ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

​ខេត្ត​ព្រៃវែង ៖ ​ក្មេង​​ស្ទាវ​​​២ក្រុម ដែល​១ក្រុម​​មាន​គ្នា​៤នាក់​​រស់​​នៅ​ឃុំ​សំបួរ​ស ស្រុក​ពាម​ជរ ​ខេត្ត​ព្រៃវែង ​ចំណែក​១ក្រុម​ទៀត​​ ​មាន​គ្នា​៤នាក់​​ដូច​គ្នា រស់​​​នៅភូមិ​ថ្មី ឃុំ​ពាម​រាំង ស្រុក​លើក​ដែក ​ខេត្ត​កណ្តាល​ ​បាន​​ផ្ទុះ​ហិង្សា​​​​ពេលរាំង​​​​ធុង​បាស់ឈាន​ទៅ​​​​វាយ​​​កាប់​ចាក់​​គ្នា​បណ្តាល​ឱ្យ​​រងរបួស​សង​ខាង កាលពី​​វេលា​ម៉ោង​​៤​និង​៣០នាទី​​ល្ងាចថ្ងៃទី​១០ កុម្ភៈ ​២០១៦ ​នៅ​ចំណុច​ដី​ដុះ ស្ថិតនៅ​ភូមិ​សាមគ្គី ​ឃុំ​ស្វាយ​ភ្លោះ ស្រុក​ពាម​​ជរ ។​

ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា ​ក្មេង​​​ស្ទាវ​​​​ក្រុម​ទី១ ​ដែល​​រង​របួស​ទាំង​៤នាក់ មាន ១-​ឈ្មោះ  អ៊ួន សាវិន អាយុ​២៣​ឆ្នាំ ​២-​ឈ្មោះ ​រុន កុសល អាយុ​១៩​ឆ្នាំ ​៣-​ឈ្មោះ ​ឃឿន ណាក់ អាយុ​២១​ឆ្នាំ និង​៤-ឈ្មោះ លន់ ណាក់ អាយុ​២១​ឆ្នាំ ទាំង​៤នាក់​​រស់​នៅ​ខេត្ត​ព្រៃវែង ។ ចំណែក ក្មេង​ស្ទាវ​ក្រុម​ទី​​២​ដែល​​រង​របួស​​ទាំង​៤នាក់ មាន​ ​១-ឈ្មោះ ជឹម នឿន អាយុ​២៩​ឆ្នាំ ​២-ឈ្មោះ​ សួស សុភាព អាយុ​១៨​ឆ្នាំ ៣-​ឈ្មោះ អឿន សុវ៉ាន់ អាយុ​៣០​ឆ្នាំ ​និង​៤-ឈ្មោះ ​ខៃ ​ធារ៉ា អាយុ​១៧​ឆ្នាំ ​ទាំង​៤នាក់​រស់​នៅ​ខេត្ត​កណ្តាល​ ។​

​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ​មូល​ហេតុ​បណ្តាល​មក​ពី​​​ក្រុម​​ក្មេង​ស្ទាវ​​ទាំង​២ក្រុម ពេល​រាំ​ធុង​បាស់​​ជាន់​​ជើង​គ្នា ​ហើយ​​ឈ្មោះ​ ខៃ ធារ៉ា ​​​​ស្ថិត​នៅ​ក្នុង​ក្រុម​ស្ទាវ​ទី២ ស្ទុះ​ទៅ​វាយ​​​​ក្មេង​ស្ទាវ​ក្រុម​ទី១ រួច​​រត់​ចេញ​ពី​​រាំ បង្ក​ទៅ​ជា​ជម្លោះ​វាយ​កាប់​ចាក់​គ្នា​​​បណ្តាល​ឱ្យ​​មាន​របួស​​ទាំង​សង​ខាង​តែ​ម្តង ។

​ក្រោយ​កើត​ហេតុ ​​​ឈ្មោះ ​ខៃ ធារ៉ា ​​​​​ត្រូវ​សមត្ថកិច្ច​​ឃាត់​ខ្លន​បញ្ជូន​ទៅ​អធិការ​ដ្ឋាននគរបាល​ស្រុក​ពាម​ជរ ​​ដើម្បី​ចាត់​ការ​​តាម​ផ្លូវ​ច្បាប់​បន្ត ៕