លោក សុខ ទូច ៖ ខ្ញុំកំពុងត្រួត ពិនិត្យបង្គោលព្រំដែន នៅខេត្តផ្សេងៗ តែសុំលាក់ទីតាំង

ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់ការងារ ត្រួតពិនិត្យបង្គោលព្រំដែន នៅតំបន់ថ្មបីដុំក្នុងខេត្តតាកែវ រួចមក ក្រុមស្រាវជ្រាវព្រំដែន នៃរាជ្យបណ្ឌិតសភាកម្ពុជា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានបន្តបេសកកម្ម របស់ខ្លួន ចុះត្រួតពិនិត្យបង្គោលព្រំដែន ក្នុងខេត្តដទៃទៀត ដែលមានព្រំប្រទល់នៅជាប់ប្រទេសវៀតណាម។

ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលពីទីកន្លែងដែលកំពុងត្រួតពិនិត្យបង្គោលព្រំដែននៅថ្ងៃទី១១កុម្ភៈនេះ លោក សុខ ទូច ប្រធានក្រុមស្រាវជ្រាវនៃរាជ្យបណ្ឌិតសភាកម្ពុជាបានថ្លែងថា លោកមិនអាចបញ្ជាក់ពីទីតាំងដែលលោកកំពុងឈរជើងនោះទេ ព្រោះបារម្ភពីសុវត្ថិភាព។

 លោកបន្តថា «យើងមិនអាចប្រាប់បានទេថា ខ្ញុំកំពុងនៅខេត្តណានោះ យើងសុំទោសផង ព្រោះយើងត្រូវលាក់ទីតាំងដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន»។

ដោយឡែកចំពោះបេសកកម្មចុះ ទៅត្រួតពិនិត្យបង្គោលព្រំដែន កាលពីថ្ងៃទី១០កុម្ភៈ លោក សុខ ទូច  បានបញ្ជាក់ថា តំបន់ព្រំដែន ថ្មបីដុំ ស្ថិតនៅក្នុងខេត្តតាកែវ ដែលមានព្រំដែនជាប់ជាមួយប្រទេសវៀតណាម គឺស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ពោលពុំមានការបាត់បង់នោះឡើយ។

សូមបញ្ជាក់ថា បេសកម្មចុះត្រួតពិនិត្យបង្គោលព្រំដែន របស់ក្រុមស្រាវជ្រាវកាលពីពេលថ្មីនោះ បានធ្វើឡើងនៅ ខេត្តត្បូងឃ្មុំ ស្ទឹងត្រែង ស្វាយរៀង ដោយប្រើពេល៧ខែ បានរកឃើញថា វៀតណាម និងកម្ពុជា បានបោះបង្គោលព្រំដែនចូលដីគ្នាទៅវិញមក។ ក្នុងនោះខេត្តត្បូងឃ្មុំ វៀតណាមបោះបង្គោលចូលដីខ្មែរជាង១០ហិកតា។

លោក សុខ ទូច ឲ្យដឹងទៀតថា វៀតណាមមិនដែលគោរពកិច្ចព្រមព្រៀងស្ដីពីបញ្ហាព្រំដែនជាមួយកម្ពុជានោះទេ។

បើតាមគម្រោងបេសកកម្មចុះត្រួតពិនិត្យបង្គោលព្រំដែន ត្រូវបញ្ចប់នៅចុងឆ្នាំ២០១៧។ បន្ទាប់មកក្រុមនេះនឹងបោះពុម្ភចេញផ្សាយសៀវភៅជុំវិញដំណើរការរបស់ខ្លួនដើម្បីទុកជាឯកសារស្រាវជ្រាវ៕

លោក សុខ ទូច ៖ ខ្ញុំកំពុងត្រួត ពិនិត្យបង្គោលព្រំដែន នៅខេត្តផ្សេងៗ តែសុំលាក់ទីតាំង

លោក សុខ ទូច ៖ ខ្ញុំកំពុងត្រួត ពិនិត្យបង្គោលព្រំដែន នៅខេត្តផ្សេងៗ តែសុំលាក់ទីតាំង

លោក សុខ ទូច ៖ ខ្ញុំកំពុងត្រួត ពិនិត្យបង្គោលព្រំដែន នៅខេត្តផ្សេងៗ តែសុំលាក់ទីតាំង