CNRP នៅតែអះអាងថា នឹង ប្រើវប្បធម៌សន្ទនា ដោះស្រាយកំដៅ នយោបាយ

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ (CNRP) លោក អ៊ូ ច័ន្ទឬទ្ធិ នៅព្រឹកថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៦នេះ បានអះអាងថា CNRP នៅតែមានជំនឿយ៉ាងមុតមាំថា នឹងអាចប្រើប្រាស់វប្បធម៌ សន្ទនាដើម្បីដោះស្រាយបញ្ហា នយោបាយ នៅកម្ពុជា ឲ្យវិលមករកភាពប្រក្រតីវិញ។

លោក អ៊ូ ច័ន្ទឬទ្ធិ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសចុះសួរសុខទុក្ខ សកម្មជនជាប់ ឃុំឃាំង ក្នុងពន្ធនាគារព្រៃសរ ទាំង១៥នាក់នៅព្រឹកថ្ងៃទី១១ កុម្ភៈថា  CNRP អាចប្រើប្រាស់វប្បធម៌ សន្ទនា ដើម្បីបញ្ចប់ជម្លោះបញ្ហានយោបាយនៅកម្ពុជាជាក់ជាមិនខាន។

 លោកបានបញ្ជាក់ថា "ខ្ញុំជឿថាដោះស្រាយបាន ព្រោះនៅក្នុងប្រទេស ដែលកាន់របបប្រជាធិបតេយ្យ គេយកវប្បធម៌សន្ទនានេះជាស្នូល ជាបេះដូង"។

សូមបញ្ជាក់ថា វប្បធម៌សន្ទនាត្រូវបានថ្នាក់ដឹកនាំកំពូលទាំងពីរ គឺសម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម សម រង្ស៊ីបានចុះកិច្ចព្រមព្រៀងជាមួយគ្នាកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដើម្បីបញ្ចប់ បញ្ហាមួយចំនួន ប៉ុន្តែក្រោយពីការបង្កើតវប្បធម៌សន្ទនារួចមកឃើញថា ភាគីទាំងពីរមានការ ត្រូវរ៉ូវគ្នាតិចតួច ចំណែកចំណុចអវិជ្ជមានមានច្រើនបំផុត៕

ទាក់ទងករណីនេះ ក្រុមដំឡើងវប្បធម៌សន្ទនា រវាងគណបក្សប្រជាជនកម្ពុជា (CPP) និងគណបក្សសង្រ្គោះជាតិ(CNRP) នឹងកំណត់ពេលជួបគ្នានៅចុងខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខ ដើម្បីពិភាក្សាទៅលើក្រុម តំណាងរាស្រ្ត សំឡេងភាគតិច និងភាគច្រើនរបស់រដ្ឋសភា ព្រមទាំងការបង្កើតច្បាប់នានា៕

CNRP នៅតែអះអាងថា នឹង ប្រើវប្បធម៌សន្ទនា ដោះស្រាយកំដៅ នយោបាយ