អង្គការ​យូ​នី​សេ​ហ្វ ចំណាយ ៦៥ លាន​ដុល្លារ ដំណើរការ​កម្មវិធី​ថ្មី រយៈពេល​បី​ឆ្នាំ នៅ​កម្ពុជា​

ភ្នំពេញ: រាជរដ្ឋាភិបាល​កម្ពុជា និង​យូ​នី​សេ​ហ្វ បាន​ចុះហត្ថលេខា​ជា​ផ្លូវការ លើ​ផែនការ​សកម្មភាព នៃ​កម្មវិធី​ប្រចាំ​ប្រទេស​ថ្មី សម្រាប់​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៨​។ ពិធី​ចុះហត្ថលេខា បាន​ប្រព្រឹត្តទៅ​នៅ​ទីស្តីការ​ក្រសួងផែនការ នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព​លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ តំណាង​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា និង​លោកស្រី Debora Comini ប្រធាន​យូ​នី​សេ​ហ្វ ប្រចាំ​ប្រទេស​កម្ពុជា​។​

​ផែនការ​សកម្មភាព​នេះ ត្រូវបាន​កំណត់ និង​ឆ្លើយតប​ទៅនឹង​ឧបសគ្គ​ចម្បងៗ ដែល​បាន​រារាំង នូវ​ការទទួលបាន​នូវ សិទ្ធិ​របស់​កុមារ នៅ​កម្ពុជា រួមទាំង​បានបង្ហាញ​នូវ វិស័យ​សំខាន់ៗ សម្រាប់​កិច្ចសហប្រតិបត្តិការ ក្នុង​រយៈពេល​បី​ឆ្នាំ​ខាងមុខ​។ កម្មវិធី​ថ្មី​ប្រចាំ​ប្រទេស​នេះ ចែកចេញជា សមាសភាគ​បួន​សំខាន់ៗ រួមមាន​៖ (១) ការរស់រានមានជីវិត ការថែទាំ និង​អភិវឌ្ឍន៍​កុមារ​តូច (២) ការអប់រំ​ប្រកប ដោយ​គុណភាព និង បរិ​យា​ប័ន្ន (៣)  បរិស្ថាន​ការពារ និង (៤) បរិ​យា​ប័ន្ន​សង្គម និង​អភិបាលកិច្ច​។ ថវិកា​ដែល​ត្រូវការ​សម្រាប់ ដំណើរការ​កម្មវិធី រយៈពេល​បី​ឆ្នាំនេះ មាន​ប្រមាណ ៦៥ លាន​ដុល្លារ​។​

​លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ន​មន្ត្រី​ក្រសួងផែនការ បាន​មានប្រសាសន៍ថា “​កម្មវិធី​សហប្រតិបត្តិការ របស់​យើង ជាមួយនឹង​យូ​នី​សេ​ហ្វ​កន្លងមក បាន​ចូលរួមចំណែក លើកកម្ពស់​ជីវភាពរ​ស់​នៅ របស់​កុមារ និង​ស្ត្រី​ជាច្រើន តាមរយៈ​ការអភិវឌ្ឍ និង​ការអនុវត្ត​គោលនយោបាយ និង​ច្បាប់​នានា ក៏ដូចជា​ការ កែលំអ​ប្រព័ន្ធ និង​ការផ្តល់​សេវាកម្ម របស់​យើង​ផងដែរ​”​។

​លោក​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍​បន្ថែមទៀត​ថា “​យើង​ក៏​ទទួលស្គាល់​ផងដែរ​ថា នៅមាន​កុមារ​ជាច្រើន​ទៀត ពុំទាន់​ទទួលបាន​ការគាំទ្រ​។ យើង​សប្បាយរីករាយ​ណាស់ ដោយសារ​កម្មវិធី​ប្រចាំ​ប្រទេស​ថ្មី​នេះ នឹង​ផ្តោត​ការយកចិត្តទុកដាក់ លើ​កុមារ ដែល​ងាយ​រងគ្រោះ​បំផុត ដែល​ធ្វើ​ឲ្យ​មាន​កុមារ កាន់តែច្រើន​នៅ​កម្ពុជា មានឱកាស​រស់រានមានជីវិត និង​លូតលាស់​ពេញវ័យ ប្រកបដោយ​សុខភាព​ល្អ និង​ផលិតភាព​ខ្ពស់​”​។​

​ប្រទេស​កម្ពុជា ជា​ប្រទេស​ដែលមាន​ចំនួន​កុមារ និង​ក្មេង​ជំទង់​ច្រើន គឺ​ប្រមាណ ៤៥ ភាគរយ នៃ​ប្រជាជន​សរុប មាន​អាយុ​តិចជាង ឬ​ស្មើ​១៩​ឆ្នាំ​។ ជាមួយគ្នានេះ ប្រជាជន​ប្រមាណ ១១ ភាគរយ មាន​អាយុ​តិចជាង​៥​ឆ្នាំ​។​

​លោកស្រី Debora Comini ប្រធាន​យូ​នី​សេ​ហ្វ ប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា “​សព្វថ្ងៃ ពេលដែល​កុមារ​កម្ពុជា កំពុង​ចម្រើន​ពេញវ័យ នៅក្នុង​ដំណាក់កាល ដែល​សង្គម និង​សេដ្ឋកិច្ច មានការ​ផ្លាស់ប្តូរ​ខ្លាំង ភាព​រីកចម្រើន មិនបាន​ផ្តល់​ផលប្រយោជន៍​ស្មើគ្នា ដល់​ប្រជាជន​គ្រប់រូប​ទ្បើ​យ​។​”

​លោកស្រី បាន​បន្តទៀតថា “​វិសមភាព អាច​បន្ត​ពីមួយ​ជំនាន់ ទៅ​ជំនាន់​មួយទៀត នៅក្នុង​វដ្ត​ជីវិត ដែល​គ្មាន​ទីបញ្ចប់ ហើយ​ដែល​នឹង​ប៉ះពាល់​ដល់​សង្គម​ទាំងមូល​។ ហេតុដូចនេះ ការវិនិយោគ​លើ​កុមារ គឺជា​ការវិនិយោគ​ដ៏​ល្អ​បំផុត ដែល​ប្រទេស​កម្ពុជា អាច​ធ្វើបាន​សម្រាប់​អនាគត​របស់ខ្លួន​។​”

​យូ​នី​សេ​ហ្វ បាន​នឹង​កំពុងធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា អស់​រយៈពេល​ជាច្រើន ទសវត្សរ៍​មកហើយ ដើម្បី​លើកកម្ពស់ និង​ការពារ​សិទ្ធិ​កុមារ​។ យូ​នី​សេ​ហ្វ បានចាប់ផ្តើម​ការងារ​របស់ខ្លួន នៅ​កម្ពុជា​ក្នុង​ឆ្នាំ ១៩៥២ និង​បាន​បើក​ការិយាល័យ​ដំបូង ក្នុង​ឆ្នាំ​១៩៧៣​។ ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង រួមគ្នា​រវាង​រាជរដ្ឋាភិបាល អង្គការ​មិនមែន​រដ្ឋាភិបាល ដៃគូ​អភិវឌ្ឍ យូ​នី​សេ​ហ្វ និង​ភ្នាក់ងារ​អភិវឌ្ឍន៍​ដទៃទៀត ភាព​រីកចម្រើន គួរ​ឲ្យ​កត់សម្គាល់​ជាច្រើន ត្រូវបានធ្វើ​ឲ្យ​កើតមានឡើង សម្រាប់​ផ្តល់​អត្ថប្រយោជន៍ ដល់​ស្ត្រី​និង​កុមារ ក្នុងប្រទេស​កម្ពុជា នៅលើ​វិស័យ​ជាច្រើន មានដូចជា​៖

·      អត្រា​មរណៈភាព​មាតា បាន​ថយចុះ​ពី ៤៧២​នាក់ ក្នុង​១០០ ០០០ កំណើត​រស់ ក្នុង​ឆ្នាំ​២០០០ មក​នៅត្រឹម ១៧០​នាក់ ក្នុង​ឆ្នាំ​២០១៤​។​
·      អត្រា​កុមារ​ដែល​ទទួល បាន​ការចាក់​វ៉ាក់សាំង ពេញលេញ បាន​កើន​ពី ៤០​ភាគរយ ក្នុង​ឆ្នាំ​២០០០ ទៅដល់ ៧៣ ភាគរយ ក្នុង​ឆ្នាំ​២០១៤​។​
·      អត្រា​នៃ​ការសិក្សា​របស់​កុមារ នៅ​កម្រិត​បឋមសិក្សា បាន​កើន​ទ្បើង​ពី ៨៧ ភាគរយ នៅ​ឆ្នាំ​២០០១ ដល់ ៩៨ ភាគរយ នៅ​ឆ្នាំ​២០១៣​។​
·      អត្រា​ក្រិន​របស់​កុមារ អាយុ​ក្រោម​៥​ឆ្នាំ បាន​ធ្លាក់ចុះ​ពី ៤០ ភាគរយ ក្នុង​ឆ្នាំ​២០១០ មក​នៅត្រឹម ៣២ ភាគរយ ក្នុង​ឆ្នាំ​២០១៤​។​
·      អត្រា​ផ្តល់​សំបុត្រកំណើត ដល់​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ បាន​កើន​ទ្បើង​ពី ៦២ ភាគរយ ក្នុង​ឆ្នាំ​២០១០ ទៅ ៧៣ ភាគរយ ក្នុង​ឆ្នាំ​២០១៤​។​

​លោកស្រី Debora Comini បាន​មានប្រសាសន៍​ទៀតថា “​ឥឡូវនេះ ដល់​ពេលដែល​ត្រូវ​បង្ហាញ សារជាថ្មី​នូវ​ការប្តេជ្ញាចិត្ត របស់​យើង​ចំពោះ​កុមារ ដែល​កំពុង​ជួប​ការលំបាក​បំផុត រួមទាំង​គ្រួសារ​ពួកគេ​ផងដែរ ដើម្បី​ឲ្យ​កុមារ​គ្រប់រូប មិន​ថា​ពួកគេ​ជា​នរណា និង​មកពីណា​ទេ ទទួលផល​សំខាន់បំផុត នៃ​ការងារ​ទាំងអស់​របស់​យើង​។ យើង​មាន​ក្តីរំភើប ជា​ពន់ពេក​ដែល បានធ្វើការ​ជាមួយ​ដៃគូ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ក្លាយជា​ប្រទេស ដែល​ល្អ​បំផុត សម្រាប់​កុមារ​គ្រប់រូប​”​។​

​កម្ម​វី​ធី​របស់​យូ​នី​សេ​ហ្វ ត្រូវ​បានទទួល​ថវិកា​ទាំងស្រុង ពី​វិភាគទាន​សប្បុរសធម៌ និង​ស្ម័គ្រចិត្ត​ពី​បណ្តា រដ្ឋាភិបាល​ម្ចាស់ជំនួយ សប្បុរសជន វិស័យ​ឯកជន និង​គណៈកម្មាធិការ​ជាតិ យូ​នី​សេ​ហ្វ នៅ​ទូទាំង​ពិភពលោក​។​

​ទោះបីជា​មានការ​រីកចម្រើន​យ៉ាងនេះ​ក្តី ក៏​នៅមាន​គម្លាត​យ៉ាងច្រើន​។ កុមារ​ជាច្រើន មកពី​គ្រួសារ មាន​ស្ថាន​ភាពលំបាក កំពុង​ជួប​បញ្ហា​ប្រឈម​ជាច្រើន ដែល​មិនអាច​ឲ្យ​ពួកគេ រស់រានមានជីវិត​បា​ន និង​មិន អាច​សម្រេចបាន សក្តានុពល​ដែល​គេ​មាន​។ ឧទាហរណ៍ កុមារ​មកពី​គ្រួសារ​ក្រីក្រ​បំផុត អាចមាន​ឱកាស ស្លាប់​៣​ដង ច្រើនជាង​កុមារ មកពី​គ្រួសារ ដែលមាន​ទ្រព្យធន​ច្រើន មុន​ពួកគេ មាន​អាយុ​៥​ឆ្នាំ​។ កុមារ​រស់នៅ ក្នុង​គ្រួសារ​ក្រីក្រ នៅ​តំបន់​ជនបទ ជនភាគតិច និង​កុមារ​ពិការ ភាគច្រើន បោះបង់ចោល ឬ មានឱកាស​តិចជាង ក្នុងការ​បញ្ចប់​ការសិក្សា នៅ​កម្រិត​បឋមសិក្សា​។

​កម្មវិធី​ប្រចាំ​ប្រទេស​របស់ យូ​នី​សេ​ហ្វ ឆ្នាំ​២០១៦-២០១៨ នឹង​ដំណើរការ​សម្រាប់​ទូទាំងប្រទេស ប៉ុន្តែ​វា​នឹង​ផ្តោត​សំខាន់ ទៅលើ​ខេត្ត ស្រុក និង​ឃុំ ទាំងទ្បាយ​ណា ដែលមាន​គម្លាត​ខ្ពស់ និង​សូចនាករ អភិវឌ្ឍន៍​កុមារ​មិនល្អ ដើម្បី​ធានាថា អន្តរាគមន៍​នឹង​អាច​ទៅដល់​កុមារ ដែល​ងាយ​រងគ្រោះ និង​លំបាក​បំផុត​។​

​កម្មវិធី​បាន​ចងក្រង​ទ្បើង ដោយ​ផ្អែកលើ​បទពិសោធន៍ និង​ភាពជោគជ័យ ដែល​ទទួលបាន​ពី​កិច្ចសហការ ក្នុង​កម្មវិធី​មុន ហើយ​វា​ក៏បាន​ផ្សារភ្ជាប់​ទៅនឹង​ផែនការ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​ជាតិ ២០១៤-២០១៨ និង​សមិទ្ធផល នៃ​ក្របខ័ណ្ឌ​ជំនួយ អភិវឌ្ឍន៍​សហប្រជាជាតិ ឆ្នាំ​២០១៦-២០១៨ និង​ចូលរួមចំណែក ធ្វើ​ឲ្យ​សម្រេច​នូវ​គោលដៅ អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ផងដែរ​។​

​កម្មវិធី​នេះ នឹង​ត្រូវបាន​អនុវត្ត ក្រោម​កិច្ចសហការ ជាមួយនឹង​ស្ថាប័ន​របស់ រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ជាមួយនឹង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន ស្ថាប័ន​អប់រំ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ស្ថាប័ន​អង្គការសហប្រជាជាតិ ដទៃទៀត​។ ដោយ​ទទួលបាន បទពិសោធន៍ ពី​ការអនុវត្ត​កម្មវិធី​ប្រចាំ​ប្រទេស មុន​កម្មវិធី​ថ្មី នឹង​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ ពី​ការ​ផ្តោតលើ វិសាលភាព មក​ផ្តោតលើ​ការយកចិត្តទុកដាក់ លើ​សេវាកម្ម ដែលមាន​គោលដៅ​ច្បាស់លាស់ និង​ប្រកបដោយ គុណភាព​។ កម្មវិធី​នឹង​នៅតែ​ផ្តល់​សារសំខាន់​ទៅលើ​ការប្រមូល​ទិន្នន័យ និង​ការសម្រេចចិត្ត ដោយ​ផ្អែកលើ ភស្តុតាង​៕V​/S

អង្គការ​យូ​នី​សេ​ហ្វ ចំណាយ  ៦៥ លាន​ដុល្លារ ដំណើរការ​កម្មវិធី​ថ្មី រយៈពេល​បី​ឆ្នាំ នៅ​កម្ពុជា​