ក្រុមហ៊ុន ហេងដារ៉ា វិនិយោគ ផ្សារបានលុង កំពុងអនុវត្ត បំពាន ស.ជ.ណ របស់សាលាខេត្ត

រតនគិរី៖ ក្រុមហ៊ុនហេង ដារ៉ា វិនិយោគផ្សារបានលុង ដែលគេដឹងថា ឧកញ៉ា សា លាង ជាប្រធានក្រុមហ៊ុន ជាម្ចាស់នោះ បាននឹងកំពុង អនុវត្តបំពានលើ ស.ជ.ណ  របស់សាលាខេត្តរតនគិរី ក្នុងការប្រមូលភាស៊ី ពីក្រុមអាជីវករ ដែលមន្ត្រីសាលាខេត្ត បានហៅទង្វើ នេះថា ការប្រមាថដល់មន្ត្រីសាធារណៈ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ កន្លងទៅថ្មីៗ អាជ្ញាធរខេត្តរតនគិរី បានចេញលិខិតណែនាំ ដល់លោកឧកញ៉ា សា លាង ដោយតម្រូវអោយ ក្រុមហ៊ុនវិនិយោគ មិនត្រូវមានសកម្មភាព ចុះប្រមូលភាស៊ី កង់ ម៉ូតូ រថយន្ត និងការប្រមូលភាស៊ី ក្រៅបរិវេណ ផ្សារក្រុងបានលុង នៅលើទីតាំងទំនាស់ ដែលមានភាពមិនទាន់ច្បាស់លាស់ ត្រូវរងចាំគណៈកម្មការខេត្ត ចុះរៀបចំរបៀបរៀបរយ ក្រៅបរិវេណផ្សារ និងត្រូវរងចាំគណកម្មការ អន្តរក្រសួង ជាមួយអាជ្ញាធរខេត្ត ធ្វើការប្រគល់ទទួលទីតាំងផ្សារបានលុង អោយបានច្បាស់លាស់ជាមុនសិន។

ជាងនេះទៅទៀត អ្នកវិនិយោគត្រូវអនុវត្ត អោយបានត្រឹមត្រូវ នូវរាល់ខ្លឹមសារផ្សេងៗទៀត ដែលមានចែងនៅក្នុងកិច្ចសន្យា និងសៀវភៅបន្ទុក។

ជាក់ស្តែងកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ ការប្រមូលភាស៊ី របស់ក្រុមហ៊ុន ហេង ដារ៉ា នូវតែបន្តសកម្មភាព ប្រមូលលុយភាស៊ីកង់ ម៉ូតូ រថយន្ត និងក្រៅបរិវេណផ្សារបានលុងដដែល បើទោះបីអាជ្ញាធរខេត្ត បានចេញលិខិតជំរាបជូន លោកឧកញ៉ា សា លាង កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ ចុះហត្ថលេខាដោយលោក ថង សាវុន អភិបាលខេត្តរតនគិរី ស្តីពីការផ្អាកប្រមូលភាស៊ី កង់ ម៉ូតូ រថយន្ត និងការប្រមូលភាស៊ី ក្រៅបរិវេណផ្សារបានលុង យ៉ាងណាក៏ដោយ ជាពិសេសនៅលើ ទីតាំងដីទំហំ ៥៤មx១១០ម ដែលមានភាពមិនទាន់ច្បាស់លាស់។

ចំណែកឯលោក ញ៉ែម សំអឿន អភិបាលរងខេត្ត និងជាអ្នកនាំពាក្យ បានប្រាប់ឲ្យដឹងតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅនេះថា លោកឧកញ៉ា សា លាង បំពានលើសេចក្តីជូនដំណឹង (ស.ជ.ណ) របស់អាជ្ញាធរខេត្ត។

ទាក់ទិនទៅនឹង ក្រុមហ៊ុនវិនិយោគផ្សារបានលុង ហេង ដារ៉ា អនុវត្តបំពាន ស.ជ.ណ  របស់សាលាខេត្តនេះ រមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មិនអាចសុំការបំភ្លឺ ពីលោកឧកញ៉ា សា លាង បានទេនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ៕

ក្រុមហ៊ុន ហេងដារ៉ា វិនិយោគ ផ្សារបានលុង កំពុងអនុវត្ត បំពាន ស.ជ.ណ របស់សាលាខេត្ត

ក្រុមហ៊ុន ហេងដារ៉ា វិនិយោគ ផ្សារបានលុង កំពុងអនុវត្ត បំពាន ស.ជ.ណ របស់សាលាខេត្ត

ក្រុមហ៊ុន ហេងដារ៉ា វិនិយោគ ផ្សារបានលុង កំពុងអនុវត្ត បំពាន ស.ជ.ណ របស់សាលាខេត្ត