ACU បើក​កិច្ចប្រជុំ​ស្តីពី​ការ​ត្រូតពិនិត្យ​ការអនុវត្ត​អនុសញ្ញា​អង្គការសហប្រជាជាតិ​

Doliprane TVC

​ភ្នំពេញៈ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) និង ដៃគូ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ​ដើម្បី​ត្រូតពិនិត្យ​ការអនុវត្ត​អនុសញ្ញា​​អង្គការសហប្រជាជាតិ​ប្រឆាំង​អំពើពុករលួយ ( UNCAC) នៅ​កម្ពុជា ។កិច្ចប្រជុំ​នេះ​បាន​រៀបចំឡើង​នៅក្នុង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដោយមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ក្នុងនេះ​មាន​​ដូចជា គណៈកម្មាធិការ​សិទ្ធមនុស្ស​កម្ពុជា គណៈមេធាវី​កម្ពុជា វិស័យ​ឯកជន អង្គការ​ស៊ីវិល ជាដើម ។​

​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​លោក​ទេសរដ្ឋមន្ត្រី ឱម​យ៉ិនទៀង បាន​ថ្លែង​ក្នុង​ពិធី​នេះ​ឱ្យដឹងថា​ការរៀបចំ​កិច្ច​​ប្រជុំ​នេះ​ឡើង​ក្នុង​គោលបំណង ផ្តល់​ជា​វេទិការ​ជូន​ពត៌មាន​ដល់​ភាគី​ពាក់ព័ន្ធ​ពី​វឌ្ឍនភាព​ការត្រួតពិនិត្យ​ការអនុវត្ត​អនុ​​សញ្ញា​អង្គការសហប្រជាជាតិ​ប្រឆាំង​អំពើពុករលួយ ( UNCAC) នៅ​កម្ពុជា ។

ជាមួយគ្នានេះ​ក៏​ជា​ការបើក​វេទិការ​ពិភាក្សា​ប្រមូល​យោបល់​ត្រឡប់​លើ​ទិសដៅ​ការងារ​បន្ត​ពាក់ព័ន្ធ​លទ្ធផល​នៃ​ការត្រួតពិនិត្យ​ការអនុវត្ត UNCAC ជុំ​ទី ១ នៅ​កម្ពុជា ដោយ​ត្រូវ​បានបញ្ចប់​ដោយ​ជោគជ័យ​កាលពី​ឆ្នាំ ២០១៥ និង ការត្រៀម​រៀបចំ​សម្រាប់​ការត្រួតពិនិត្យ​ការអនុវត្ត UNCAC​ជុំ​ទី ២ ផងដែរ ។​

​លោក​បាន​មា​ប្រសាសន៍ថា ក្នុង​កិច្ចប្រជុំ​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានបង្ហាញ​ពី វឌ្ឍនភាព​លើ​ការរៀបចំ​សេច​​ក្តី​ព្រា​ច្បាប់ ស្តីពី​ការការពារ​សា​ក្តី និង បុគ្គ​រាយការណ៍ ដែល​ត្រូវបាន​កត់សម្គាល់ថា​ជា​ជំហាន​ដ៏​សំខាន់​នៃ​ការឆ្លើយតប​​ទៅនឹង​របកគំហើញ និង អនុសាសន៍​ទទួលបាន​ក្រោយ​ការត្រួតពិនិត្យ​ការអនុវត្ត UNCAC ។ ក្រៅពីនេះ​កិច្ចប្រជុំ​នឹង​បង្ហាញ​ពី​ឆ​ន្ទះ​ដ៏​មោះមុត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​ការងារ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ។

ដោយឡែក​យោងតាម​សេចក្តីប្រកាស​ពត៌មានរ​បស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែរ​បានឱ្យដឹងថា ដំណើរការ​រៀបចំ​ត្រួតពិនិត្យ​ការអនុវត្ត​UNCAC នៅ​កម្ពុជា​ជុំ​ទី ១ ត្រូវបាន​មជ្ឈដ្ឋាន​អន្តរជាតិ​កោតសរសើរ​និង​ទទួលស្គាល់ថា​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​និង បើកចំហ​ដោយ​តម្លាភាព​ក្នុងនេះ​កម្ពុជា​បាន​បញ្ចូល​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុង​យន្តការ​ត្រួតពិនិត្យ​នេះ​យ៉ាង​មាន​តម្លាភាព ។​

​សេចក្តីប្រកាស​ខាងលើ​បានឱ្យដឹង​បន្ថែម​ដែរ​ថា ក្នុង​រយៈពេល ៣ ឆ្នាំ កន្លងមកនេះ​កម្ពុជា​បាន​បញ្ជូន​អ្នកជំនាញការ​រា​​ជ​រដ្ឋាភិបាល​របស់ខ្លួន​ដើម្បី​ទៅធ្វើ​ការត្រួតពិនិត្យ​ការអនុវត្ត​UNCAC​នៅតាម​ប្រទេស​ចំនួន​បី​រួមមាន ម៉ា​ល់តា (២០១៣) ប៉ា​ឡៅ (២០១៤) និង អារ៉ាប់​ប៊ី​សា​អូឌីត (២០១៥) ។ ក្រៅពីនេះ​កម្ពុជា​ក៏បាន​ធ្វើការ​ចែករំលែក​បទពិសោធន៍​របស់ខ្លួន តាម​ការអញ្ជើញ​របស់​អង្គការសហប្រជាជាតិ​អំពី​ការរៀបចំ​យន្តការ​ត្រួតពិនិត្យ​ការអនុវត្ត UNCAC នៅ​កម្ពុជា ដល់​ប្រទេស​មី​យ៉ាន់​ម៉ា​ដែលជា​ភាគី​ត្រួតពិនិត្យ​ខ្លួន​ផងដែរ​កាលពីដើមឆ្នាំ ២០១៥ កន្លងមក ៕ ដេប៉ូ​