សាក្សី​សាលាក្ដី​ខ្មែរ​ក្រហម​ស្ដាប់​សក្ខីកម្ម​អ្នក​ជំនាញ​ស្រាវជ្រាវ​អំពី​ការ​សម្លាប់​ជនជាតិ​ចាម

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ បន្ត​សវនាការ​ស្ដាប់​សក្ខីកម្ម​អ្នក​ជំនាញ​ស្រាវជ្រាវ​អំពី​ការ​សម្លាប់​ជនជាតិ​ចាម នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ អ្នក​ជំនាញ​ឈ្មោះ អ៊ីសា ឧស្មាន ជា​អ្នក​ស្រាវជ្រាវ​អំពី​ប្រវត្តិ​នៃ​ការ​បះបោរ​របស់​ជនជាតិ​ចាម នៅ​ក្នុង​របប​នោះ។

លោក អ៊ីសា ឧស្មាន នៅ​ថ្ងៃ​ទី​១០ កុម្ភៈ ត្រូវ​បាន​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​សួរ​ដេញដោល​អំពី​ការ​ស្រាវជ្រាវ​របស់​លោក ទាក់ទង​នឹង​ការ​បោស​សម្អាត​ជន​ជាតិ​ចាម និង​ការ​បង្ក្រាប​របស់​ពួក​ខ្មែរក្រហម បន្ទាប់​ពី​ការ​បះបោរ​នៅ​ក្នុង​ស្រុក​ក្រូច​ឆ្មារ ខេត្ត​កំពង់ចាម (បច្ចុប្បន្ន​ខេត្ត​ត្បូងឃ្មុំ)។

លោក​បង្ហាញ​ពី​ការ​ស្រាវជ្រាវ​របស់​លោក​ដែល​រក​ឃើញ​ថា ពួក​ខ្មែរក្រហម​ចាប់​ផ្ដើម​សម្លាប់​ជនជាតិ​ចាម នៅ​តំបន់​នោះ ចាប់​តាំង​ពី​ឆ្នាំ​១៩៧៣។ ការ​សម្លាប់​ជនជាតិ​ចាម មាន​ទ្រង់ទ្រាយ និង​ស្ថានភាព​ខុសៗ គ្នា តាម​ដំណាក់កាល​នីមួយៗ។

ប៉ុន្តែ​លោក អ៊ីសា ឧស្មាន បញ្ជាក់​ថា ការ​សម្លាប់​នៅ​ឆ្នាំ​១៩៧៧ និង​ឆ្នាំ​១៩៧៨ មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ដោយសារ​តែ​ពួក​ខ្មែរក្រហម​សម្លាប់​ជនជាតិ​ចាម ទូទៅ​ដោយ​មិន​រើស​មុខ៖ «ពី​១៩៧៥ ដល់ ១៩៧៧ គឺ​សម្លាប់​មិន​ខុស​ពី​បង​ប្អូន​ខ្មែរ​ប៉ុន្មាន​ទេ គឺ​សម្លាប់​អ្នក​ដែល​ប្រឆាំង។ បាន​ន័យ​ថា អ្នក​ដែល​មិន​ទាន់​លះបង់​សាសនា អ្នក​ណា​ដែល​នៅ​រឹង​ទទឹង ដែល​ប្រឆាំង​នឹង​បដិវត្តន៍​ នឹង​បញ្ជា​ឱ្យ​ហូប​សាច់​ជ្រូក ប្រឆាំង​នឹង​ការ​និយាយ​ចាម ប្រឆាំង​នឹង​ការ​ដូរ​ឈ្មោះ​ជា​ដើម។ ដូច្នេះ គេ​សម្លាប់​អ្នក​ដែល​ប្រឆាំង​ជាមួយ​គេ។ អា​ហ្នឹង ១៩៧៥ ទៅ​ដល់ ១៩៧៧។ តែ​ឆ្នាំ ១៩៧៧ ដល់ ១៩៧៨ ឱ្យ​តែ​នរណា​ជា​ចាម គឺ​ត្រូវ​បាន​សម្លាប់​ទាំង​អស់ អត់​មាន​លើកលែង»

លោក​មាន​ប្រសាសន៍​ថា កាល​ពី​ឆ្នាំ​១៩៧៣ ដល់​ឆ្នាំ​១៩៧៥ ពួក​ខ្មែរក្រហម​បាន​សម្លាប់​ជនជាតិ​ណា​ដែល​លេចធ្លោ​ជាង​គេ​នៅ​ក្នុង​តំបន់​នោះ ដូច​ជា​ថ្នាក់​ដឹកនាំ​សាសនា អ្នក​ដែល​ចេះ​ដឹង​សាសនា គ្រូ​បង្រៀន​សាសនា សិស្ស​សាសនា សម្លាប់​អ្នក​មាន​មុខមាត់​នៅ​ក្នុង​ភូមិ អ្នក​ដែល​គេ​គោរព​កោត​សរសើរ​នៅ​ក្នុង​ភូមិ និង​អ្នក​មាន​ជីវភាព​ខ្ពង់ខ្ពស់​នៅ​ក្នុង​ភូមិ។

លោក​អះអាង​ថា ការ​សម្លាប់​ជនជាតិ​ចាម នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ចន្លោះ​ឆ្នាំ ១៩៧៨ គឺ​សំដៅ​លើ​ជាតិ​សាសន៍ ពី​ព្រោះ​ជនជាតិ​ចាម​នៅ​ស្រុក​កងមាស ខេត្ត​កំពង់ចាម ដែល​ជា​ភូមិភាគ​កណ្ដាល​ក៏​ត្រូវ​គេ​ប្រមូល​យក​ទៅ​សម្លាប់​ទាំង​អស់ បើ​ទោះ​ជា​មិន​ពាក់ព័ន្ធ​អ្វី​ទៅ​នឹង​ជម្លោះ​ផ្ទៃក្នុង​រវាង​ភូមិភាគ​បូព៌ា និង​មជ្ឈិមបក្ស​កុម្មុយនិស្ត​កម្ពុជា​ក៏​ដោយ៖ «ដូច​ជា​នៅ​ស្រុក​កងមាស ស្រុក​ស្ទឹងត្រង់ ដែល​មិន​មែន​ស្ថិត​នៅ​ក្នុង​ភូមិភាគ​បូព៌ា​ទេ ស្រុក​ពីរ​ហ្នឹង​ស្ថិត​នៅ​ក្នុង​ភូមិភាគ​កណ្ដាល ក៏​ត្រូវ​គេ​បោស​សម្អាត​ដូច​គ្នា។ អ៊ីចឹង​បាន​ន័យ​ថា ការ​បោស​សម្អាត​នេះ​អត់​មាន​ពាក់ព័ន្ធ​នយោបាយ​នៃ​ការ​បោស​សម្អាត​របស់​ថ្នាក់​លើ​ទៅ​ដល់​ប្រជាជន ឬ​ក៏​កម្មាភិបាល កងទ័ព​នៃ​ភូមិភាគ​បូព៌ា​នោះ​ទេ គឺ​បោស​សម្អាត​តែ​ទៅ​លើ​ប្រជាជន​ចាម»

ដូច​គ្នា​នៅ​ក្នុង​សវនាការ​មុនៗ​ដែរ សាក្សី​ជា​ជនជាតិ​ចាម ជា​ច្រើន​នាក់​មក​ពី​ស្រុក​កងមាស បាន​ជម្រាប​អង្គ​ជំនុំជម្រះ​សាលាដំបូង​ថា ជនជាតិ​ចាម ទាំង​ចាស់​ទាំង​ក្មេង ត្រូវ​បាន​ពួក​ខ្មែរក្រហម​ប្រមូល​ទៅ​សម្លាប់​នៅ​មន្ទីរសន្តិសុខ​វត្ត​អូរ​ត្រកួន នៅ​ឆ្នាំ​១៩៧៨​នោះ។

ទាក់ទង​នឹង​ការ​បះបោរ​នៅ​ភូមិ​កោះ​ផល និង​ភូមិ​ស្វាយឃ្លាំង នៅ​ឆ្នាំ​១៩៧៥ ក្នុង​ស្រុក​ក្រូចឆ្មារ ទាំង​សាក្សី និង​អ្នក​ជំនាញ អ៊ីសា ឧស្មាន អះអាង​ថា មាន​ជនជាតិ​ចាម ជា​ច្រើន​នាក់ ត្រូវ​បាន​គេ​ប្រមូល​យក​ទៅ​សម្លាប់។ អ្នក​ដែល​នៅ​សល់​ពី​ការ​សម្លាប់​ត្រូវ​បាន​គេ​ជម្លៀស​ទៅ​តំបន់​ផ្សេង ហើយ​បង្ខំ​ឱ្យ​លះបង់​សាសនា និង​កែប្រែ​ខ្លួន​ជា​ជនជាតិ​ខ្មែរ។

សវនាការ​ស្ដាប់​សក្ខីកម្ម​របស់​អ្នក​ជំនាញ លោក អ៊ីសា ឧស្មាន ត្រូវ​បាន​លើក​ទៅ​បន្ត​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២ ខែ​មីនា ទៀត។ នៅ​សប្ដាហ៍​ចាប់​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៩ កុម្ភៈ អង្គ​ជំនុំជម្រះ​សាលាដំបូង​នឹង​មិន​ធ្វើ​សវនាការ​ទេ ព្រោះ​តុលាការ​កំពូល​នឹង​ធ្វើ​សវនាការ​លើ​បណ្ដឹង​សាទុក្ខ​ក្នុង​សំណុំរឿង ០០២ វគ្គ ១។ សប្ដាហ៍​បន្ទាប់​ទៀត គឺ​ចាប់​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៦ កុម្ភៈ អង្គ​ជំនុំជម្រះ​សាលាដំបូង​នឹង​ធ្វើ​សវនាការ​លើ​ការ​ដាក់​ឯកសារ​គន្លឹះ ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​លើ​មនុស្ស​ដែល​ជា​ក្រុម​គោលដៅ​ជាក់លាក់​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។