EU អំពាវនាវ រាជរដ្ឋាភិបាល ពន្លឿនចុះបញ្ជីដី សមូហភាព ជូនសហគមន៍ ជនជាតិដើមភាគតិច

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតថ្មី នៃសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា លោក George Edgar បានអំពាវនាវរាជរដ្ឋាភិបាលកម្ពុជា ឲ្យពន្លឿនការចុះបញ្ជីដីសមូហភាព ជូនសហគមន៍ជនជាតិដើម ភាគតិចនៅទូទាំងប្រទេស ឲ្យឆាប់ចប់សព្វគ្រប់។

 ថ្លែងក្នុងកម្មវិធីផ្សព្វផ្សាយរបាយការណ៍ ការទទួលបានប័ណ្ណកម្មសិទ្ធិ ដីសមូហភាព របស់សហគមន៍ជនជាតិដើមភាគតិច នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ នាទីស្នាក់ការមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា (CCHR) លោក George Edgar បានមានប្រសាសន៍ តាមរយៈអ្នកបកប្រែថា សហភាពអឺរ៉ុបទទួលស្គាល់នូវវឌ្ឍនភាពរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើកន្លងមក ក្នុងការផ្តល់នូវសិទ្ធិដីធ្លីទៅឲ្យជនជាតិដើមភាគតិចតាមរយៈសកម្មភាពរួមជាច្រើន។

 លោកបានបន្តថា “ប៉ុន្តែយើងក៏បន្តអំពាវនាវឲ្យ រាជរដ្ឋាភិបាលកម្ពុជាពន្លឿន និងពង្រីកនូវកិច្ចខិតខំប្រឹងប្រែងដ៏ទៃទៀតផ្សេងទៀតនោះ ក្នុងរៀបចំនីតិវិធី នៃការចុះបញ្ជីកម្មសិទ្ធិ ដីធ្លីជូនសហគមន៍”។

 ក្នុងរបាយការណ៍របស់ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា ដំណើរការទទួលបានប័ណ្ណកម្មសិទ្ធិដីសមូហភាពមានការស្មុគស្មាញ និងមានភាពយឺតយ៉ាវ, កង្វះការយល់ដឹង នៃដំណើរការចុះបញ្ជីក្នុងចំណោមសហគមន៍, កង្វះខាតការយល់ដឹង នៃដំណើរការចុះបញ្ជីដីរបស់មន្ត្រីមូលដ្ឋាន, កង្វះខាតការយល់ដឹងរបស់ សហគមន៍អំពីសិទ្ធិដីធ្លី និងច្បាប់ភូមិបាល, ការចំណាយផ្សេងៗ ក្នុងការដាក់ពាក្យសុំប័ណ្ណកម្មសិទ្ធិដីសមូហភាព និងកង្វះខាតសុវត្ថិភាពក្នុងការ កាន់កាប់ដីធ្លីរហូតដល់ដំណាក់កាលចុងក្រោយ។

 អ្នកស្រី យុន ម៉ាណេ ប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បាន អំពាវនាវដល់រាជរដ្ឋាភិបាល ជួយពង្រឹងការយល់ដឹងដល់មន្រ្តី គ្រប់លំដាប់ថ្នាក់ មួយទៀតគឺសហគមន៍ខ្លួនឯង ដើម្បីបំពេញតួនាទី និងការទទួលខុសត្រូវខ្លួនឯង ក្នុងការធ្វើយ៉ាងណាឲ្យសហគមន៍ មានសុវត្ថិភាពដីធ្លីពិតប្រាកដ ព្រោះអង្គការគ្រាន់តែជាផ្នែកមួយ ក្នុងការជួយណែនាំ ប៉ុន្តែជាក់ស្តែងការដោះស្រាយបញ្ហា បើក្រៅពីសហគមន៍ខ្លួនឯង និងអាជ្ញាធរ គឺគ្មានអ្នកណាមួយអាច ដោះស្រាយបញ្ហានោះបានទេ។

 អ្នកស្រីបានបន្តថា “អីចឹងនៅក្នុងចំណុចដែលយើងរកឃើញ វាជាការចាំបាច់ក្នុងការចូលរួមពង្រឹងទៅដល់សមត្ថភាពរបស់គណៈកម្មការ ក៏ដូចជាសហគមន៍ និងអាជ្ញាធរ ដើម្បីគាត់ពង្រឹងបំពេញតួនាទីខ្លួនឯង ធ្វើយ៉ាងណាឲ្យសហគមន៍ មានសុវត្ថិភាពដីពិតប្រាកដ”។

 ប្រធានក្រុមប្រឹក្សាភិបាល CCHR រូបនេះ បានបន្ថែមថា តាមការរកឃើញនៅក្នុង របាយការណ៍ឃើញថា មានឧបសគ្គជាច្រើន ក្នុងការផ្តល់កម្មសិទ្ធិដីសមូហភាព ដល់សហគមន៍ជនជាតិដើមភាគតិច ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ទទួលស្គាល់ និងថ្លែងអំណរគុណដល់កិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងមហាផ្ទៃ និងក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀត ដែលបានខិតខំអនុវត្តន៍ច្បាប់ភូមិបាល ក៏ដូចជាគោលនយោបាយស្តីពី ការចុះបញ្ជីដីរបស់ជនជាតិដើមភាគតិច។

 ក្នុងរបាយការណ៍របស់ CCHR ដដែលបានបញ្ជាក់ថា បច្ចុប្បន្នមានសហគមន៍ចំនួន ១៣៨សហគមន៍ ទទួលបានស្វ័យអត្តសញ្ញាណពីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនោះមាន ៩៤សហគមន៍ បានចុះបញ្ជីក្នុងក្រសួងមហាផ្ទៃទទួលស្គាល់ជានីតិបុគ្គល និងចំនួន ១១សហគមន៍បានទទួលប្លង់ដី។ ប៉ុន្តែជាក់ស្តែងសហគមន៍ដែលបានប្លង់នៅក្នុងដៃតែម្តងមានតែ ៩សហគមន៍ ចំណែកពីរទៀត ឋិតក្នុងដំណាក់កាលកំពុងរៀបចំ។ ក្នុងប្រទេសកម្ពុជាតាមទិន្នន័យ របស់ក្រសួងមហាផ្ទៃមានសហគមន៍ជនជាតិដើមភាគតិចចំនួន ៤៥៨សហគមន៍ ប៉ុន្តែ តាមការរកឃើញថ្មីៗនេះ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រកឃើញមានរហូតដល់ជាង ៦០០សហគមន៍៕

EU អំពាវនាវ រាជរដ្ឋាភិបាល ពន្លឿនចុះបញ្ជីដី សមូហភាព ជូនសហគមន៍ ជនជាតិដើមភាគតិច

EU អំពាវនាវ រាជរដ្ឋាភិបាល ពន្លឿនចុះបញ្ជីដី សមូហភាព ជូនសហគមន៍ ជនជាតិដើមភាគតិច