ទទួលបាច់ផ្កា រួចប្រគល់ខ្លួនវិញ មែនទេក្នុងទិវា Valentine’s Day ?

ភ្នំពេញ៖ នៅសល់តែ ប៉ុន្មានថ្ងៃទៀត តែប៉ុណ្ណោះ កម្ពុជា និងប្រទេសមួយចំនួន លើពិភពលោក នឹងប្រារព្ធពីធី «បុណ្យនៃក្តីស្រលាញ់»  ដែលយុវវ័យមួយចំនួន ចាត់ទុកថា ជាបុណ្យពិសេស របស់ខ្លួន នឹងជាថ្ងៃត្រូវប្រគល់ខ្លួនប្រាណជូនដល់ដៃគូស្នេហា  ដោយការយល់ឃើញនេះ វាប្រាស់ចាកទាំងស្រុងនៃបុណ្យ Valentine's Day ។

១៤ កុម្ភៈ ឬ Valentine’s Day ជាពិធីបុណ្យមួយរំលឹក អំពីសង្ឃ១អង្គនាម Valentine រស់នៅ ក្នុងចក្រភពរ៉ូមកាលពីច្រើនសតវត្សកន្លងទៅ។ ពេលដែលអធិរាជរ៉ូម ពង្រឹងអំណាចដោយ ប្រមូលកំលាំងទ័ព តែយុវជនជាច្រើននាក់ បានរត់គេចចេញពី ការចាប់ទាហាន ដោយ ចង់រស់នៅជាមួយញាតិមិត្ដ គ្រួសារ ដូច្នេះ ស្ដេចចក្រភពរ៉ូម Claudius  ទីពីរ បានដាក់បំរាមហាម មិនឱ្យមានការភ្ជាប់ពាក្យ ឬ អាពាហ៍ពិពាហ៍ ។ ប៉ុន្ដែសង្ឃ Valentine បានលួចលាក់ រៀបការឱ្យយុវជនយុវនារី ដូច្នេះហើយលោកបាន ត្រូវជាប់ទោស ហើយត្រូវសម្លាប់ ក្នុងថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២៧០ នៃ គ្រិស្ដសករាជ ។

ជនជាតិបារាំង និងអង់គ្លេស បានរាប់សង្ឃ Valentine ជាសង្ឃគំរូលះបង់ ចំពោះអ្នកដែលមានភក្ដីភាពស្នេហាស្រលាញ់ស្មោះស្ម័គ្រ ។ដូច្នេះបុណ្យ Valentine ជាពិធីបុណ្យ ដែលបង្ហាញពីសេចក្ដីស្រលាញ់ចំពោះមិត្ដភក្ដិ ឪពុកម្ដាយ បងប្អូន ប្ដីប្រពន្ធ គូសង្សារ ដែលប្រទេសមួយចំនួន យកពេលនេះ ជាពេល ពិសេសជូនអំណោយ ចេញទៅញ៉ាំអាហារ ប្រកបដោយភក្ដីភាពស្មោះស្ម័គ្រ  តែមិនមែនជាពេលវេលា ប្រគល់ខ្លួនប្រាណនោះទេ។

បើទោះបីជាអត្ថន័យ ១៤ កុម្ភៈ ឬ Valentine’s Day  ត្រូវបានលាតត្រដាង និងបញ្ជាក់យ៉ាងច្បាស់ថា ជាទិវារំឭកដល់ សង្ឃ Valentine ដែលសម្លាប់ចំថ្ងៃទី១៤ កុម្ភៈ ព្រោះតែភាពស្មោះស្ម័គ្រចង់រស់នៅជាមួយនឹងគ្រួសារ ញាតិមិត្ត ដោយមិនចង់ទៅ បម្រើជាទាហាន។ ប៉ុន្តែយើងនៅ តែមានការព្រួយបារម្ភ យ៉ាងខ្លាំងចំពោះយុវវ័យ អាចនឹងប្រព្រឹត្តិខុសប្រពៃណី ចំថ្ងៃមួយនេះ ព្រោះតែការយល់ឃើញខុស និងហៅថាជាបុណ្យសង្សារនោះ។

សូមចងចាំថឃ្លាមួយថា «ស្នេហ៍អមតៈ ស្ម័គ្ររង់ចាំ» ក្នុងន័យឃ្លានេះ គេមិនទុំមុនស្រគាល់ ឡើយ ព្រោះថាយើងជាខ្មែរមានព្រពៃណីត្រឹមត្រូវ ដោយរួមរ័កមេត្រីត្រូវ រៀបការតាមផ្លូវច្បាប់ មិនប្រគល់ខ្លួនប្រាណមុន ដែលនឹងធ្វើឲ្យនារីជាខ្លួនឯង រងទុក្ខធំ ដោយជួបបញ្ហាការមានពោះពរមុនរៀបការ ឬទាំងស្ថិតក្នុងវ័យសិក្សា ហើយបញ្ហាចំបងដ៏ធំបំផុត អាចនឹងប្រឈមបញ្ហា ជំងឺសង្គមឱកាសនិយមថែមទៀតផង ។

ផ្កាមួយទង ឬកុលាប៩៩៩ទង ដែលឲ្យដើម្បីដើម្បី កេងផលចំណេញ និងជាអន្ទាក់មួយដើម្បីអូសក្រឡា ចង់បានខ្លួននួននាងនោះ សូមឆ្លើយថាទេ ចំពោះការរួមរ័ក ក្នុងវ័យកំពុងសិក្សា ឬ មិនទាន់បានបំពេញខាន់ស្លា និងចុះអេតាស៊ីវិលត្រឹមត្រូវនោះ។ សុភមង្គលមួយជីវិតរបស់នារី មិនមែនដើម្បីតែបាច់ផ្កា ឬរថយន្តមួយនោះទេ តែជារឿងត្រូវគិតអំពីសុភមង្គលពេញមួយជីវិត និងកិត្តិយសគ្រួសារ ។ និយាយយ៉ាងដូច្នេះមិនមែនមានន័យថា យើងត្រូវបដិសេធរាល់បាច់ផ្កា ដែលឲ្យក្នុងក្តីស្រលាញ់ ជាលក្ខណៈ មិត្តភក្តិរួមការងារ  ប្តីប្រពន្ធ  ឪពុកម្តាយនិងកូនោះឡើយ។

យើងក៏សង្ឈឹម យ៉ាងមុតមាំថា នៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំនេះអាជ្ងាធរមានសមត្ថកិច្ច នឹងរឹតបន្តឹងបន្ថែមទៀត លើឆ្នាំចាស់ និងប្រាប់ម្ចាស់ផ្ទះសំណាក់មួយចំនួន ឲ្យសហការជាមួយខ្លួន ក្នុងការបដិសេធនូវសកម្មភាព មិនប្រក្រតីរបស់ យុវវ័យពេញមួយថ្ងៃ គឺថ្ងៃទី១៤កុម្ភៈ ដែលជាថ្មីនៃ សេចក្តីស្រលាញ់តែម្តង៕

ប្រភព៖ LookingTODAY

ទទួលបាច់ផ្កា រួចប្រគល់ខ្លួនវិញ មែនទេក្នុងទិវា Valentine’s Day ?