សសយក ត្រូវការ យុវជនស្ម័គ្រចិត្ត ៣១៥នាក់ ដើម្បីជួយសកម្មភាព អង្គរសង្រ្កាន្ត ឆ្នាំ២០១៦

ភ្នំពេញ៖ សហភាព សហព័ន្ធយុវជនកម្ពុជា (សសយក) ត្រូវការជ្រើសរើសយុវជនស្ម័គ្រចិត្ត ៣១៥នាក់ ដើម្បីចូលរួមព្រឹត្តិការណ៍អង្គរសង្រា្កន្ត ដែលនឹងព្រឹត្តិទៅនៅឧទ្យានអង្ករ ខេត្តសៀមរាប ចាប់ពីទី១៣-១៦ ខែមេសា ឆ្នាំ២០១៦ខាងមុខ។

យោងតាម សេចក្តីជូនដំណឹងរបស់ សសយក ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃទី១១ កុម្ភៈ នេះបានឲ្យដឹងថា ព្រឹត្តិការណ៍អង្គរសង្រា្កន្ត ជាព្រឹត្តិការណ៍ដែលរៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីចូលរួម អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្រោមប្រធានបទ ”ការចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ”។

ក្នុងនោះក៏មានការសម្តែង និងបង្ហាញពីភាពសម្បូរសប្បាយ រុងរឿងល្បីល្បាញ និង កិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសផ្តល់ ឱកាសឲ្យយុវជន យុវតីប្រជាជនខ្មែរ និងភ្ញៀវជាតិ និងអន្តរជាតិ អាចស្វែងយល់បន្ថែមអំពី វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី សាសនា ស្នាដៃនានានៃបុព្វបុរសខ្មែរ ក៏ដូចជាបានចួលរួមលេងកម្សាន្តសប្បាយជាមួយ នឹងផ្ទាំងទស្សនីយភាពសិល្បៈ និងល្បែងរបាំប្រជាប្រិយខ្មែរ ដែលបានបន្សល់ទុកតំាងពីយូរលង់មកហើយ៕

សសយក ត្រូវការ យុវជនស្ម័គ្រចិត្ត ៣១៥នាក់ ដើម្បីជួយសកម្មភាព អង្គរសង្រ្កាន្ត ឆ្នាំ២០១៦