ឆ្នាំ២០១៦ កម្ពុជាអាច នឹងនាំអង្ករចេញ យ៉ាងតិច ៦០ម៉ឺនតោន

ភ្នំពេញ៖ ដោយឈរលើកំណើន នៃការនាំចេញអង្កររបស់កម្ពុជា ក្នុងរយៈពេល១ខែដំបូង ដើមឆ្នាំ២០១៦ មានការកើនឡើងគួរឲ្យកត់សម្គាល់ ពោលកើនឡើង២២,៦០% បើធៀបរយៈពេលដូចគ្នាក្នុងខែមករា ឆ្នាំ២០១៥ ដែលកំណើននេះនឹងធ្វើឲ្យកម្ពុជា អាចនាំអង្ករចេញទៅ លក់លើទីផ្សារអន្តរជាតិ ចំនួន៦០ម៉ឺនតោន ក្នុងឆ្នាំនេះ។

យោងតាម ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)  ដកស្រង់សម្តីប្រធានលេខាធិការដ្ឋាន សម្រាប់បំពេញបែបបទនាំចេញអង្ករ លោក ហ៊ាន វណ្ណហន នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ បានឲ្យដឹងថា «កំណើននេះ កើតចេញពីការខិតខំវិស័យឯកជន និងរាជរដ្ឋាភិបាលតាមរយៈ ការបើកច្រកនាំចេញថ្មីៗជាច្រើន មានទីផ្សារប្រទេសចិន និងការទទួលស្គាល់អង្ករកម្ពុជា ពីសំណាក់អន្ដរជាតិជាដើម”។

ទិន្នន័យបានបង្ហាញថា ការនាំចេញអង្ករនៅខែមករា ឆ្នាំ២០១៦ ទទួលបានជាង៤ ៤.០០០តោន កើនឡើង ២២,៦០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៥ ដែលមានចំនួន ៣៥.៩២១តោន។ តាម AKP ដដែលបានឲ្យដឹងទៀតថា  អឺរ៉ុបនៅតែជា ទីផ្សារធំ សម្រាប់ការនាំចេញអង្កររបស់កម្ពុជា ដែលមានចំនួនជាង២៩.០០០តោន ក្នុងនោះនាំមុខ ដោយប្រទេសបារាំង ដែលមានចំនួនជាង ៦ពាន់តោន ទីផ្សារអាស៊ានមានជាង ៥ពាន់តោន នឹងទីផ្សារផ្សេងទៀតមានជាង ៩ពាន់តោន។

សូមរម្លឹកថា កាលពីឆ្នាំ២០១៥ ប្រទេសកម្ពុជាបានប្តេជ្ញា នាំអង្ករចេញឲ្យបាន១លានតោន  ប៉ុន្តែការបេ្តជ្ញានេះសម្រេចបានតែកន្លះលានតោន គឺកម្ពុជាបាននាំអង្ករចេញតែជាង ៥៣៨.០០០តោន ដែលចំនួននេះ បានតែពាក់កណ្តាល នៃផែនការរបស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ៕

ឆ្នាំ២០១៦ កម្ពុជាអាច នឹងនាំអង្ករចេញ យ៉ាងតិច ៦០ម៉ឺនតោន