ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តត្បូងឃ្មុំ ៖ ​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន បានមានប្រសាសន៍ថា ​"បច្ចុប្បន្ននេះ​ រាជរដ្ឋាភិបាលកម្ពុជាកំពុង​ប្រែក្លាយទៅជារដ្ឋាភិបាល​បែបអេឡិចត្រូនិច (E-Government)​ ដើម្បីសម្រួលការងារ ​និងដោះស្រាយបញ្ហាផ្សេងៗ​តាមបច្ចេកវិទ្យាព័ត៌មានអោយកាន់​តែមានភាពងាយស្រួលឆាប់រហ័ស​ និងមានប្រសិទិ្ឋភាពខ្ពស់ ​ជាក់ ស្ដែងដូចជា​ក្រសួងពាណិជ្ជកម្មបច្ចុប្បន្ន ​ គឺកំពុងប្រើប្រាស់នូវបច្ចេកវិទ្យានេះ​ ​ ដើម្បីសម្រួលដល់ការចុះបញ្ជីពាណិជ្ជកម្ម​ដល់ក្រុមហ៊ុននានា​បានរហ័ស និងមានតម្លាភាព ដោយមិនចាំបាច់ឆ្លង​កាត់បុគ្គលិកច្រើន​នាក់នោះទេ"។

សម្តេចតេជោ ​ហ៊ុន សែន ​មានប្រសាសន៍ខាងលើបែបនេះ​ បានធ្វើឡើងនៅព្រឹកថ្ងៃទី១១​ កុម្ភៈ ២០១៦ ​ក្នុងឱកាសសម្តេចអញ្ជើញ​ជាអធិបតីសម្ពោធ​ដាក់ឲ្យដំណើរការ​ជាផ្លូវការនូវ​សាកលវិទ្យា​ ហេង សំរិន ត្បូងឃ្មុំ ​ស្ថិតក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ។​ សម្តេចតេជោក៏បានបញ្ជាក់ផងដែរថា ​ការប្រើប្រាស់ទំព័រ Facebookសម្តេចសព្វថ្ងៃនេះ​ គឺមិនមែនដើម្បីប្រកួត​ប្រជែងជាមួយនរណាម្នាក់នោះទេ ​គឺសម្រាប់តែដោះស្រាយ ​ពន្លឿនការងារជូនប្រជាពលរដ្ឋ​អោយកាន់តែមានប្រសិទ្ធភាព។ តាមរយៈទំព័រ ​Facebook នេះ ​សម្តេចតេជោ បានទទួលការរាយការណ៍សំណូមពរ និងពាក្យបណ្តឹង​ ដោយផ្ទាល់ពីប្រជាពលរដ្ឋ ​ហើយបញ្ហាមួយចំនួនគឺ​ សម្តេចដោះ​ស្រាយ​បានភ្លាមៗ​ និងមួយចំនួនទៀតគឺបានបញ្ជូន​ទៅក្រសួង និងស្ថាប័នពាក់ព័ន្ឋ​នានា ដើម្បីដោះស្រាយ​ជូនប្រជាពលរដ្ឋបានឆាបរហ័សបំផុត ​មិនដូចការវិភាគលើក​ឡើង​របស់​បុគ្គលមួយចំនួន​ដែលតាំងខ្លួនជាមហាអ្នកវិភាគ​ដែលតែងតែវិភាគវាយប្រហារមកលើសម្តេចតេជោ ​ទោះបីលោកខិតខំដើម្បីជំរុញ​ការកសាងប្រទេសជាតិ​អោយ​កាន់តែរីកចម្រើន​យ៉ាងណាក៏ដោយ ៕