ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​​ខេត្ត​ព្រះ​សីហនុ ៖ តាម​របាយការណ៍​​ពី​លោក​វរសេនីយ៍ឯក ស៊ា​ង ឡេ​ង ប្រធាន​នគរបាល​ប៉ុស្តិ៍​ច្រក​ទ្វារ​កំពង់​ផែ​អន្តរជាតិខេត្ត​ព្រះ​សីហ​នុ បាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង៦ និង៣០នាទីព្រឹក​ថ្ងៃ​ទី១១ ​កុម្ភៈ ​​នេះ មាន​នាវា​ខ្នាត​យក្ស​ដឹក​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​១.៣៤១​នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន៧៣២នាក់ និង​មាន៣៨សញ្ជាតិ​ផ្សេង​គ្នា មក​ពី​ប្រទេស​វៀតណាម​ ក្រោយ​ពេល​ចូល​ចត នឹងចេញដំណើរ​ឆ្ពោះទៅ​ប្រទេស​ថៃ​ នា​វេលា​ម៉ោង៥​ល្ងាច​ថ្ងៃខែ​ដដែល​​នេះ ។

​លោក ស៊ា​ង ឡេ​ង បាន​បញ្ជាក់​ឱ្យ​ដឹង​ថា នាវា​ខាងលើ​នេះ មាន​នា​វឹក​ចំនួន៦០៩នាក់ ​ក្នុង​នោះ​នា​វឹក​ស្រី​មាន​ចំនួន៨៧នាក់ នាវា​នេះ​ឈ្មោះ VOLENDAM សញ្ជាតិ NETHERLAND មាន​បណ្តោយ​ប្រវែង​២៣៧,៩ម៉ែត្រ និង​មាន​ទទឹង​ប្រវែង​៣៤,៤៥ម៉ែត្រ ​មាន​​ជម្រៅ​ទឹក៨ម៉ែត្រ ​។ ​ភ្ញៀវ​ទេសចរ​​​​ដែល​មាន​សញ្ជាតិ​​ច្រើន​ជាងគេ​នៅ​លើ​នាវា ​មាន​ ជន​ជាតិ​អា​មេ​រិ​ក ជន​ជាតិ​កា​ណា​ដា ​និងជន​ជាតិ​​អង់គ្លេស ។

នៅ​ក្នុង​ការ​ចូល​ចត​នាវា​ខាងលើ​នេះ​ មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ប៉ុស្តិ៍​ច្រកចូល​កំពង់​ផែ​អន្តរជាតិ​ខេត្ត​​ ដោយ​អនុវត្តទៅ​តាម​ការ​ណែនាំ​ចង្អុលបង្ហាញ​ពី​អគ្គស្នងការ​នគរ​បាល​អន្តោប្រវេសន៍ ក៏​ដូច​ជា​ការ​អនុវត្ត​ទៅ​តាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ជា​ប្រមុខ​ដឹកនាំ ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន ជា​នាយក​​រដ្ឋមន្ត្រី ​ក្នុង​យុទ្ធសាស្ត្រ​បើកចំហជើងមេឃ​លើ​វិស័យ​ទេសចរណ៍​ទាំង​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស ​។ លោក​បន្ថែម​ទៀត​ថា ប្រមុខ​រាជរដ្ឋាភិបាល​បាន​ផ្តោត​យ៉ាង​សំខាន់​ទៅ​លើ​វិស័យ​ទេសចរណ៍ ហើយ​បាន​ចាត់​ទុកវិស័យ​ទេសចរណ៍​ ជា​ឧស្សាហកម្ម​គ្មាន​ផ្សែង ដែល​ទទួល​បាន​ថវិកា​យ៉ាង​សន្ធឹកសន្ធាប់​ពី​កំណើន​នៃ​ភ្ញៀវ​ទេសចរ​ដូច​ជាការ​ផ្តល់​ឱកាស​ការងារ​ជា​ច្រើន​មុខ​ដល់​ប្រជាពលរដ្ឋ​ដែល​ទាក់ទង​ទៅ​នឹង​ការងារ​ទេសចរណ៍ ដែល​អាច​លើក​កម្ពស់​​ជីវភាព​របស់​ប្រជាពលរដ្ឋ​​ឱ្យ​​កាន់តែ​បាន​ល្អ​ប្រសើរ​។

ជាមួយ​គ្នា​នេះ​​​ដែរ​ មន្ត្រី​នគរបាល​ប៉ុស្តិ៍​ខាងលើ បាន​ខិតខំ​យ៉ាង​យកចិត្តទុកដាក់​ក្នុង​ការ​បម្រើ​សេវា​ផ្សេង​ៗ ​ដូច​ជា​ ការ​បំពេញ​បែប​ប​បទ​បន្ថែម​ទៅ​លើ​ឯកសារ​បើកផ្លូវ​ជូន​ដល់​ភ្ញៀវ​ទេសចរ​​បាន​ទាន់​ពេលវេលា​ ។ ក្នុង​នោះ​ មន្ត្រី​នគរបាល​ទាំងអស់​បាន​គិតគូរ​យ៉ាង​ល្អិតល្អន់​ទៅ​លើ​ការ ការពារ​សុវត្ថិភាព នៃ​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ​ផង​ដែរ ​។ នៅ​ក្នុង​ឱកាស​នាវា​ទេសចរណ៍​បាន​ចូល​ចត ភ្ញៀវ​អន្តរជាតិ​ដែល​ធ្វើ​ដំណើរ​មក​តាម​នាវា បាន​ធ្វើ​ដំណើរ​ចេញ​ទៅ​​កម្សាន្ត​​នៅ​តាម​រមណីយដ្ឋាន​នៅ​តំបន់ឆ្នេរ​ នៅ​ទីប្រជុំ​កោះ នៅ​ក្នុង​ខេត្ត តាម​ទី​វត្ត​អារាម គ្រឹះស្ថានសិក្សា​នានា ដើម្បី​បាន​ស្វែង​យល់​ពី​ប្រពៃណី ទំនៀម​ទម្លាប់​ វិស័យ​ព្រះពុទ្ធ​សាសនា ជា​ពិសេស​ បានឃើញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍដែល​ជា​សមិទ្ធផល​របស់​អាជ្ញាធរ​ខេត្តនា​ពេល​បច្ចុប្បន្ន ក្រោម​កិច្ច​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ៕