​ក្រុមចោរ​៦​នាក់ ប្លន់​ម៉ូតូ​ពី​បុគ្គលិក នៅ​ផ្សារ AEON បានសម្រេច

ភ្នំពេញ: ជនសង្ស័យ​មាន​គ្នា​៦​នាក់ ជិះ​ម៉ូតូ​ស៊េរី​ទំនើប ៣​គ្រឿង បានមក​ស្ទាក់ និង​ភ្ជង់​ប្លន់​ម៉ូតូ មួយគ្រឿង ពី​ជនរងគ្រោះ​២​នាក់ ដែល​បម្រើ​ការងារ នៅ​ផ្សារ​ទំនើប (AEON) បាន សម្រេច ថែមទាំង​វាយ​ជនរងគ្រោះ​ម្នាក់ បណ្តាល​ឲ្យ​រងរបួស​ទៀតផង​។​

​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១១ ខែកុម្ភ​: ឆ្នាំ​២០១៦ នៅក្បែរ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ។​

​ជនរងគ្រោះ ជា​ម្ចាស់​ម៉ូតូ ឈ្មោះ គង់ សុភ​ក្ត្រា អាយុ​២៩​ឆ្នាំ និង​ម្នាក់ទៀត ជិះ​ពីក្រោយ​ឈ្មោះ ឡេង សេងហុង ជា​មិត្តភក្តិ​។​

 មុនពេល​កើតហេតុ ជនរងគ្រោះ​២​នាក់ ជិះ​ម៉ូតូ​ម៉ាក Zoomer ពាក់​ស្លាក​លេខ ភ្នំពេញ 1FJ-1190 ចេញពី​កន្លែងធ្វើការ នៅ​ផ្សារ​ទំនើប (AEON) ឆ្ពោះទៅ​ហូប​អី នៅ​ខាងក្រោយ​វាំង រួច​បន្តដំណើរ​ទៅផ្ទះ លុះ​ពេល​ជិះ​ដល់​ជិត​សាលា​ស៊ីសុវត្ថិ ក៏​លេចមុខ​ជនសង្ស័យ​ទាំងនេះ ជិះ​ម៉ូតូ​៣​គ្រឿង មក​ស្ទាក់​ភ្ជង់ និង​វាយ បណ្តាល​រងរបួស​អ្នកជិះ​ពីក្រោយ រួចហើយ​ពួកវា ក៏​លើក​ម៉ូតូ របស់​ជនរងគ្រោះ ជិះ​ចេញទៅ​។​

​ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច បាន​ចុះទៅ​សួរនាំ​ភ្លាមៗ និង​នាំ​ជនរងគ្រោះ ទៅ​ដាក់​ពាក្យបណ្តឹង ដើម្បី​បន្ត​ការស្រាវជ្រាវ តាម​ចាប់​ក្រុម​​ជនល្មើស​ទាំងនោះ យកមក​ចាត់ការ​តាមច្បាប់​៕V​/S

​ក្រុមចោរ​៦​នាក់ ប្លន់​ម៉ូតូ​ពី​បុគ្គលិក នៅ​ផ្សារ AEON បានសម្រេច