។ការ​ពិនិត្យ​មើល​ការ​ដោះស្រាយ​នេះ​ធ្វើ​ឡើង​នៅ​វត្ត​ជ្រៃ​ហូរ​ព្នៅ ឃុំ​វាល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ កាលពី​រសៀល​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៦ ។

ក្នុង​ឱកាស​នោះ​លោក​មិន ឃិ​ន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា​បាន​ថ្លែង​ទទូច​ឱ្យ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ចៀសវៀង​ការ​ប្រើ​អំពើ​ហិង្សា ជា​ពិសេស​ត្រូវ​ប្រើ​នូវ​គុណធម៌​ដើម្បី​ថ្លឹងថ្លែង​ដោះស្រាយ​បញ្ហា​ដែល​ជួប​ប្រទះ ។លោក​​​មិន ឃិ​ន បាន​លើក​ឡើង​ពី​ការ​គោរព​ច្បាប់ ធម៌​វិន័យ​ព្រះពុទ្ធ​សាសនា និង​ច្បាប់​របស់​រដ្ឋ ដូច្នេះ​សូម​ឱ្យ​ព្រះសង្ឃ​និង​ពុទ្ធបរិ​ស័ទ​​ចេះ​គោរព​ស្រលាញ់​គ្នា កុំ​បង្ក​ការ​លំបាក​ដល់​គ្នា នាំ​ឱ្យ​ខូច​ផលប្រយោជន៍រៀង​ៗ​ខ្លួន ។

ថេរ​សភា​នៃ​ព្រះពុទ្ធ​សាសនា គឺជា​សហធម្មិក​សង្ឃ​ជាន់ខ្ពស់​ក្នុង​ការ​បំពេញបេសកកម្ម​ជួយ​អភិបាលកិច្ច​សង្ឃ​ដោះស្រាយ​រម្ងាប់​អធិករណ៍ ដែល​កើត​មាន​ឡើង​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក៏​ជា​តួអង្គ​ជំនុំជម្រះ​អធិករណ៍​ដែល​កើតឡើង​រវាង​ព្រះសង្ឃ​និង​ព្រះសង្ឃ រវាង​សង្ឃ​និង​គ្រហស្ថ​។​រក​គ្រប់​វិធី​ណែនាំ​សម្រុះសម្រួល​នូវ​ភាគី​បង្ក​អធិករណ៍​ឱ្យ​យល់​គ្នា ដោយ​ប្រើប្រាស់​គ្រប់​រូបភាព​សី​ល្បិ៍​វិធី​ក្នុង​នាម​ជា​សហធម្មិក​និង​ជា​ភាតរ​ភាត​ក្នុង​ពុទ្ធសាសនា​មណ្ឌល ។

ព្រះ​មុនី​ស​ត្ថា​ច​រិ​យ​កោសល្យ​ឌូ វ៉ា​ន់​ឌឿ​ន ព្រះ​មេគណ​ខេត្តកំពង់ស្ពឺ មាន​សង្ឃដីកា​ទូល​ប្រគេន​ពី​លទ្ធផល​ក្នុង​ការ​ដោះស្រាយ​បញ្ចប់​អធិករណ៍​គឺ​ថេរ​សភា​សង្ឃ​ខេត្ត ថេរ​សភា​សង្ឃ​ស្រុក មន្ត្រី​សង្ឃ​គ្រប់​ឋានានុក្រម​បាន​សំរេច​ដោយ​ប្រគល់​វត្ត​ជ្រៃ​ហូរ​ព្នៅ​ទាំងមូល​ឱ្យទៅ​ព្រះ​អង្គ ព្រះ​ចៅ​ធ​អិ​ការ​វត្ត​ស្តីទី​ព្រះ​នាម​អ៊ូ ពុ​ទ្ធី​ណា អាចារ្យ​គណៈកម្មការ​វត្ត​និង​ប្រជា​ពុទ្ធបរិស័ទ​ទាំង​១១​ភូមិ​ជា​អ្នកគ្រប់គ្រង និង​បាន​បំពេញ​បុណ្យ​កុសល​ក្នុង​ការ​លើក​តម្លៃ​នៃ​ការ​គោរព​បូជា​តាម​ផ្លូវ​ព្រះពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ​ទៀត​ផង ។

ជំនួស​មុខ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុងស្រុក​គងពិសី លោក​ម៉ា សាវ៉ា​ត អភិបាលស្រុក​គងពិសី​ថ្លែងអំណរគុណ​ចំពោះ​គណៈប្រតិភូ​ក្រសួង​និង​ម​ន្រី​សង្ឃ​ខេត្ត​ដែល​បាន​ដោះស្រាយ​អធិករណ៍​ដែល​បាន​កើតឡើង​ក្នុង​ទី​អារាម​នេះ ។ ប្រជា​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ចង់បាន​ការ​គង់នៅ​របស់​ព្រះសង្ឃ​មានការ​ស្រុះស្រួល​គ្នា​ដែល​ចាត់​ទុក​ថា ព្រះ​ស្ឃ​ជា​ស្រែបុណ្យ​របស់​ប្រជា​ពុទ្ធបរិស័ទ ។

លោក​វ៉ាង វ​ណ្ណេ​ត ប្រធាន​ការិយាល័យ​ធម្មការ និង​សាសនា​ស្រុក​គងពិសី​មាន​ប្រសាសន៍​ថា អធិករណ៍​ដែល​កើតឡើង​នេះ គឺ​បន្ទាប់​ពី​ព្រះ​ចៅអធិការ​ព្រះ​នាម​ហែម ហន លាចាក​សិក្ខាបទ​ទៅ​បាន​ចេញ​លិខិត​តែងតាំង​ព្រះ​អង្គ ឆោ ឈឿ​ន ដោយ​អង្គ​ឯង ដោយ​មិន​មានការ​ឯកភាព​ដឹង​លឺ​ពី​អាជ្ញាធរ​ស្រុក​គងពិសី​ឡើយ ហើយ​ក៏​ឈ្លោះ​កើត​វិវាទ​រវាង​ព្រះសង្ឃ និង​ព្រះសង្ឃ​ដោយ​យល់​ច្រឡំ​ក្នុង​ការ​តែងតាំង​ជា​ព្រះ​ចៅអធិការ​វត្ត ។

តំណាង​អាចារ្យ គណៈកម្មការ​វត្ត​បាន​លើក​ឡើង​ថា វត្ត​នេះ​ពី​ដើម​រៀង​មក​មាន​កេរដំណែល​ខ្ពង់ខ្ពស់​ណាស់ ហើយ​ចាប់ពី​កកើត​វត្ត​នេះ​មក​មិន​ដែល​មាន​អធិករណ៍​កើតឡើង​នោះ​ទេ ។ វត្ត​ជ្រៃ​ហូរ​ព្នៅ បាន​កើតឡើង​វិញ​ក្រោយ​ថ្ងៃ​៧ មក​រា ១៩៧៩ គឺ​នៅ​ថ្ងៃ​ទី​៥ មេ​សា ១៩៩២​។ ការ​កសាង​វត្ត​នេះ គឺ​មាន​តែ​បាតដៃ​ទទេ ដោយ​សុទ្ធតែ​វាល សូ​ម្បី​ទី​សេនាសនៈ​ក៏​គ្មាន​ផង​ដែរ ៕