ឆន្ទានុសិទ្ធិ​មិន​ប្រក្រតី​របស់​កំពូល​ចៅក្រម​ និង​ជា​អនុប្រធាន​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ម្នាក់​ ក្នុង​រឿង​ឃុំខ្លួន​ និង​ដោះ​លែង​ជន​ត្រូវ​ចោទ​

​អនុលោម​តាម​បញ្ញត្តិ​មាត្រា​២០៤,​ មាត្រា​២០៥,​ មាត្រា​២០៦,​ មាត្រា​២០៧,​ មាត្រា​២១៥​ និង​មាត្រា​២១៧​ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គឺ​ចៅក្រម​ស៊ើបសួរ​អាច​ប្រើប្រាស់​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​លើ​ការ​សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​បណ្តោះអាសន្ន​ ឬ​មិន​សម្រេច​ថា​ នឹង​ត្រូវ​ឃុំខ្លួន​បណ្តោះអាសន្ន​ ហើយ​អាច​សម្រេច​ដោះ​លែង​ជន​ត្រូវ​ចោទ​ឲ្យ​នៅ​ក្រៅ​ឃុំ​ ឬ​សម្រេច​មិន​ព្រម​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​តាម​គំនិត​របស់​ខ្លួន​ផ្ទាល់​ ឬ​តាម​បណ្តឹង​របស់​ជន​ត្រូវ​ចោទ​ ។​ នៅ​ពេល​នេះ​ សារព័ត៌មាន​ដើម​ត្នោត​សូម​លើកយក​ឆន្ទានុសិទ្ធិ​មិន​ប្រក្រតី​របស់​កំពូល​ចៅក្រម​ និង​ជា​អនុប្រធាន​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ម្នាក់​ ក្នុង​រឿង​ឃុំខ្លួន​ និង​ដោះ​លែង​ជន​ត្រូវ​ចោទ​ មក​ធ្វើការ​ផ្សព្វផ្សាយ​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​បាន​ជ្រាប​ និង​ពិចារណា​ ដូច​តទៅ​ ៖

​កាលពី​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០១៦​ លោក​ ម៉ែ​ន​ វណ្ណៈ​ អនុប្រធាន​ និង​ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ បាន​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​លើ​ជន​ត្រូវ​ចោទ​ចំនួន​៥​នាក់​ បម្រើ​ការងារ​នៅ​ក្នុង​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​ មិន​គោរព​សេចក្តីសម្រេច​របស់​តុលាការ​ និង​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ ប្រព្រឹត្ត​នៅ​ភូមិ​បុរី​កម្មករ​ សង្កាត់​រកា​ធំ​ ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ​ នា​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០១៦​ រួម​មាន​ ៖​ ១-​ឈ្មោះ​ ខាត់​ ឡូត​ ភេទ​ប្រុស​,​ ២-​ឈ្មោះ​ ព្រុំ​ ប៊ុ​ន​ថន​ ភេទ​ប្រុស​,​ ៣-​ឈ្មោះ​ ចាំ​ សំណាង​ ភេទ​ប្រុស​,​ ៤-​ឈ្មោះ​ ម៉ៅ​ ម៉​យ​ ភេទ​ប្រុស​ និង​៥-​ឈ្មោះ​ អាន​ ថុ​នា​ ភេទ​ប្រុស​ ។​ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០១៦​ ជន​ត្រូវ​ចោទ​ទាំង​៥​នាក់​នេះ​ ត្រូវ​បាន​លោក​ចៅក្រម​ស៊ើបសួរ​ ម៉ែ​ន​ វណ្ណៈ​ សម្រេច​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ​ (​បន្ទាប់​ពី​បាន​ជាប់​ឃុំខ្លួន​បណ្តោះអាសន្ន​អស់​រយៈពេល​០៦​ថ្ងៃ​)​ ។​

​ដោយឡែក​ កាលពី​ថ្ងៃ​ទី​០២​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​ លោក​ចៅក្រម​ ម៉ែ​ន​ វណ្ណៈ​ បាន​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ដាក់​ពន្ធនាគារ​លើ​ជន​ត្រូវ​ចោទ​ចំនួន​២​នាក់​ គឺ​ ៖​ ១-​កញ្ញា​ យ៉ុ​ង​ លាភ​ ជា​បុគ្គលិក​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​២-​លោក​ ទូច​ ស្រ៊ុ​ន​ ជា​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​សេរី​(​ខេ​ម​បូ​ឌា​)​ ហ្គា​ម៉ិ​ន​ ខូ​អិ​ល​ធី​ឌី​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ និង​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ ប្រព្រឹត្ត​នៅ​ភូមិ​ចំបក់​ ឃុំ​វ​ល្លិ៍​ស​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ នា​ថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​២០១៦​ ។​

​ប្រភព​ព័ត៌មាន​ពី​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​០៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ មេធាវី​ការពារ​ក្តី​ឲ្យ​ជន​ត្រូវ​ចោទ​ឈ្មោះ​ យ៉ុ​ង​ លាភ​ និង​ឈ្មោះ​ ទូច​ ស្រ៊ុ​ន​ បាន​ដាក់​ពាក្យ​ជា​ផ្លូវការ​គោរព​ជូន​លោក​ចៅក្រម​ស៊ើបសួរ​ ស្នើ​សុំ​ឲ្យ​ដោះ​លែង​ជន​ត្រូវ​ចោទ​ទាំង​២​នាក់​បាន​នៅ​ក្រៅ​ឃុំ​ ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ទី​០៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ មិន​មានការ​សម្រេច​ណាមួយ​ជា​វិជ្ជមាន​ពី​សំណាក់​លោក​ ម៉ែ​ន​ វណ្ណៈ​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​នៅឡើយ​ ជា​ហេតុ​ធ្វើ​ឲ្យ​លោក​មេធាវី​ការពារ​ក្តី​ឲ្យ​ជន​ត្រូវ​ចោទ​ទាំង​២​នាក់​សម្រេច​ដាក់​ពាក្យបណ្តឹង​ ចុះ​ថ្ងៃ​ទី​០៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ គោរព​ជូន​ឯកឧត្តម​ប្រធាន​សភា​ស៊ើបសួរ​នៃ​សាលាឧទ្ធរណ៍​ ស្នើ​សុំ​ឲ្យ​ដោះ​លែង​ជន​ត្រូវ​ចោទ​នៅ​ក្រៅ​ឃុំ​ ដែល​ជា​ការ​សម្រេច​ជំនួស​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ ។​

​លោក​ កៅ​ ទី​ ដែល​ជា​មេធាវី​ការពារ​ក្តី​ឲ្យ​ជន​ត្រូវ​ចោទ​ឈ្មោះ​ យ៉ុ​ង​ លាភ​ និង​ឈ្មោះ​ ទូច​ ស្រ៊ុ​ន​ បាន​មាន​ប្រសាសន៍​ប្រាប់​សារព័ត៌មាន​ដើម​ត្នោត​ តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ម្សិលមិញ​ឲ្យ​ដឹង​ថា​ លោក​ទើប​ទទួល​បានការ​ឆ្លើយ​តប​ពី​លោក​ចៅក្រម​ស៊ើបសួរ​នា​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ដែល​សម្រេច​ច្រានចោល​ពាក្យសុំ​ចុះ​ថ្ងៃ​ទី​០៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ របស់​លោក​ ស្នើ​ឲ្យ​ដោះ​លែង​ជន​ត្រូវ​ចោទ​នៅ​ក្រៅ​ឃុំ​ ។​ លោក​មេធាវី​ កៅ​ ទី​ បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា​ ការ​ឆ្លើយ​តប​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​មានការ​យឺតយ៉ាវ​ ទើប​កាលពី​ថ្ងៃ​ទី​០៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ លោក​បាន​ដាក់​ពាក្យបណ្តឹង​គោរព​ជូន​ឯកឧត្តម​ប្រធាន​សភា​ស៊ើបសួរ​នៃ​សាលាឧទ្ធរណ៍​ ស្នើ​សុំ​ឲ្យ​ដោះ​លែង​ជន​ត្រូវ​ចោទ​ទាំង​២​នាក់​បាន​នៅ​ក្រៅ​ឃុំ​ ដែល​ជា​ការ​សម្រេច​ជំនួស​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ ស្រប​តាម​មាត្រា​២១៧​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ជន​ត្រូវ​ចោទ​ចំនួន​៥​នាក់​បម្រើ​ការងារ​នៅ​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​ មិន​គោរព​សេចក្តីសម្រេច​របស់​តុលាការ​ និង​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ (​ចំនួន​៤​បទល្មើស​)​ ត្រូវ​បាន​លោក​ចៅក្រម​ ម៉ែ​ន​ វណ្ណៈ​ សម្រេច​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ បន្ទាប់​ពី​ឃុំខ្លួន​បណ្តោះអាសន្ន​អស់​រយៈពេល​០៦​ថ្ងៃ​ ប៉ុន្តែ​ចំពោះ​ករណី​ជន​ត្រូវ​ចោទ​ចំនួន​២​នាក់​ និង​មាន​ម្នាក់​ជា​ស្ត្រី​ផង​ ជា​បុគ្គលិក​ និង​ជា​ថ្នាក់ដឹកនាំ​សហជីព​សេរី​កម្មករ​ ក្រោម​ការ​ចោទប្រកាន់​ត្រឹម​ចំនួន​ពីរ​បទល្មើស​(​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ និង​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ ខណៈ​របាយការណ៍​របស់​ប៉ូលិស​បញ្ជាក់​ថា​ មិន​មាន​បង្ក​របួស​ស្នាម​អ្វី​ទេ​)​ ព្រមទាំង​មិនមែន​ជា​បទល្មើស​ជាក់ស្តែង​ទៀត​ផង​ បែរជា​លោក​ចៅក្រម​ ម៉ែ​ន​ វណ្ណៈ​ មិន​អនុញ្ញាត​ដោះ​លែង​ជន​ត្រូវ​ចោទ​ឲ្យ​នៅ​ក្រៅ​ឃុំ​ តាម​សំណើ​របស់​មេធាវី​ការពារ​ក្តី​ជន​ត្រូវ​ចោទ​ទៅ​វិញ​ បន្ទាប់​ពី​ជន​ត្រូវ​ចោទ​បាន​ជាប់​ឃុំខ្លួន​អស់​រយៈពេល​១១​ថ្ងៃ​ហើយ​ ។​ នេះ​គឺជា​ព័ស្តុតាង​មួយ​បង្ហាញ​ថា​ ជា​ឆន្ទានុសិទ្ធិ​មិន​ប្រក្រតី​របស់​លោក​ចៅក្រម​ ម៉ែ​ន​ វណ្ណៈ​ ។​

​លោក​ ម៉ែ​ន​ វណ្ណៈ​ ជា​សិស្ស​ចៅក្រម​ជំនាន់​ទី​៣​សាលា​ភូមិន្ទ​ចៅក្រម​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ បាន​បំពេញ​កម្មសិក្សា​បម្រើ​ការងារ​ជា​ចៅក្រម​កម្មសិក្សា​នៅ​សាលាដំបូង​ខេត្តស្ទឹងត្រែង​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨០៩/៧៨៨​ ចុះ​ថ្ងៃ​ទី​០៤​ ខែសីហា​ ឆ្នាំ​២០០៩​ និង​ត្រូវ​បាន​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​អង្គចៅក្រម​ បម្រើ​ការងារ​ជា​ចៅក្រម​សាលាដំបូង​ខេត្តស្ទឹងត្រែង​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០១០/៨៣៣​ ចុះ​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០១០​ ។​ ក្រោយមក​ លោក​ចៅក្រម​រូប​នេះ​ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ឲ្យ​មក​បម្រើ​ការងារ​ជា​ចៅក្រម​សាលាដំបូង​ខេត្តឧត្តរមានជ័យ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១១/៦៩៥​ ចុះ​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០១១​ ។​ តម​ក​ទៀត​ លោក​ចៅក្រម​ ម៉ែ​ន​ វណ្ណៈ​ ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១៥/៧៣៣​ ចុះ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០១៥​ ទល់​បច្ចុប្បន្ន​នេះ​ ៕​

ឆន្ទានុសិទ្ធិ​មិន​ប្រក្រតី​របស់​កំពូល​ចៅក្រម​ និង​ជា​អនុប្រធាន​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ម្នាក់​ ក្នុង​រឿង​ឃុំខ្លួន​ និង​ដោះ​លែង​ជន​ត្រូវ​ចោទ​

Related