សង្គមស៊ីវិល ស្នើឲ្យប្រមុខ រដ្ឋាភិបាល លើកអំពីក្តី ព្រួយបារម្ភ របស់ប្រជាជន ចំពោះការអភិវឌ្ឍន៍ ទំនប់វារីអគ្គិសនី ដនសាហុង នៅក្នុងកិច្ច ប្រជុំកំពូល ពិសេសអាស៊ាន-សហរដ្ឋអាមេរិក

ភ្នំពេញ៖ ក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការរួមគ្នា ដើម្បីភាពប្រសើរឡើង នៃធនធានធម្មជាតិនិង ការរស់នៅរបស់ប្រជាជន តាមតំបន់ទន្លេមេគង្គ បានបង្ហាញពីការ ខកចិត្តយ៉ាងខ្លាំង ចំពោះការអនុម័ត របស់សភាជាតិ នៃសាធារណៈ រដ្ឋប្រជាមានិតឡាវ លើកិច្ចសន្យាសម្បទាន របស់គម្រោងសាងសង់ទំបន់ វារីអគ្គិសនីដនសាហុង និងមានការព្រួយបារម្ភ ចំពោះមហន្តរាយជីវចម្រុះ ធនាធានជលផលនៅ ក្រោយគម្រោងនេះកើតឡើង។

វេទិកានៃអង្គការមិនមែន រដ្ឋាភិបាលស្តីពីកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានជួបជុំគ្នាជាមួយអង្គការសមាជិក ភាពរបស់ខ្លួនមួយចំនួនទៀត ធ្វើសន្និសីទ សារព័ត៌មានបង្ហាញ អំពីក្តីព្រួយបារម្ភរបស់ប្រជាជន ក្នុងតំបន់ទន្លេមេគង្គ ចំពោះការអភិវឌ្ឍន៍ ទំបន់វារីអគ្គិសនី ដនសាហុងប្រទេសឡាវ និងការអភិវឌ្ឍន៍ ទំនប់វារី អគ្គិសនីលើតួមេ នៃដងទន្លេមេគង្គ និងបានធ្វើលិខិតស្នើសុំដាក់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី លោកលី លួងមិញ អគ្គលេខធិការអាស៊ាន និងលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី នៃសហរដ្ឋអាមេរិក ដោយសុំឲ្យពិចារណា និងលើកឡើងពីការ ព្រួយបារម្ភនេះ នៅក្នុងកិច្ចប្រជុំពិសេស អាស៊ាន-សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៥ដល់១៦ កុម្ភៈ២០១៦ នៅទីក្រុងសាន់នីលែន ទីក្រុងរ៉េនចូលមីរេច និងរដ្ឋកាលីហ្វូ័រញ៉ា សហរដ្ឋអាមេរិក។

នៅក្នុងលិខិតស្នើសុំខាងលើ សម័្ពន្ធទន្លេកម្ពុជា តំណាងសហគមន៍ទន្លេមគង្គ និងបឹងទន្លេសាប ដែលធ្វើការរួមគ្នាជាមួយអង្គការជាតិ និងអន្តរជាតិ ដើម្បីការពារប្រព័ន្ធ អេកូឡូស៊ីទន្លេ និងជីវភាពរស់នៅរបស់ប្រជាជនដែលពឹងផ្អែក លើធនធានធម្មជាតិ បានជម្រាបជូនប្រមុខដឹកនាំ ដ៏សំខាន់ៗទាំង៣ថា “យើងខ្ញុំមានការព្រួយបារម្ភ យ៉ាងខ្លាំងអំពីការសាងសង់ទំបន់ វារីអគ្គិសនីដនសាហុង ដែលមានទីតាំងនៅក្នុងតំបន់ល្បាក់ខោន មានចំងាយតិចជាង២គីឡូម៉ែត្រ ពីព្រំប្រទល់កម្ពុជា-ឡាវ ។ តាមរយៈការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ត ជាច្រើនបានបង្ហាញពីផលប៉ះពាល់ ជាអវិជ្ជមានយ៉ាងខ្លាំងរបស់គម្រោងសាសង់ទំបន់វារីអគ្គិសនី ដនសាហុង និងទំនប់ផ្សេងៗទៀត នៅលើតួមេនៃទន្លេមេគង្គ មកលើសន្តិសុខស្បៀងរបស់ប្រជាជន ប្រមាណ៦០លាននាក់ដែលពឹង អាស្រ័យលើធនធានទន្លេមេគង្គ”។

ជាមួយគ្នានោះ ពួកគេបានផ្ញើជូននូវសេចក្តីថ្លែងការណ៍ របស់ប្រជាជនទន្លេមេគង្គ និងសម្ព័ន្ធទន្លេកម្ពុជា រួមទាំងរបាយការណ៍ ជាច្រើនទៀត ដែលបង្ហាញពីផល ប៉ះពាល់ ដែលអាចកើតចេញពីការអភិវឌ្ឍន៍គម្រោងទាំងនោះ ដើម្បីជូនសម្តេចជ្រាបនិងមានអំណះអំណាង គ្រប់គ្រាន់សម្រាប់ពិនិត្យ និងពិចារណា ហើយពួកគេក៏ បានធ្វើលិខិត ដូចគ្នានេះដែរចំនួន២ ដាច់ដោយឡែក ដាក់ទៅអគ្គលេខាធិការអាស៊ាន និង ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយសុំឲ្យលើកឡើង ឬដាក់បញ្ចូលរបៀប វារៈនេះ ទៅក្នុងកិច្ចប្រជុំពិសេស អាស៊ាន-សហរដ្ឋអាមេរិកនោះផងដែរ៕

សង្គមស៊ីវិល ស្នើឲ្យប្រមុខ រដ្ឋាភិបាល លើកអំពីក្តី ព្រួយបារម្ភ របស់ប្រជាជន ចំពោះការអភិវឌ្ឍន៍ ទំនប់វារីអគ្គិសនី ដនសាហុង នៅក្នុងកិច្ច ប្រជុំកំពូល ពិសេសអាស៊ាន-សហរដ្ឋអាមេរិក

សង្គមស៊ីវិល ស្នើឲ្យប្រមុខ រដ្ឋាភិបាល លើកអំពីក្តី ព្រួយបារម្ភ របស់ប្រជាជន ចំពោះការអភិវឌ្ឍន៍ ទំនប់វារីអគ្គិសនី ដនសាហុង នៅក្នុងកិច្ច ប្រជុំកំពូល ពិសេសអាស៊ាន-សហរដ្ឋអាមេរិក